រដ្ឋមន្រ្តីក្រសួងបរិស្ថានលើក​ទឹក​ចិត្ត​ឱ្យអ្នកថតរូបបន្តផ្តិតយករូបភាពស្អាតៗតាមតំបន់ការពារធម្មជាតិ នៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តដល់អ្នកថតរូបទាំងអស់ បន្តចូលរួមផលិតរូបភាពស្អាតៗ នៅតាមតំបន់ការពារធម្មជាតិនានានៅប្រទេសកម្ពុជា ដើម្បីជាការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថានបែបនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកថតរូបមេត្រីភាពបរិស្ថាន រៀបចំឡើង នាល្ងាចថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២ ខែតុលា ឆ្នាំ២០២០ នាអគារ«ខេមរានី» ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

ក្នុងឱកាសជួបសំណេះសំណាលនេះដែរ ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណដល់អ្នកថតរូបទាំងអស់ ដែលបានលះបង់កំលាំងកាយចិត្តពេលវេលានិងថវិកាដើម្បីជួយផ្សព្វផ្សាយពីសក្ដានុពលដ៏អស្ចារ្យនៃប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា នេះជាការបង្ហាញពីស្មារតីស្នេហាជាតិមួយ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា ដែលពោពេញដោយសមត្ថភាព និងទេពកោសល្យ តាមរយៈការផលិតនូវរូបភាពស្អាតប្រណិត ដើម្បីបង្ហាញបន្តជូនប្រជាពលរដ្ឋកម្ពុជា ឱ្យបានឃើញពីភាពអស្ចារ្យនៃសម្រស់តំបន់ធម្មជាតិរបស់កម្ពុជា។

លើសពីនេះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា តាមរយៈរូបភាពកន្លងមករបស់អ្នក​ថតរូបកម្ពុជា ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ ក្នុងការជួយផ្សព្វផ្សាយពីសក្តានុពល​ធម្មជាតិជូនសារធារណជន ហើយសកម្មភាពនេះក៏បានបង្ហាញពីការចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានល្អប្រសើរ ដោយផ្តោតលើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

ក្នុងកម្មវិធីដដែលនេះ ឯកឧត្តម សាយ សំអាល់ ក៏បានបញ្ជាក់ដែរថាក្រសួងនឹងពង្រឹងកិច្ចការងារអភិរក្សតំបន់ការពារធម្មជាតិ ឱ្យកាន់តែប្រសើរតាមរយៈមន្រ្តីឧទ្យានុរក្ស ហើយឯកឧត្តមក៏សំណូមពរឱ្យប្រជាពលរដ្ឋគ្រប់រូបបង្ហាញភាពស្រឡាញ់ចំពោះតំបន់ការពារធម្មជាតិរបស់យើង និងចូលរួមការពារធនធានធម្មជាតិទាំងអស់គ្នា។

សូមបញ្ជាក់ថា នៅក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកថតរូបមេត្រីភាពបរិស្ថាន នាពេលនេះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រគល់ជូនបណ្ណសរសើរមេត្រីភាពបរិស្ថាន ជូនដល់អ្នកថតរូប ដែលបានលះបង់កំលាំងកាយចិត្តពេលវេលានិងថវិកា ដើម្បីជួយផ្សព្វផ្សាយសម្រស់ធម្មជាតិនៃប្រទេសកម្ពុជាមួយចំនួន និងបានពិសាអាហារសាមគ្គីរួមគ្នាផងដែរ៕

ប្រភព៖ ក្រសួងបរិស្ថាន