ឯកឧត្ដម​ កុយ​ ស៊ីឌឿន​​និង​លោកជំទាវ​នាំ​យក​អំណោយ ​ ១០,០០០​ដុល្លារ​​ជូន​កាកបាទក្រហមកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

នៅ​រសៀលថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែតុលា ឆ្នាំ​២០២០នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួលអំណោយជាថវិកាចំនួន​ ១០,០០០ដុល្លារ​ (មួយម៉ឺនដុល្លារអាមេរិក) ពី​ឯកឧត្តម​ កុយ​ ស៊ីឌឿន​ និងលោកជំទាវ​ ហួត​ សុភាព (ក្រុមហ៊ុន​ ឌីភីប៊ីយូធី​ និងវិទ្យុឌីភី)​ ដែលកម្មវិធី​នេះ​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍​​របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម​ កុយ​ ស៊ីឌឿន​ និងលោកជំទាវ​ ព្រម​ទាំង​ក្រុម​គ្រួសារ​ ដែលបាននាំយកថវិកាមកឧបត្ថម្ភជាបន្តបន្ទាប់ដល់កាកបាទក្រហមកម្ពុជា សម្រាប់​ប្រើ​ប្រាស់​ក្នុង​ករណីចាំបាច់​ ជា​ពិសេស​ក្នុងស្ថានភាពគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តមួយ​ចំនួននៃ​ព្រះរាជាណាចក្រ​កម្ពុជា។


ឆ្លើយ​តបនឹងគ្រោះទឹកជំនន់ដែលកំពុងយាយីនាពេលបច្ចុប្បន្ននេះ ​លោក​ជំទាវ​ អគ្គលេខាធិការ​រង​ទី១ បាន​គូស​បញ្ជាក់ថា កាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈ រួម​ជាមួយ​ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាន​និង​កំពុង​ប្រើ​ប្រាស់​នូវកម្លាំងសរុប មធ្យោបាយសរុប ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់ និង​ទៅ​ដល់​ទីទួលសុវត្ថិភាព។ ក្រៅពីការជួយសង្គ្រោះប្រជាពលរដ្ឋដល់ទីទួលសុវត្ថិភាព កាក​បាទ​ក្រហម​កម្ពុជា ដែលមានកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត បាន​ធ្វើ​ការ​អប់រំផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យបង្កើនការប្រុងប្រយ័ត្ន និងរស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិនឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។


ឯកឧត្ដម​ កុយ​ ស៊ីឌឿន​ បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា​ ដែលមាន​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន ដែលបានអនុញ្ញាតឱ្យចូលរួមចំណែកការងារមនុស្សធម៌ និង​ចែករំលែកក្តីស្រឡាញ់ជាមួយកាកបាទក្រហមកម្ពុជា ក្នុង​ការ​ជួយ​សម្រាល​ការ​លំបាក​ដល់​អ្នក​ដែល​ត្រូវ​ការជំនួយជាចាំបាច់ ជាពិសេស​អ្នក​ដែលរងគ្រោះដោយគ្រោះ​ទឹកជំនន់ និង​គ្រោះ​មហន្តរាយ​ផ្សេងៗ៕