ថៅកែៗ​ដែល​ជោគជ័យ ភាគ​ច្រើន​​សុទ្ធតែ​មាន​ចំណុច​ទាំង​នេះ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
302 Shares

មិនថាយើងមានតួនាទីជាថ្នាក់ដឹកនាំក្រុមហ៊ុន ឬជាម្ចាស់ក្រុមហ៊ុននោះទេ​យើងត្រូវចេះបើកចិត្តឱ្យទូលាយ​ក្នុង​ការ​ស្ដាប់មតិយោបល់បុគ្គលិកខ្លះផង បើពុំដូច្នេះទេក្រុមហ៊ុននឹងមិនជោគជ័យឡើយ។



ត្រូវចាំថា ពេលខ្លះការសម្រេច​ចិត្ត​របស់យើងត្រឹមត្រូវ ប៉ុន្តែពេលខ្លះទៀតវាមិនត្រឹមត្រូវទាំងស្រុងនោះទេ ដូច្នេះ​បើសិន​ជាយើង​ផ្ដល់ឱកាសឱ្យ​បុគ្គលិកបញ្ចេញមតិយោបល់ នោះវានឹងអាចបញ្ចៀសបញ្ហា ឬកំហុសឆ្គងបានច្រើន ព្រោះយើងដឹងហើយថា ការ​សម្រេចចិត្តធ្វើឡើងដោយមានការចូលរួមពីក្រុមមនុស្សច្រើន វារមែងហ្មត់ចត់ និង​ត្រឹម​ត្រូវជាង​ការសម្រេចចិត្ត​ដោយបុគ្គលតែម្នាក់ឯង ឬមនុស្សភាគតិច។


យើងត្រូវដឹងថា បុគ្គលិកគ្រប់រូបតែងតែចង់ចូលរួមចំណែកផ្តល់មតិយោបល់ និងគំនិតខ្លះៗមកលើក្រុមហ៊ុន ដើម្បីបង្ហាញពីស្នាដៃរបស់ពួកគេ។ ដូច្នេះ ប្រសិនបើយើងបដិសេធ​ឬរាំងខ្ទប់មិនឱ្យពួកគេមានឱកាសបង្ហាញ​សមត្ថភាព (ចូលរួមមតិយោបល់) នោះប្រៀបដូចជាការបិតឆ្នាំងបាយក្រុមហ៊ុនដូច្នេះដែរ។ មានន័យថា បើយើងមិនព្រមឱ្យបុគ្គលិកបញ្ចេញមតិយោបល់ទេ នោះបុគ្គលិកប្រាកដជាគ្មានកម្លាំងចិត្តធ្វើការងារឡើយ។ ព្រោះបុគ្គលិកម្នាក់ៗមិនអាចទ្រាំធ្វើគ ធ្វើថ្លង់បានទេ ប្រសិនបើពួកគេចង់ចូលរួមមតិយោបល់អ្វី​មួយមកលើ​ក្រុមហ៊ុន​ តែត្រូវថ្នាក់ដឹកនាំក្រុមហ៊ុន ឬម្ចាស់ក្រុមហ៊ុនបដិសេធមិនព្រមទទួលស្ដាប់នោះ។

ហេតុអ្វីមិនព្រមស្ដាប់មតិយោបល់បុគ្គលិក? ហេតុអ្វីមិនឱ្យតម្លៃមតិយោបល់បុគ្គលិក? ដ្បិតថាមតិយោបល់​របស់ពួក​គាត់មិនអាចយកមកអនុវត្តបានទាំងស្រុងក៏ពិតមែន ប៉ុន្តែយើងគួរចាយ​ពេលស្ដាប់ពួកគាត់ឱ្យបានច្រើន ដើម្បីបញ្ជាក់ថាយើងឱ្យតម្លៃលើគំនិតយោបល់ពួកគេ។ ខ្ញុំគិតថាក្រុមហ៊ុនខ្ញុំលូតលាស់ធំធាត់ដូចសព្វថ្ងៃនេះ គឺ​ដោយ​សារមានការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់បុគ្គលិករបស់ខ្ញុំគ្រាប់ជាន់ថ្នាក់។ គឺពួក​គេចូលរួម​ទាំងកម្លាំងកាយ កម្លាំងចិត្ត និងទាំងមតិយោបល់។ ជារៀងរាល់ឆមាស ពោលនៅរាល់ពិធី”តម្រង់ទិសវគ្គសិក្សាថ្មី” ក្រៅតែពីចង្អុលបង្ហាញផ្លូវថាបុគ្គលិកត្រូវដើរផ្លូវណាដើម្បីក្រុមហ៊ុនបន្តជោគជ័យ ខ្ញុំក៏បើកសិទ្ធិឱ្យពួក​គាត់​បញ្ចេញមតិ​យោបល់​មកវិញដែរ។ ខ្ញុំរីករាយ និងពេញចិត្តសម្រាប់មតិយោបល់របស់ពួកគាត់ ឱ្យតែពួកគាត់ផ្ដល់​មកក្នុងន័យស្ថាបនា និងដើម្បីភាពរីកចម្រើនរបស់ក្រុមហ៊ុន។

មែនទែនទៅមិនមែនតែក្នុងពិធី “ទម្រង់ទិសវគ្គសិក្សាថ្មី” នោះទេ ដែលខ្ញុំបើកសិទ្ធិឱ្យបុគ្គលិកបញ្ចេញមតិយោបល់ ពោលគឺខ្ញុំតែងតែរីករាយ និងបើកចិត្តទទួលមតិយោបល់ពួកគាត់គ្រប់ពេល ឱ្យតែពួកគាត់ចង់បញ្ចេញមតិ​យោបល់​។
ប្រសិនបើពួកគាត់មិនហ៊ានបញ្ចេញមតិយោបល់ដោយបើកចំហខ្ញុំអនុញ្ញាតឱ្យពួកគាត់សរសេរជាលិខិតបានទៀត។ អ៊ីចឹងហើយបានជាក្នុងក្រុមហ៊ុនខ្ញុំតែងតែមានប្រអប់ដាក់សំបុត្រ និងទម្រង់លិខិតទុក​ឱ្យបុគ្គលិកសរសេរនូវមតិ​យោបល់​របស់ពួកគាត់ ផ្ញើមកឱ្យខ្ញុំ។ ដូច្នេះប្រសិនបើពួកគាត់មើលឃើញបញ្ហាក្រុមហ៊ុនត្រង់ចំណុចណាមួយ ពួកគាត់អាចសរសេរផ្ញើមកខ្ញុំ ហើយខ្ញុំនឹងសិក្សាអំពីករណីនោះ ដើម្បីកែខៃយ៉ាងណាឱ្យក្រុមហ៊ុន​ដំណើរការដោយ​រលូន ហើយបុគ្គលិកមានភាពត្រជាក់ត្រជំ៕

ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

302 Shares