ខេត្តព្រៃវែងជាខេត្តមួយ ផលិតស្រូវបានច្រើនជាងគេ

សង្គម​និង​សេដ្ឋកិច្ច

ខេត្តព្រៃវែងជាខេត្តមួយផលិតស្រូវបានច្រើនជាងគេក្នុងចំណោម ២៥ រាជធានី/ខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយ ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ លោក វេង សាខុន បានឲ្យដឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្រូវរដូវវស្សានៅក្នុងឆ្នាំ ២០២០ នេះ ខេត្តព្រៃវែងអនុវត្តបានលើផ្ទៃដីប្រមាណ ២៨០ ៣៩៩ ហ.ត។ រីឯការងារប្រមូលផលស្រូវវិញ គិតមកទល់ថ្ងៃទី៥ ខែធ្នូ សម្រេចប្រមូលផលបានចំនួន ២១៥ ៣៩៩ហ.ត ស្មើនឹង ៧៧% នៃផ្ទៃដីសរុប និងទទួលបានទិន្នផលជាមធ្យមប្រមាណ ៣.២៣ ត/ហ.ត ហើយទទួលបានបរិមាណផលសរុបចំនួន ៦៩២ ៣០២ តោន។

ក្រៅពីដំណាំស្រូវ កសិ-ឧស្សាហកម្ម សាកវប្បកម្ម (ផលិតកម្មបន្លែ) ផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ (មាន់ គោ ជ្រូក) ក៏មានសក្តានុពលក្នុងការនាំចេញសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សាររាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត ។

ហើយខេត្តព្រៃវែងនាំមុខគេក្នុងការផលិតនូវផលិតផលកសិកម្ម ក៏ជាខេត្ត ឈានមុនសម្រាប់ធ្វើការនាំចេញទៅកាន់ប្រទេសជិតខាងតាមផ្លូវគោក និងផ្លូវទឹក។ យោងតាមរបាយ ការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កាលពីថ្ងៃទី៨ បានបង្ហាញថា គិតចាប់ តាំងពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បរិមាណផលស្រូវបាននាំចេញទៅកាន់ប្រទេសជិតខាងសរុបមានចំនួន ៧១៩ ៦៩៣តោន ដោយឡែក គ្រាន់តែមួយសប្តាហ៍កន្លងមក បរិមាណស្រូវចំនួន ៦៩ ៤៣៤តោនត្រូវបាននាំចេញពីខេត្តព្រៃវែងទៅកាន់ប្រទេសជិតខាង។ របាយការណ៍ក៏បានបញ្ជាក់ផងដែរថា ជាមធ្យមស្រូវមានតម្លៃ ១ ១៥០រ/kg (អាចថ្លៃជាង ឬថោកជាងអាស្រ័យលើប្រភេទស្រូវ)។