អភិបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំង មកជួយប្រជាពលរដ្ឋក្នុងបុរី VIP ជាលើកទី២

Uncategorized សង្គម​និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឃួង ស្រេង គណអភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះរហូតដល់រាប់រយនាក់ ដោយមានទាំងរថយន្តបាញ់ទឹក និង រថយន្តបាញ់ថ្នាំសម្លាប់មូស និង មេរោគ ជាទ្រង់ទ្រាយធំ មកលាងសម្អាត និង ធ្វើអនាម័យជូនប្រជាពលរដ្ឋ ដែលរស់នៅនៅក្នុងបុរី VIP ដែលស្ថិតនៅខណ្ឌដង្កោ។ សកម្មភាពចុះជួយស្របពេលទឹកស្រក និង ក្នុងពេលប្រជាពលរដ្ឋចូលមករស់នៅនៅក្នុងបុរីវិញដូចដើមវិញ នាពេលនេះ មិនត្រឹមតែពលរដ្ឋដែលទទួលផលប៉ុណ្ណោះទេ ដែលបង្ហាញអារម្មណ៍ត្រេកអរ សូម្បីតែថ្នាក់គ្រប់គ្រងបុរីគ្រប់ជាន់ថ្នាក់ ក៏បង្ហាញនូវការអរគុណចំពោះសកម្មភាពយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំសាលារាជធានីនេះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វន វណ្ណៈ និងហម រ៉ន ម្ចាស់គម្រោងបុរីVIP ដែលបានដុតដៃដុតជើងក្នុងសកម្មភាពចុះសម្អាតរបស់សាលារាជធានីភ្នំពេញនេះបានបង្ហាញនូវការសាទរយ៉ាងខ្លាំង ដែលថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញបានដឹកនាំកម្លាំងចម្រុះ រហូតដល់រាប់រយនាក់ចុះមកសម្អាតផ្លូវថ្នល់ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដើម្បីអោយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការជន់លិចកន្លងមក ទទួលបាននូវបរិស្ថានរស់នៅស្អាតដូចដើម។ នេះជាសកម្មភាពលាងសម្អាតនៅក្នុងបុរីជាលើកទី២ហើយ បន្ទាប់ពីថ្ងៃទី២៩ តុលាឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ ឯក រ័ត្នស្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញក៏បានដឹកនាំកម្លាំងជាច្រើនរយនាក់មកលាងសម្អាងនៅក្នុងបុរីបែបនេះម្ដងដែរ។ យ៉ាងណាមិញ លោកទាំងពីរចាត់ទុកថា សកម្មភាពដែលដឹកនាំដោយថ្នាក់ដឹកនាំរបស់សាលារាជធានីភ្នំពេញនាពេលនេះមានទ្រង់ទ្រាយធំជាងមុន និងកាន់តែប្រសើរជាងមុនដោយក្រៅពីលាងសម្អាតនិងបោសសម្អាតសំរាមនៅក្នុងបុរីទាំងមូល ក៏មានការបាញ់ថ្នាំមូសនិងបាញ់អាកុលសម្លាប់មេរោគនៅគ្រប់ផ្ទះរបស់ប្រជាពលរដ្ឋរួមទាំងតំបន់ជុំវិញដែលធ្វើអោយពលរដ្ឋនៅក្នុងបុរីរបស់លោកមានបរិស្ថានប្រកបដោយផាសុកភាពដូចដើម។ ក្នុងនោះការអន្តរាគមន៍លើប្រព័ន្ធទឹកស្អាតនិងលើប្រព័ន្ធអគ្គីសនីក្រោយទឹកស្រក  ក៏ជាអ្វីដែលពលរដ្ឋនៅក្នុងបុរីរបស់លោកត្រូវការផងដែរ។

លោក ស៊ុំ ស៊ីដេត នាយកគ្រប់គ្រងទូទៅបុរីVIP បានគូសបញ្ជាក់ថាក្រោយស្ថានភាពទឹកស្រក ទីតាំងរបស់បុរី មិនមានខូចខាតនូវប្រព័ន្ធលូនិងផ្លូវចូលបុរីធ្ងន់ធ្ងរនោះទេ ដោយប្រព័ន្ធលូដែលមានការកកស្ទះត្រូវបានខាងបុរីស្ដា និងជួសជុលឡើងវិញអស់ហើយ។ គាប់ជួនជាខាងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងសាលារាជធានីភ្នំពេញបានមកជួយសម្អាតនៅក្នុងបុរីចំនួន២លើនេះផង ទើបរឹតតែធ្វើអោយទីតាំងបុរីទាំងមូលកាន់តែល្អប្រសើរ។ លោកបង្ហាញនូវអារម្មណ៍ត្រេកអរបន្ទាប់ពីអភិបាលរាជធានីភ្នំពេញបញ្ជាក់នៅចំពោះអ្នកកាសែតនាថ្ងៃនោះថា ក្រសួងធនធានទឹកបានគម្រោងរៀបចំរំដោះទឹកពីតំបន់គីរីរម្យមិនអោយហូរចាក់បង្កអោយលិចលង់ដងស្ទឹងព្រែកត្នោតនាឆ្នាំក្រោយៗទៀតទេ ដែលដំណោះស្រាយនេះគឺលោកយល់ថា ពិតជាមិនធ្វើអោយតំបន់មួយផ្នែកក្នុងខណ្ឌដង្កោលិចលង់ទៀតឡើយ ដោយសារតែភាពជាក់ស្ដែងនៅក្នុងបុរីរបស់លោកគឺមិនដែលលិចបែបនេះទេ បើគ្មានភ្លៀងពីឥទ្ធិពលព្យុះនិងទឹកជនខ្លាំងពីស្ទឹងព្រែកត្នោត ដែលបណ្ដាលមកពីបាក់ទំនប់នៅគីរីរម្យកាលពីប៉ុន្មានសប្ដាហ៍មុននោះ៕