អ្នក​ដឹងទេ ប្រលោមលោករឿង​សាមកុក ល្បី​ខ្លាំង​ណាស់​ មានបកប្រែ​ជា​ភាសាជប៉ុន អង់គ្លេស បារាំង រូស្ស៊ី ថែម​ទៀត

កម្សាន្ត
5 Shares

ប្រលោមលោកសាមកុកគឺជាប្រលោមលោកបុរាណចិនខ្នាតវែងចែកជាវគ្គៗមួយរឿង ហើយវាក៏ជាស្នាដៃប្រលោមលោកប្រវត្តិសាស្ត្រដំបូងគេផងដែរ។ អ្នកនិពន្ធប្រលោមលោកនេះ ឡគាន់ចុង (ប្រហែលឆ្នាំ១៣៣០-ឆ្នាំ១៤៤០) គឺជាអ្នកនិពន្ធប្រលោមលោក អ្នកនិពន្ធភ្លេងល្ខោនដ៏ល្បីល្បាញមួយរូបនាចុងសម័យរាជវង្សយាន់ និងដើមសម័យរាជវង្សម៉េង ហើយក៏ជាស្ថានិកនៃប្រលោមលោកចែកជាវគ្គៗរបស់ចិនផងដែរ។

រឿងសាមកុកនេះត្រូវបានផ្សព្វផ្សាយយ៉ាងមានប្រជាប្រិយភាពខ្លាំងណាស់ក្នុងសង្គមចិនកាលពីសម័យបុរាណ។ នៅក្នុងសម័យរាជវង្សយាន់ វាត្រូវបានគេយកទៅសម្តែងនៅលើឆាក ហើយនៅក្នុងសម័យរីកចម្រើនកំពូលក្នុងរាជវង្សយាន់ ល្ខោនសម្តែងរឿងសាមកុកនេះមានរហូតដល់ទៅជាង៣០ប្រភេទឯណោះ។

នៅចុងសម័យរាជវង្សយាន់និងដើមសម័យរាជវង្សម៉េង ឡគាន់ចុងបានចងក្រងប្រមូលយករឿងព្រេង ល្ខោនប្រជាប្រិយនិងអត្ថបទរឿង និងបូកបញ្ចូលជាមួយនឹងឯកសារប្រវត្តិសាស្ត្រ កំណត់ត្រាសាមកុករបស់ឈិនថោវ និង កំណត់ត្រាសាមកុក របស់ហ្វីសុង និងយោងតាមការយល់ឃើញពីជីវិតផ្ទាល់ខ្លួនរបស់គាត់នៅក្នុងសង្គមនោះ បាននិពន្ធទៅជាប្រលោមលោកប្រវត្តិសាស្ត្រសាមញ្ញសាមកុក។

នៅក្នុងរជ្ជកាលរបស់អធិរាជខាងស៊ីនៃរាជវង្សឆេង ឪពុកកូនឈ្មោះ ម៉ៅគាន់ និង ម៉ៅចុងកាង បានធ្វើការផ្ទៀងផ្ទាត់ប្រវត្តិសាស្ត្រ និងបានលុប និងបន្ថែមខ្លឹមសារខ្លះទៀត និងកែតម្រូវបានជាប្រលោមលោកសាមកុកចំនួន១២០វគ្គដែលបានបោះពុម្ពផ្សាយជាទូទៅសព្វថ្ងៃនេះ។ប្រលោមលោកសាមកុក បានសសេរពណ៌នាពីទំនាស់ និងសង្គ្រាមនៅចន្លោះចុងសតវត្សរ៍ទី២នៃគ្រិស្តសករាជដល់ពាក់កណ្តាលសតវត្សរ៍ទី៣នៃគ្រិស្តសករាជរវាងក្រុមកាន់អំណាចនយោបាយ និងយោធាធំៗបីគឺនគរអួយ នគរស៊ូ និង នគរអ៊ូ ដែលមានឆាវឆាវ លីវប៉ី និង ស៊ុនឈាន ជាមេដឹកនាំ។

ដោយផ្អែកទៅលើមូលដ្ឋានផ្នែកប្រវត្តិសាស្ត្រ និងសង្គមយ៉ាងទូលំទូលាយ ប្រលោមលោកនេះបានស្តែងឱ្យឃើញពីភាពចម្រូងចម្រាស់ផ្នែកនយោបាយ យោធាដ៏តានតឹង ស្មុគស្មាញ និងមានលក្ខណៈពិសេសជាខ្លាំងនាសម័យនោះ ដែលវាបានសង្ខេបនូវបម្រែបម្រួលដ៏ធំធេងនៃប្រវត្តិសាស្ត្រនាសម័យនោះ បង្កើតបាននូវតួអង្គវីរបុរសដែលមានឈ្មោះល្បីរន្ទឺមួយក្រុម ដែលមានឥទ្ធិពលយ៉ាងវែងអន្លាយដល់មនុស្សជំនាន់ក្រោយទៀត។

ដោយផ្អែកលើប្រវត្តិសាស្ត្រសម័យសាមកុក អ្នកនិពន្ធបានស្តែងបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវនិន្នាការដោយប្រើប្រាស់លីវប៉ី ប្រឆាំងនឹងឆាវឆាវ និងយកក្រុមអំណាចរបស់លីវប៉ីជាខ្លឹមសារស្នូលនៃរឿង ដោយធ្វើការកោតស្ងប់ស្ងែងដល់តួអង្គនៅក្នុងក្រុមអំណាច លីវប៉ី ហើយធ្វើការវាយប្រហារជាចំហរចំពោះក្រុមឆាវឆាវ។

នៅក្នុងប្រលោមលោកសាមកុក ជូកឿលាំងគឺជា ឧបរាជភ្លឺស្វាង នៅក្នុងចិត្តរបស់អ្នកនិពន្ធ ដែលគាត់ប្រកាន់ខ្ជាប់នូវស្មារតីស្មោះត្រង់ដល់ទីបញ្ចប់ ទោះស្លាប់ក៏មិនស្តាយក្រោយ ដែលជាគុណធម៌ថ្លៃថ្នូរខ្ពស់ខ្ពស់បំផុត ហើយគាត់ក៏ជាមនុស្សដែលមានមហិច្ចតាធំធេងក្នុងការជួយដល់ប្រទេសជាតិ និងប្រជាជន បង្កើតឱ្យបាននគរមួយដែលរីកចម្រើន និងប្រកបដោយសុខសន្តិភាព។ លើសពីនេះទៅទៀត អ្នកនិពន្ធបានបន្ថែមជូនគាត់នូវសមត្ថភាពអច្ឆរិយៈផ្សេងទៀតដូចជា ហៅខ្យល់ហៅភ្លៀង និងការប្រមើមើលអនាគតបានថែមទៀតផង។

ឆាវឆាវ គឺជាវីរបុរសថោកទាបម្នាក់ ហើយជំនឿដែលគាត់ប្រកាន់ខ្ជាប់ក្នុងជីវិតនោះគឺ ខ្ញុំសុខចិត្តក្បត់មនុស្សក្នុងលោក ក៏មិនឱ្យមនុស្សក្នុងលោកក្បត់ខ្ញុំនោះឡើយ។ គាត់ជាមនុស្សដែលមានសមត្ថភាព និងគតិបណ្ឌិតជាវីរបុរសផង និងជាចិត្តសាហាវឃោរឃៅផង។ គាត់ជាមនុស្សដែលមានមហិច្ឆតាក្នុងឆាកនយោបាយ ជាមនុស្សពូកែខាងកលល្បិច ដែលនេះពុំដូចគ្នាទៅនឹងឆាវឆាវដែលមាននៅក្នុងប្រវត្តិសាស្ត្រនោះទេ។ គួនអ៊ី ជាមនុស្ស អង់អាចក្លាហានរឹងមាំអស្ចារ្យ យកគុណធម៌ធំធេងជាអ្វីទាំងអស់ តែគុណធម៌របស់គាត់ គឺអាស្រ័យទៅតាមគំនុំផ្ទាល់ខ្លួន មិនមែនជាគុណធម៌ធំធេងសម្រាប់ជាតិ និងប្រជាជនឡើយ។ លីវប៉ី ត្រូវបានអ្នកនិពន្ធកសាងទៅជាតួអង្គជាគំរូនៃមហាក្សត្រដែលស្រឡាញ់រាស្ត្រ មានទសពិធរាជធម៌ ពូកែប្រើប្រាស់មនុស្សទៅតាមមុខងារ។‍

សមិទ្ធផលផ្នែកសិល្បៈរបស់ប្រលោមលោកសាមកុក គឺទទួលបានពីសសេរការរៀបរាប់ពីសង្រ្គាម និងកសាងតួអង្គ។ ក្នុងប្រលោកលោកនេះ ផ្នែកដែលពូកែបំផុត គឺការសសេររៀបរាប់ពីសង្គ្រាម ដោយអាច សសេររៀបរាប់ចេញនូវលក្ខណៈពិសេសៗនៃការធ្វើសង្គ្រាមជារៀងរាល់លើក។ ក្នុងនោះដែរ ការសសេររៀបរាប់នៅក្នុងសង្គ្រាមដូចជា សង្គ្រាមគាន់ទូ សង្គ្រាមឈឺពិជាដើម សាច់រឿងមានឡើងមានចុះ រស់រវើកពិតៗ ដោយក្នុងពេលដែលសសេរពីសង្គ្រាមក្តី តែក៏បានសសេររៀបរាប់ភ្ជាប់មកជាមួយគ្នានូវសកម្មភាពផ្សេងទៀតដែរ ដើម្បីធ្វើជាសកម្មភាពមុន និងក្រោយសង្គ្រាម ឬវិធីជំនួយដល់ការធ្វើសង្គ្រាមថែមទៀតផង ធ្វើឱ្យសង្គ្រាមដែលមានភាពតានតឹង ខ្លាំងក្លាយគួរឱ្យភ័យខ្លាច បែរទៅជាមានបរិយាកាសដែលមានតឹងផងធូរផងជាដើម។

ដូចនៅត្រង់វគ្គល្បីល្បាញត្រង់ គួនអ៊ីផឹកស្រាទៅកាត់ក្បាលហ័រស្យ៉ុង ចាងហ្វីអង់អាចល្បីរន្ទឺនៅស្ពានឆាងប៉ាន ចាងជឺឡុងជិះសេះតែឯងទៅជួយអ្នកប្រុសតូច ជូកឿលាំងប្រើយុទ្ធសាស្ត្រធ្វើឱ្យសត្រូវចាញ់ដោយអស់ចិត្តជាដើម សុទ្ធតែជាវគ្គដែលផ្សព្វផ្សាយយ៉ាងមានប្រជាប្រិយភាពបំផុត។ក្រៅពីនេះទៀត វាបានបង្កើតនូវតួអង្គជាច្រើនទៀតបានយ៉ាងជោគជ័យ។ នៅក្នុងសៀវភៅទាំងមូល មានសសេរនូវតួអង្គជាង១២០០នាក់ ក្នុងនោះតួអង្គសំខាន់ៗសុទ្ធតែមានបុគ្គលិកលក្ខណៈលេចធ្លោ និងរូបរាងរស់រវើក។

នៅក្នុងការសសេររៀបរាប់ពីតួអង្គ អ្នកនិពន្ធពូកែចាប់យកលក្ខណៈពិសេសៗជាមូលដ្ឋាន ហើយចំពោះផ្នែកដែលមានភាពលេចធ្លោ អ្នកនិពន្ធនឹងពង្រីកវាបន្ថែម និងប្រើប្រាស់វិធីប្រៀបធៀប និងតតាំង ធ្វើឱ្យបុគ្គលិកលក្ខណៈរបស់តួអង្គកាន់តែលេចធ្លោ និងរស់រវើក។ នៅក្នុងប្រលោមលោកនេះបានយកចិត្តទុកដាក់ជាខ្លាំងក្នុងការដាក់តួអង្គទៅក្នុងទំនាស់ដ៏តានតឹង និងចម្បាំងជាក់ស្តែង តាមរយៈសម្តីសំដៅរបស់តួអង្គនីមួយៗ ឬបរិយាកាសជុំវិញ ស្តែងបង្ហាញឱ្យឃើញពីចរិតលក្ខណៈនៃទស្សនៈរបស់គេ។ ឧទាហរណ៍ដូចជា ភាពក្រឡិចក្រឡុច និងថោកទាបរបស់ឆាវឆាវ រាល់ទង្វើរបស់គេទាំងអស់សុទ្ធតែហាក់ដូចជាបង្កប់នូវល្បិចកលទាំងអស់។ ចាងហ្វី មាត់ដាចនិយាយត្រង់ ដូចក្មេងមិនសូវដឹងក្តី ឈ្លើយ និងឆេវ ឆាវ។

ជូកឿលាំង ប្រមើមើលអនាគត រាល់រឿងរ៉ាវទាំងអស់ហាក់ដូចជាស្ថិតក្នុងការគ្រប់គ្រង មិនមានបញ្ហាអ្វីទាំងអស់។បើមើលតាមទម្រង់វិញ ដំណើររឿងយកតាមទំនាស់ និងការតតាំងដណ្តើមគ្នានៅក្នុងសម័យសាមកុក បង្កើតបានជាដំណើររឿងនៅក្នុងសៀវភៅទាំងស្រុង ដែលមានភាពបត់បែន ផ្លាស់ប្តូរឥតគណនា តែតជាប់គ្នាមិនដាច់ មានសណ្តាប់ធ្នាប់ បែងចែកដាច់ៗ ដោយវគ្គនីមួយៗសុទ្ធតែជាអត្ថបទដាច់គ្នា ហើយសៀវភៅទាំងមូលក៏ប្រៀបដូចជាស្នាដៃសិល្បៈពេញលេញទាំងស្រុងមួយដូច្នោះដែរ។

ប្រលោមលោកសាមកុក គឺជាស្នាដៃប្រលោមលោកប្រវត្តិសាស្ត្រសម័យបុរាណមួយរឿងដែលទទួលបានភាពជោគជ័យបំផុត និងមានឥទ្ធិពលធំធេងបំផុតផងដែរ ដែលវាត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងមានភាពទាក់ទាញឥតឧបមា និងមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រវត្តិសាស្ត្រអក្សរសិល្ប៍ចិន និងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនចិន។ រហូតមកដល់សព្វថ្ងៃនេះ គេនៅតែអាចទទួលបានសេចក្តីក្រើនរំលឹកគ្រប់ផ្នែកទាំងអស់ពីប្រលោមលោកនេះ នៅគ្រប់វិស័យទាំងអស់ ដូចជាការសិក្សាពីធនធានមនុស្ស យោធាសាស្ត្រ វិទ្យាសាស្ត្រដឹកនាំ បច្ចេកទេស និងយុទ្ធសាស្ត្រពាណិជ្ជកម្មជាដើម។

ប្រលោមលោកសាមកុក ក៏មានប្រជាប្រិយភាពខ្លាំងណាស់ដែរចំពោះអ្នកអាននៅបរទេស។ នៅឆ្នាំ១៥៦៩ ប្រលោមលោកសាមកុក ត្រូវបានហូរចូលជាលើកដំបូងទៅកាន់ឧបទ្វីបកូរ៉េ។ នៅឆ្នាំ១៦៣៥ ប្រលោមលោកសាមកុកត្រូវបានរក្សាទុកនៅក្នុងសាកលវិទ្យាល័យOxfordចក្រភពអង់គ្លេស។ ក្រោយមកទៀត ប្រទេសជប៉ុន អង់គ្លេស បារាំង រូស្ស៊ីជាដើមបានបកប្រែប្រលោមលោកសាមកុកទៅជាភាសារបស់ពួកគេ។

ប្រភព៖ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន

5 Shares