សម្តេចក្រឡាហោម ស ខេង៖ ខ្ញុំក៏បានដើរចេញពីបន្ទប់ប្រជុំ ដោយឆ្លងកាត់ពីក្រោយខ្នង ឯកឧត្តម ឆែម សាវុធ

សង្គម​និង​សេដ្ឋកិច្ច

ខ្ញុំសូមជម្រាបជូនថា ខ្ញុំត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្តរកមេរោគ កូវីដ១៩ ដោយសារតែកាលពីម៉ោង ៨ និង៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ ខ្ញុំបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងទីស្ដីការគណៈរដ្ឋមន្រ្តី។ ប្រសាសន៍ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងលើបណ្តាញសង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចក្រឡាហោម បានថ្លែងឲ្យដឹងថា ឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធាគារ ក្រសួងមហាផ្ទៃ ក៏បានចូលរួមដែរ ដោយគាត់បានពាក់ម៉ាស់ ឆ្លងកាត់ការវាស់កំដៅ និងបាញ់អាល់កុលសម្លាប់មេរោគ ដូចរូបខ្ញុំ ព្រមទាំងអ្នកចូលរួមអង្គប្រជុំផ្សេងទៀតដែរ។ ប៉ុន្តែនៅក្នុងអំឡុងពេលប្រជុំនោះ គាត់បានបង្ហើបម៉ាស់ចេញពីមាត់ចំនួន១ដងដើម្បីមានមតិខ្លីមួយ។

សម្តេចបន្តថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ខ្ញុំក៏បានដើរចេញពីបន្ទប់ប្រជុំ ដោយឆ្លងកាត់ពីក្រោយខ្នង ឯកឧត្តម ឆែម សាវុធ ហើយពេលនោះដែរ គាត់ក៏បានក្រោកឈរ និងមានការឆ្លើយឆ្លងគ្នាខ្លីមួយម៉ាត់ពីរ មុនពេលខ្ញុំចាកចេញពីបន្ទប់ប្រជុំ។

ក្រោយពីកិច្ចប្រជុំនោះដែរ តាមព័ត៌មានដែលខ្ញុំទទួលបាន ឯកឧត្តម ឆែម សាវុធ ក៏បានបន្តបំពេញការងារជាធម្មតា និងបានធ្វើដំណើរទៅខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យដំណើរការផ្ទេរអ្នកទោសដែលបានផ្ទេរចេញមួយរយៈដោយសារជំនន់ទឹកភ្លៀងនោះចូលមកកាន់ពន្ធនាគារខេត្តបន្ទាយមានជ័យវិញផងដែរ។

នៅថ្ងៃទី២៨ ខែវិច្ឆិកា ភរិយាឯកឧត្តម ឆែម សាវុធ ត្រូវបានរកឃើញថាមានជំងឺកូវីដ-១៩ បន្ទាប់ពីមានអាការៈមិនស្រួលខ្លួនរយៈពេលជាងមួយសប្ដាហ៍ ហើយលទ្ធផលជាបន្តបន្ទាប់ក៏បង្ហាញថាឯកឧត្តម ឆែម សាវុធ និងសមាជិកគ្រួសារមួយចំនួនទៀតក៏បានឆ្លងជំងឺនេះដែរ។

សម្តេចក្រឡាហោម បានថ្លែងបញ្ជាក់ថា ដូច្នេះគឺជាការចាំបាច់បំផុតដែលខ្ញុំត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមវិធានរបស់ក្រសួងសុខាភិបាល។  ទោះបីជាយ៉ាងណា ខ្ញុំនៅតែបន្តបំពេញភារកិច្ចពិនិត្យសម្រេចលើសំណើរ និងសំណូមពរនានាពីថ្នាក់ដឹកនាំក្រសួង និងបងប្អូនជនរួមជាតិជាធម្មតាតាមរយៈគេហទំព័រហ្វេសប៊ុកនេះ ពីបន្ទប់ដាច់ដោយឡែកនៅផ្ទះរបស់ខ្ញុំ។