ចង់ធ្វើជំនួញជោគជ័យ អាច​រៀន​សូត្រ​ពី​ចំណុច​ទាំង​នេះ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
2.9K Shares

ការធ្វើជំនួញ ក្រៅពីរៀនពីទ្រឹស្តី និងអនុវត្តផ្ទាល់ពីរបៀប នៃការគ្រប់គ្រង ការដឹកនាំ និងការរៀបចំក្រុមហ៊ុនហើយនោះ នៅមានមេរៀនមួយដ៏សំខាន់ទៀត ដែលយើងត្រូវរៀនដែរ គឺភ្ញៀវ។ យើងត្រូវរៀន និងឈ្វេងយល់អំពីភ្ញៀវ ឬអតិថិជនរបស់យើង។



តើអតិថិជន ឬភ្ញៀវរបស់យើង ត្រូវការអ្វី ជាមនុស្សប្រភេទណា? ជាមនុស្សចូលចិត្តបែបត្រជាក់ ឬក្តៅ។ ចូលចិត្ត ឱ្យយើងទ្រ ឬជាមនុស្សសាមញ្ញ?អតិថិជនខ្លះ ចូលចិត្តឱ្យទ្រ ឱនលំទោនខ្លាំង តែអតិថិជនខ្លះ​មិនចូលចិត្តបែបនេះទេ គេចូលចិត្ត សាមញ្ញ។ ភ្ញៀវខ្លះចូលចិត្តទន់ភ្លន់ ផ្អែមល្ហែម រួសរាយរាក់ទាក់ ជាដើម។ ដូច្នេះ ក្នុងនាមយើងជាអ្នកលក់ ក្រៅពីពូកែ ប៉ិនប្រសប់ ក្នុងការរៀបចំ ឱ្យមានសណ្តាប់ធ្នាប់ល្អហើយ ក៏ត្រូវយល់ដឹងពីចរិតលក្ខណៈភ្ញៀវឱ្យបានល្អហ្មត់ចត់ផងដែរ ព្រោះភ្ញៀវខ្លះ គេត្រូវការស្ងប់ស្ងាត់ ពេលឃើញយើងយកចិត្តគេពេក ធ្វើឱ្យគេធុញទ្រាន់ គេច្រឡោតខឹង។
យើងអាចកសាងទំនាក់ទំនងដ៏ល្អជាមួយពួកគេ ដែលនាំឱ្យយើងទទួលបានផលចំណេញក្រាស់ក្រែល ដូចពាក្យចាស់ពោលថា មាត់ជាមាសជាពេជ្រ ឬថាទំនាក់ទំនងល្អ គឺជាលុយ ដែលភាសាអង់គ្លេសថា “Good relationship is money”។ នៅពេលខ្លះ យើងអាចសួរភ្ញៀវ អំពីសេវាកម្មរបស់យើង ទាំងការរួសរាយរាក់ទាក់ ការទទួលភ្ញៀវ និងការយកចិត្តទុកដាក់ជាមួយភ្ញៀវ ដូចម្តេចដែរ? តើមានចំណុចណា ដែលត្រូវកែលម្អឬទេ? បើលក់ម្ហូបអាហារវិញ អាចសួរគេថា ម្ហូបយើងដូចម្តេចដែរ ? ថ្លៃខ្ល្លាំងទេ ប្រៃ សាប ឬហឹរ ខ្លាំងទេ? តើរៀបចំ ទំាងសោភណ្ឌភាព បរិស្ថានរបស់យើង យ៉ាងដូចម្តេចដែរ?
នៅប្រទេសខ្លះ ម្ចាស់អាជីវកម្ម អាចសួរដោយផ្ទាល់មាត់ទៅអតិថិជន តែប្រទេសមួយចំនួន គេមានប្រអប់សំបុត្រសម្ងាត់មួយ សម្រាប់ភ្ញៀវសរសេរបញ្ចេញមតិរិះគន់ ពីអារម្មណ៍ផ្ទាល់ខ្លួន កែលម្អនៅទីនោះ។ ការរៀនពីភ្ញៀវ គឺការរៀនពីមតិគ្រប់មជ្ឈដ្ឋាន ដើម្បីឈានទៅរកភាពជោគជ័យ ព្រោះភ្ញៀវ ក៏ជាអ្នកផ្តល់ប្រឹក្សា ដ៏ស្មោះត្រង់ដោយមិនចាំបាច់បង់ប្រាក់ផងដែរ។



ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

ចង់ធ្វើជំនួញជោគជ័យ អាច​រៀន​សូត្រ​ពី​ចំណុច​ទាំង​នេះ
2.9K Shares