កម្ពុជា ស្នើថៃ ៤ចំនុចដើម្បីជួយពលករខ្មែរ អំឡុងកូវីដ១៩

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តម​ អ៊ូក សោភ័ណ​ ឯកអគ្គរាជទូត អម​ដោយ​មន្ត្រីការទូតកម្ពុជា នា​ព្រឹក​ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បានចូលជួបសម្តែងការគួរសម និងជួបប្រជុំការងារជាមួយឯកឧត្តម សុឆាត ឈុំគ្លិន រដ្ឋមន្ត្រីក្រសួងការងារថៃ នៅទីស្តីការក្រសួងការងារថៃ និងមានការចូលរួមពីក្រសួងពាក់ព័ន្ធ អាជ្ញាធរខេត្ត ស្រុករបស់ថៃ។ ស្ថានទូតបានស្នើសុំ៤ចំនុចទៅរដ្ឋមន្ត្រីក្រសួងការងារថៃ ដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១-ស្នើសុំភាគីថៃជួយសម្រួលដល់ពលករកម្ពុជាដែលបានដំណើរការចូលមកធ្វើការក្នុងប្រទេសថៃតាមប្រពន្ធ័MoU ប៉ុន្តែមិនទាន់បានដំណើរការឯកសាររួចរាល់ ដោយសារតែបញ្ហាវិបត្តជំងឺកូវីដ១៩ អាចស្នាក់នៅ និងធ្វើការបណ្តោះអាសន្ននៅថៃសិន និងរង់ចាំក្រសួងការងារថៃបើកឲ្យដំណើរការឯកសារ MoU ឡើងវិញ ។

២-ស្នើសុំបញ្ចុះតម្លៃទិដ្ឋាការស្នាក់នៅ ពី១, ៩០០បាត ក្នុង១ឆ្នាំ ទៅតម្លៃ ៥០០បាត សម្រាប់រយៈពេល២ឆ្នាំ ដល់ពលករខ្មែរ។

៣-ស្នើសុំសម្រួលបើកឱ្យនាំចូលពលករបរទេសចូលមកធ្វើការក្នុងប្រទេសថៃតាមប្រព័ន្ធ MOU ដោយបន្ធូរបន្ថយការចំណាយលើថ្លៃចត្តាឡីស័កចំនួន ១៤ថ្ងៃ។

៤-ស្នើសុំការនាំពលករចូលមកធ្វើការនៅខេត្តចាន់ថាក់បុរី ដើម្បីប្រមូលផលផ្លែមៀន ដោយឱ្យសមាគមន៍ និងនិយោជក ជាអ្នកទទួលបន្ទុកលើចំណាយក្នុងការចត្តាឡីស័ក ១៤ថ្ងៃ ដោយវគ្គដំបូងនឹងនាំពលករចំនួន ១,០០០នាក់ ដែលប្រើប្រាស់ប័ណ្ណព្រំដែន (border pass)។

ភាគីថៃបានឆ្លើយតប និងស្នើ:

-ភាគីថៃនឹងពិភាក្សាផ្ទៃក្នុងបន្ទាន់លើចំនុចទាំង៤ ខាងលើ និងជម្រាបមកភាគីកម្ពុជាវិញឲ្យបានឆាប់ ។

-ស្នើឲភាគីកម្ពុជាជួយពន្លឿនបញ្ជូនពលករចំនួន ១,០០០នាក់ ដែលប្រើប័ណ្ណព្រំដែន ចូលតាមច្រកបានឡែម ខេត្តចាន់ថាក់បុរី និងច្រកដូង ខេត្តបាត់ដំបង៕

ប្រភព៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ