លោក សឹង ចាតវិជ្ជា នាំអំណោយពីការលក់សៀវភៅរបស់ខ្លួន និងបងប្អូនចូលរួមបរិច្ចាគ ជូនកសិកររងគ្រោះជំនន់ទឹកភ្លៀង

Uncategorized សង្គម​និង​សេដ្ឋកិច្ច
21 Shares

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ លោក សឹង ចាតវិជ្ជា បាននាំអំណោយរបស់បងប្អូនចូលរួមនិងពីការលក់សៀវភៅរបស់លោក សៀវភៅ ការពិត “ស្តីពីគន្លឹះដែលអ្នកមានកាន់តែមាន ហើយអ្នកក្រកាន់តែក្រ” ថវិកាទាំងអស់ យកទៅបរិច្ចាគជូនកសិកររងគ្រោះលិចផលដំណាំស្រូវ នៅឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

នៅលើបណ្តាញសង្គម លោក សឹង ចាតវិជ្ជា បាននិយាយថា៖អំណោយរបស់បងប្អូនបានមកដល់ឃុំជ្រោយស្តៅ ជាង១០០គ្រួសារហើយខ្ញុំនឹងបន្តជាមួយអជ្ញាធរ ទៅឃុំអូរតាគី និងអន្លង់រុនបន្តទៀតដែលពួកគាត់បានឡើងមកតាំងលំនៅតាមផ្លូវជាតិលេខ៥ មួយចំហៀងផ្លូវហើយ។ 

សូមបញ្ជាក់ថា៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោក សឹង ចាតវិជ្ជាដែលគ្រប់គ្នាស្គាល់លោក តាមរយៈវីដេអូផ្សព្វផ្សាយលើបណ្តាញសង្គមស្តីពីការធ្វើអាជីវកម្ម និងនិយាយពីមេរៀនជីវិតបុគ្គលជោគជ័យទាំងក្នុងស្រុកនឹងក្រៅស្រុក ហើយលោកក៏ជាវាគ្មិនមួយរូបផងដែរ៕ លោកចាតវិជ្ជា បាននិយាយក្នុងវីដេអូប្រមាណជាង៣នាទី នៅតំបន់រងគ្រោះលិចលង់ដោយសារជំនន់ទឹកភ្លៀង ដែលឃើញរូបភាពលិចលង់តំបន់ដែលផលិតស្រូវច្រើនជាងគេបំផុតនៅកម្ពុជាគឺឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។ 

លោក សឹង ចាតវិជ្ជា បាននិយាយថា៖ “ខ្ញុំបានសម្រេចចិត្តថា ខ្ញុំហ្នឹងលក់សៀវភៅដើម្បីយកថវិកាទាំងអស់ជួយដល់បងប្អូន ដែលលិចលង់ដោយទឹកជំនន់ជាពិសេសគឺបងប្អូនកសិករ។

បងប្អូនដែលមានសទ្ធាអាចទិញសៀវភៅនិងចូលរួមជាថវិកាក៏បាន”។

លោក ចាតវិជ្ជា បានបន្តទៀតថា សម្រាប់ខ្ញុំមិនមែនអ្នកមានធនធានអីទេ ខ្ញុំមានបន្តិចបន្តួច ខ្ញុំប្រើចំណេះដឹងទាំងស្រុងដើម្បីធ្វើសប្បុរសធម៌។

នៅលើបណ្តាញសង្គមដដែរបានបង្ហោះថា៖ រូបភាពទាំងនេះ អាចមិនទាន់បង្ហាញពីការឈឺចាប់របស់អ្នកស្រែគ្រប់គ្រាន់នោះទេ ពីព្រោះខ្ញុំមិនទាន់បានចុះជួបម្ចាស់ដែលជាជនរងគ្រោះ តែបើបងប្អូនបានដឹងរឿងរ៉ាវនៅពីក្រោយដូចជា៖ 

-ការខ្ចីបំណុលគេមកធ្វើស្រែ 

-ការចំណាកស្រុកដើម្បីរកលុយបង់ធនាគារពេលធ្វើស្រែខាត 

-ពេលខ្លះធ្វើបានតែស្រូវថោកអត់មានកូតាកំណត់តម្លៃតាមតែមាត់ឈ្មួញ

-ប្រទេសកសិកម្មតែយើងមិនទាន់មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ

-និងរឿងរ៉ាវច្រើនទៀតដែលយើងមិនបានដឹងអំពីពួកគាត់។

21 Shares