មេធុរកិច្ចទីផ្សារបណ្ដាញ​អំពាវ​នាវ​ដល់​ក្រុមហ៊ុន​ដែលបើកអាជីវកម្ម​នៅ​កម្ពុជា បញ្ជូនសមាជិក​មក​ទទួល​ការ​បណ្ដុះ​បណ្ដាល​អំ​ពី​ធុរកិច្ច​ទីផ្សារ​បណ្ដាញ​គ្រប់​គ្នា​

សង្គម​និង​សេដ្ឋកិច្ច
117 Shares

លោកសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា បានអំពាវនាវដល់ ក្រុមហ៊ុនជាតិ-អន្តរជាតិដែលបើកអាជីវកម្មនៅកម្ពុជា ត្រូវបញ្ជូនសមាជិក​-សមាជិកាមកទទួលការបណ្ដុះបណ្ដាលអំពីធុរកិច្ចទីផ្សារបណ្ដាញគ្រប់គ្នា ដើម្បីឱ្យយល់ដឹងច្បាស់អំពីអាជីវកម្មខ្នាតតូច និងមធ្យម ក៏ដូចជា​គោល​នយោយ​របស់រាជរដ្ឋាភិបាល នីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ។

ការថ្លែងបែបនេះរបស់លោក ឡី សុភាព ត្រូវបានធ្វើឡើងក្នុងពិធីប្រកាសទទួល​ស្គាល់ក្រុមហ៊ុនអ៉ិនអេសហ្សេត វើល ឯ.ក ចូលជាសមាជិកសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា នារាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅភោជនីយដ្ឋាន The Terrace TK ខណ្ឌទួលគោក។

លោកបានលើកឡើងថា កាលពីមុន ប្រជាជនធ្វើអ្វីៗគឺប្រើដៃប្រើកម្លាំង ប៉ុន្តែបច្ចុប្បន្នប្រជាជនត្រូវអភិវឌ្ឍខ្លួនឱ្យចេះប្រើទូរស័ព្ទដៃ កុំព្យួទ័រ ឬបច្ចេកវិទ្យាផ្សេងៗ ដើម្បីធ្វើពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក ហើយក្រុមណាដែលមានគ្នាច្រើន ក្រុមនោះនឹងឈានមុខគេក្នុងរបត់សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ លោកថា ចាប់ពីពេលនេះទៅ អ្នកដែលចេះធ្វើធុរកិច្ចទីផ្សារបណ្ដាញ នឹងមានជីវភាព មុខមាត់ល្អប្រសើរ។

លោក ឡី សុភាព បានពន្យល់ថា ការធ្វើធុរកិច្ចទីផ្សារបណ្ដាញ គឺជាការចងគ្នាជាសម្ពន្ធដើម្បីពង្រីកទំហំសេដ្ឋកិច្ចឱ្យកាន់តែធំ ផ្សារភ្ជាប់ពីផ្នែកមួយទៅផ្នែកមួយបង្កើតបានជាចរន្តទីផ្សារ។ នៅកម្ពុជាមានប្រជាជនប្រមាណ ១៦ លាននាក់ ប៉ុន្តែបើទីផ្សារបណ្ដាញកម្ពុជាចងជាមួយទីផ្សារជាមួយអាស៊ាន នោះវានឹងកើនឡើងប្រមាណ ៦០០ លាននាក់ ដែលនឹងពង្រីកទំហំទីផ្សារបណ្ដាញឱ្យកាន់តែធំ។ ការធ្វើធុរកិច្ចទីផ្សារបណ្ដាញ គឺជាការដើរឱ្យទាន់បដិវត្តឧស្សាហកម្ម ៤.០។

លោកបានបញ្ជាក់់ទៀតថា រាជរដ្ឋាភិបាលបានបង្កើតច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ហើយការធ្វើធុរកិច្ចទីផ្សារបណ្ដាញ គឺស្ថិតនៅក្រោមច្បាប់​មួយនេះឯង។ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចអនុញ្ញាតឱ្យមានការបង្កើត​សមាគមធុរកិច្ចទីផ្សារបណ្ដាញ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ដើម្បី​ចង​ជាសម្ពន្ធសមាហរណកម្មមួយ សំដៅជំរុញលើកទឹកចិត្តអាជីវកម្មខ្នាតតូច និង​មធ្យមលើវិស័យទីផ្សារបណ្ដាញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបណ្ឌិតបានអំពាវនាវដល់អ្នកក្រុមហ៊ុនជាតិ-អន្តរជាតិដែលមកបើកអាជីវកម្មនៅកម្ពុជា បញ្ជូនសមាជិក-សមាជិកាមកទទួលការបណ្ដុះបណ្ដាលអំពីធុរកិច្ចទីផ្សារបណ្ដាញ ដើម្បីឱ្យយល់ពីការធ្វើទីផ្សារបណ្ដាញ អាជីវកម្មខ្នាតតូច និងមធ្យមឱ្យបានច្បាស់លាស់។ ម្យ៉ាងទៀត ក៏ដើម្បីយល់ដឹង​ពី​គោល​នយោយ​របស់រាជរដ្ឋាភិបាល នីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ។

បើតាមលោក ឡី សុភាព គណៈកម្មការទីផ្សារបណ្ដាញនឹងចុះត្រួតពិនិត្យលើ​ករណី​ចំនួន ២៖ ទី១. ត្រួតពិនិត្យលើប្រព័ន្ធនៃការចែកប្រាក់ចំណេញទៅដល់​សមា​ជិក-សមាជិកា តើមានភាពសមប្រកបដែលឬអត់? ទី២. តើក្រុមហ៊ុននោះជាក្រុមត្រឹមត្រូវ ឬមិនត្រឹមត្រូវ ដែលនឹងសហការជាមួយអគ្គស្នងការនគរបាលជាតិ ដើម្បីទប់ស្កាត់ និងធានាសុវត្ថិភាពកុំឱ្យមានការបោកប្រាស់រវាងការជួញដូរនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

នាពេលកន្លងទៅ សមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា បានចុះហត្ថលេខាជាមួយនាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីធានាទំនិញនៅគ្រប់ក្រុមធុរកិច្ចទីផ្សារបណ្ដាញទាំងអស់ពិតជាទំនិញដែលមានគុណភាព សុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់នៅកម្ពុជា

នាឱកាសនោះ ប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា ក៏បានប្រកាសក្រុមហ៊ុនអ៉ិនអេសហ្សេត វើស ចូលជាសមាជិកសមាគមរបស់ខ្លួនជាផ្លូវ​ការ​ និងមានការប្រគល់ជ័យលាភីដល់ថ្នាក់ដឹកនាំឆ្នើមចំនួន ៩ រូបផង​ដែរ៕


ប្រភព៖ freshnewsasia

មេធុរកិច្ចទីផ្សារបណ្ដាញ​អំពាវ​នាវ​ដល់​ក្រុមហ៊ុន​ដែលបើកអាជីវកម្ម​នៅ​កម្ពុជា បញ្ជូនសមាជិក​មក​ទទួល​ការ​បណ្ដុះ​បណ្ដាល​អំ​ពី​ធុរកិច្ច​ទីផ្សារ​បណ្ដាញ​គ្រប់​គ្នា​
117 Shares