ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ កម្ពុជាជាប្រទេសក្រ តូចល្អិត តែមានបេះដូងមនុស្សធម៌ធំទូលាយ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងពិធីជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នៅវិមានសន្តិភាព ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាជាប្រទេសក្រ តូចល្អិត តែមានបេះដូងមនុស្សធម៌ធំទូលាយ ដោយបានចូលរួមកិច្ចការមនុស្សធម៌ធំៗជាច្រើន ដូចជាការផ្ដល់ជំនួយម៉ាស់ និងសម្ភារវេជ្ជសាស្ត្រដល់ប្រទេសជិតខាង ថែមទាំងបញ្ជូនកងទ័ពទៅចូលរួមការពារសន្តិសុខក្រោមឆ័ត្រអង្គការសហប្រជាជាតិផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោបានបន្តថា កាលពីពេលកន្លងទៅថ្មីៗនេះ កម្ពុជាបានផ្ដល់ជំនួយម៉ាសពេទ្យចំនួន ២,០០០,០០០ បន្ទះ និងម៉ាស់ក្រណាត់ចំនួន ១០០,០០០ បន្ទះ បូករួមនឹងសម្ភារវេជ្ជសាស្ត្រដទៃទៀត សរុបជាទឹកប្រាក់ ២,២២៤,០០០ ដុល្លារអាមេរិក ហើយនៅថ្ងៃស្អែកនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួសុខាភិបាល នឹងនាំយកម៉ាស់ដឹកតាមយន្តហោះចំនួន ៣ គ្រឿងប្រគល់ជូនប្រទេសមីយ៉ាន់ម៉ា ដែលជាជំនួយរបស់កម្ពុជាជួយដល់មិត្តមីយ៉ាន់ម៉ា។

សម្តេចបានថ្លែងបន្តថា កម្ពុជាមិនត្រឹមតែជំនួយខាងលើននេះ កម្ពុជាក៏បានផ្ដល់ជំនួយដល់អាយុជីវិត និងសាច់ឈាម ដោយបញ្ជូនកងទ័ពទៅចូលរួមរក្សាសន្តិភាពនៅសុម៉ាលី អាហ្វ្រិកកណ្ដាល លីបង់ និងស៊ូដង់ខាងត្បូងជាដើម ក្រោមឆ័ត្រអង្គការសហប្រជាជាតិទៀតផង។

សូមបញ្ជាក់ថា កម្ពុជាមិនមែនគ្រាន់តែផ្ដល់ជំនួយលើវិស័យវេជ្ជសាស្ត្រ សុខាភិបាលចំពោះឡាវ និងមីយ៉ាន់ម៉ាប៉ុណ្ណោះទេ តែថែមទាំងត្រៀមផ្ដល់ជំនួយដល់ប្រទេសទីម័រខាងកើតផងដែរ។