ហេតុ​ផល​​ដែល​នាំ​ឲ្យ​​អ្នកមាន​ទ្រព្យ​ទាំង​ឡាយ គួរតែ​បរិច្ចាគ​ដល់​សង្គម

ជុំវិញ​ឧកញ៉ា
1K Share

បើគេឃ្លាន យើងផ្តល់អាហារ បើគេរងា យើងផ្តល់ភួយ ឬអាវ បើគេក្តៅ យើងផ្តល់ដំបូល។ ជា​ធម្មតា​ក្នុង ​សង្គម​មនុស្ស អ្នកក៏ចង់រកស៊ីឱ្យខ្លួនឯងមានបាន ប្រកបដោយរលូនដែរ មិនចង់ឱ្យមានការខាតបង់នោះទេ។ មហិច្ឆតា​នេះ យើងគាំទ្រទាំងស្រុង១០០% ប៉ុន្តែ ប្រសិនបើយើងរកស៊ី ក្លាយជាអ្នកមានហើយ គួរយើងកុំភ្លេចការចែករំលែក បរិច្ចាគ ធនធានដែលមាន ជួយដល់សង្គមខ្លះផង ទោះតិចឬច្រើនក្តី ទៅតាមលទ្ធភាព ដើម្បីរួមចំណែក កាត់បន្ថយភាពក្រីក្រនៅស្រុកយើង។

តែការជួយសង្គមរបស់យើង មិនមែនធ្វើឡើង ដើម្បីមុខមាត់ខុសគោលការណ៍នោះទេ​គឺត្រូវធ្វើឡើង​ដោយចិត្ត​ស្មោះសរ បរិសុទ្ធ ហើយការជួយសង្គម ក៏ជាកត្តាធ្វើឱ្យយើងកាន់តែទទួលជោគជ័យដែរ ព្រោះផ្នែកមួយ នៃភាពជោគជ័យរបស់ក្រុមហ៊ុន គឺការទទួលស្គាល់ពីសង្គម។ ការមិនទទួលស្គាល់ពីសង្គម គឺអាចមានន័យថា យើងនឹងបរាជ័យ ហើយបើទទួលស្គាល់ដោយវិជ្ជមាន គឺមានន័យថា មានគេគាំទ្រ មានគេរាប់អាន គេមានទំនុកចិត្ត គេកក់ក្តៅ មានការស្រលាញ់ចូលចិត្ដក្រុមហ៊ុន ហើយក្រុមហ៊ុននឹងមានការរីកចម្រើនលូតលាស់។



ការបរិច្ចាគធនធានសម្រាប់កិច្ចការសប្បុរសធម៌សង្គម មិនមែនធ្វើសម្រាប់តែអ្នកក្រៅ ដោយភ្លេចអ្នកខាងក្នុងទេ មានន័យថា យើងជួយទាំងអ្នកនៅខាងក្រៅក្រុមហ៊ុន និងបុគ្គលិកក្នុងក្រុមហ៊ុន។ ជួយក្រៅក្រុមហ៊ុន មានន័យថា យើងបរិច្ចាគ ជួយជនទូទៅក្នុងសង្គម ដែលខ្វះខាត ឬជួបគ្រោះទុរភឹក្ស ឬគ្រោះធម្មជាតិ ឬគ្រោះថ្នាក់ដោយចៃដន្យ ហើយត្រូវការជំនួយសប្បុរសបឋមពីយើង ដែលយើងអាចជួយបាន។ ឯជួយក្នុងក្រុមហ៊ុន ឬស្ថាប័ន មានន័យថា យើងគប្បីចេះជួយបុគ្គលិក ពេលគ្នាមានធុរៈចាំបាច់។

គ្រប់ពេលវេលា ដែលបុគ្គលិកមានធុរៈ ដូចឈឺ ឬក្រុមគ្រួសារ ឪពុកម្តាយ ប្តី ប្រពន្ធកូនឈឺ ឬបញ្ហាគ្រោះធម្មជាតិ យើងគប្បីជួយដែរ។ ពេលជួយគេហើយ នឹងនាំឱ្យយើងមានអារម្មណ៍ថា គេងលក់ស្រួល ធូរស្បើយ ស្រស់ស្រាយចិត្ដ និងធ្វើឱ្យយើងមានអារម្មណ៍ថា រសាយ បាត់អស់ទុក្ខកង្វល់ពីក្នុងចិត្ត ព្រោះយើងបានធ្វើអំពើល្អ ជួយដល់សង្គម សហគមន៍ និងជនទីទ័លក្រដទៃទៀត៕




ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

ហេតុ​ផល​​ដែល​នាំ​ឲ្យ​​អ្នកមាន​ទ្រព្យ​ទាំង​ឡាយ គួរតែ​បរិច្ចាគ​ដល់​សង្គម
1K Share