៨ ឆ្នាំចុងក្រោយ ស.ស.យ.ក. បានចូលរួមចំណែកឥតឈប់ឈរ ជូនដល់សង្គមជាតិ និងដើម្បីប្រជាជន

សង្គម​និង​សេដ្ឋកិច្ច

ទំព័រហ្វេសបុកផ្លូវការរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា រយៈពេលកន្លងមកនេះ ជាពិសេស៨ ឆ្នាំចុងក្រោយ ស.ស.យ.ក. បានចូលរួមចំណែកឥតឈប់ឈរ ក្នុងសកម្មភាពវិជ្ជមានជាច្រើនជូនដល់សង្គមជាតិ និងដើម្បីប្រជាជន ចាប់ពីកម្រិតមូលដ្ឋាន រហូតដល់ថ្នាក់ជាតិ ក្នុងស្មារតីតែមួយ នោះគឺ “ស្មារតី២ធ្នូ”។

ទំព័រហ្វេសបុកដដែរបានបន្តថា ក្នុងនាមជាយុវជនជំនាន់ក្រោយស.ស.យ.ក. បានយល់យ៉ាងច្បាស់ពីពលិកម្ម មិនអាចកាត់ថ្លៃរបស់យុវជនជំនាន់មុន ដើម្បីស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍកម្ពុជាមកដល់បច្ចុប្បន្ន។ ដូច្នេះហើយពួកយើងបាន ប្តេជ្ញា ចងចាំ និងរក្សាឲ្យបាននូវស្មារតី២ធ្នូ នេះតទៅថ្ងៃមុខ ហើយនឹងបន្តនូវបេសកកម្មរបស់ខ្លួនការពារឲ្យបានដាច់ខាត នូវភាពសុខដុមរមនា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ, ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបន្តសកម្មភាពស័្មគ្រចិត្តរបស់ខ្លួនតទៅមុខទៀត។ 

សូមជម្រាបថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ខាងមុខ ជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃកំណើត សហភាពសហព័ន្ធយុវជនកម្ពុជា។