​ឈ្មួញ​ឱ្យ​តម្លៃ​ទាប​ពេក​ កសិករ​ម្នាក់​​​​ ​ប្រកាស​​កាត់​​បន្លែ​​​ឱ្យ​គោស៊ី​

សង្គម​និង​សេដ្ឋកិច្ច
10 Shares

កសិករ​ម្នាក់​រស់​នៅ​​​ក្នុង​ភូមិ​បុស្ស​ត្របែក​ ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹក​​ឈូ​​ ខេត្ត​កំពត​​ បាន​​ប្រកាស​​កាត់​បន្លែ​ដែល​​ខ្លួន​​ខំ​ដាំ​​​​ឱ្យ​គោស៊ី​ ដោយ​សារ​​ឈ្មួញ​ឱ្យ​បន្ទាប​តម្លៃ​ខ្លាំង​ពេក​។ ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​នឹង​គេហទំព័រ​កម្ពុជា​​ថ្មី កសិករ ​ស៊ូ វាសនា​​ បាន​​ឱ្យ​ដឹង​ថា ​ខ្លួន​​បាន​ដាំ​បន្លែ​ចម្រុះ​មាន​​ជា​អាទិ៍​ ស្ពៃ​ក្រញាញ់​ ស្ពៃ​ចង្កិះ​ សាឡាត់​ និង​ខាត់​ណា​​ជាដើម​ ដល់​រដូវ​ប្រមូល​ផល​ឈ្មួញ​​កណ្ដាល​​បាន​​ទម្លាក់​​តម្លៃ​​ ចន្លោះ​​ពី​៥០០រៀល​​​ទៅ​ ៧០០រៀល​​​ ក្នុង​មួយ​គីឡូក្រាម​​​​​​ ខណៈ​ឆ្នាំ​មុន​អាច​លក់​បាន​​ក្នុង​តម្លៃ​ចន្លោះ​ពី ២០០០​រៀល​ទៅ​​​៣០០០​រៀល​​ ក្នុង​មួយ​គីឡូក្រាម​​។ ​​


លោក​អាច​ប្រមូល​​ផល​​បាន​​ចន្លោះ​​ពី​ ១០០​​​គីឡូ​ក្រាម​ទៅ​ ២០០​​គីឡូក្រាម​ ក្នុង​មួយ​ថ្ងៃ​ ប៉ុន្តែ​ដោយ​សារ​ឈ្មួញ​ឱ្យ​​តម្លៃ​ទាប​ពេក​​​មិន​អាច​រួច​ថ្លៃ​ដើម​ និង​កម្លាំង​ពលកម្ម​​មាន​តែ​កាត់​​ឱ្យ​គោ​ស៊ី​។ ​​ក្នុង​ភូមិ​របស់​​លោក​មាន​​ពលរដ្ឋ​ជាច្រើន​​បាន​​ប្រកប​​របរ​ដាំ​បន្លែ​ ហើយ​សុទ្ធ​តែ​​បាន​រអ៊ូ​រទាំ​​​​ពី​ការ​​ខាត​បង់​ដើម​ទុន​​ ដោយសារ​​បន្លែ​ចុះ​ថ្លៃ​។​ មូលហេតុ​បន្លែចុះ​ថ្លៃ​ អាច​ដោយ​សារ​ការនាំចូលបន្លែពី​ប្រទេស​ជិត​ខាង​ច្រើន​ពេក​។
លោក​ វាស​នា​​ បាន​​សរសេរ​​នៅ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា​ ស្ពៃក្រញាញ់១គីឡូ ៧០០៛ ( អត់មាន​អ្នកទិញ)​ ស្ពៃចង្កឹះ១គីឡូ ៥០០៛ ( អត់មានអ្នកទិញ) សាឡាត់ ១០០ដុំ ១០០០០៛ (អត់មានអ្នកទិញ)​ មិនដឹងយកទៅលក់នៅណានោះទេពេលនេះ ចឹងមានតែកាត់ឱ្យគោស៊ីហើយ។

ទាក់​ទង​នឹង​ការ​​អះអាង​ខាង​លើ​កម្ពុជា​ថ្មី​ មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែន​ដី​បាន​នៅ​ឡើយ​៕

ប្រភព៖ កម្ពុជាថ្មី https://kampucheathmey.com/business-economic/30358/

​ឈ្មួញ​ឱ្យ​តម្លៃ​ទាប​ពេក​ កសិករ​ម្នាក់​​​​ ​ប្រកាស​​កាត់​​បន្លែ​​​ឱ្យ​គោស៊ី​
10 Shares