​ជំទាវ ឧកញ៉ា ស្រី ណារួម ឧបត្ថម្ភ 5000$ ជូន​សម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩

ជុំវិញ​ឧកញ៉ា
64 Shares

លោកជំទាវ ឧកញ៉ា ស្រី ណារួម អគ្គនាយិកាក្រុមហ៊ុន រួយ អ៊ិនហ្វីនីធី (ម៉ែរួយ)បាន​ចូលរួមបរិច្ចាគទឹកប្រាក់ចំនួន 5000$ ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បី​ទិញ​វ៉ាក់​សាំងកូវីដ១៩ ចែកជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។

ការប្រកាសរបស់លោកជំទាវ ឧកញ៉ា ស្រី ណារួម អគ្គនាយិកាក្រុមហ៊ុន រួយ អ៊ិនហ្វីនីធី (ម៉ែរួយ)បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពី​ការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពី​ការ​ត្រៀម​បម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជន​ដោយឥតគិតថ្លៃ ជា​ជំហាន​ដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

សម្តេចតេជោ បន្ថែមថា «ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?»។

សម្តេចតេជោ ក៏បានបញ្ជាក់ថា «ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស ៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងស្ថានភាពដែលកម្ពុជានៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេចបានណែនាំរដ្ឋមន្ត្រីរដ្ឋមន្ត្រក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឱ្យពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជន។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាដៃគូអភិវឌ្ឍន៍នឹងផ្តល់ជំនួយដល់ប្រជាជន ឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យ។ សម្តេចតេជោ ក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ទិញ ២ ទៅ៣លានដូសថែមទៀត សម្រាប់ដំណាក់កាលបន្ទាប់៕

​ជំទាវ ឧកញ៉ា ស្រី ណារួម ឧបត្ថម្ភ 5000$ ជូន​សម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩
64 Shares