តា ហ៊្វុយហ្សូ និង​ក្មេង​កំព្រា ជា​ច្រើន​​នាក់ ធ្លាក់​ខ្លួន​ឈឺ ដោយសារ​ក្លិនសំរាម​ជុំ​វិញ​ផ្ទះ

កម្សាន្ត សង្គម​និង​សេដ្ឋកិច្ច

អតីត​តារា​កំប្លែង​ជើងចាស់ និង​ជា​ប្រធាន​អង្គការ N.A.C.A លោក ស៊ូ សាវ៉ាង ហៅ​ តា ហ៊្វុយហ្សូ បាន​ថ្លែង​ឲ្យ​ដឹង​ថា នៅ​ជុំវិញ​​​​ស្នាក់​ការ​អង្គការ​របស់​លោក ពោរពេញ​ដោយ​ពំនូក​សំរាម​​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​តែ​ក្រុម​ហ៊ុន ស៊ីន​ទ្រី​​ដឹក​មក​ចាក់​នៅ​ទី​នោះ ធ្វើ​ឲ្យ​​ឲ្យ​មាន​ជិះ​​ក្លិន​ស្អិត​ពិបាក​ដក​ដង្ហើម គួប​ផ្សំ​លោ​ក​មាន​ជំងឺ​ប្រចាំ​កាយ​ផង​នោះ បាន​ធ្លាក់​ខ្លួន​ឈឺ ហើយ​ក្មេងៗ ក៏​មាន​ធ្លាក់​ខ្លួន​ឈឺ​មួយ​ចំនួន​ផង​ដែរ ។ ករណី​នេះ លោក​បាន​សរសេរ​លិខិត​​ទៅ​សាលា​ក្រុង​ឲ្យ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ហាក់​ដូច​មិន​មាន​ប្រសិទ្ធភាព​សោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


តា​ហ៊្វុយហ្សូ ប្រាប់​ថា លោក​បាន​ដាក់​លិខិត​ជូន​ទៅ​សាលា​ក្រុង​​ជិត​១ខែ​មក​ហើយ​ ដើម្បី​ជួយ​ឲ្យ​ក្រុមហ៊ុន​ស៊ីនទ្រី ប្រមូល​សំរាម​ចេញ​ពី ដំបន់​ជាប់​របង​ផ្ទះ​លោក​ចេញ ប៉ុន្តែ​ចំណាត់​ការ របស់​​សាលា​ក្រុង​នៅ​មិន​ទាន់​ឃើញ​ផល​ជា​ផ្លែ​ផ្កា​ឡើយ។”ម្សិល​មិញ ខាង​ក្រុង​ខណ្ឌ​មក​ជួប​ខ្ញុំ ថត​សំរាម​យក​ទៅ ខ្ញុំ​ពិបាក​រស​នៅ​ពេក​ខ្ញុំ​​បាន​ស្នើ​គាត់ ឲ្យ​ជួយ​និយាយ​ក្រុមហ៊ុន​​យាយភូ ​​ជួយ​ទិញ​ផ្ទះ​ខ្ញុំ​​ផង ក្នុង​តម្លៃ​ទីផ្សារ ហើយ​គាត់​ថា ចាំ​គាត់​​ជួយ​និយាយ​ទៅ​ក្រុមហ៊ុន​ឲ្យ ចំពោះ​រឿង​សំរាម គាត់​និង​​រាយការណ៍​ទៅ​ថ្នាក់​លើ​ឲ្យ​កាយ​ចេញ តែ​ខ្ញុំ​ដូច​អត់​សង្ឃឹម​ទេ​អា​រឿង​រាយការណ៍​នឹង រាប់​​ឆ្នាំ​ហើយ សំរាម​នៅ​តែ​ដដែល” តា ហ៊្វុយហ្សូ លើក​ឡើង ។

ផ្ទះ​របស់​តាម ហ៊្វុយហ្សូ​មាន ទំហំ​ ១០ ម៉ែត្រ គុណ ១៣.៤ ម៉ែត្រ តម្លៃ​ដែល​លោក ដាក់​លក់​នោះ ៣៥០០ ដុល្លារ ក្នុង​១​ការ៉េ លោក​ថា ប្រសិន​បើ​លោក​លក់​ផ្ទះ​នេះ ដាច់​តាម​តម្លៃ​ទីផ្សារ​នោះ លោក​និង​យក​ប្រាក់​ទៅ​ព្យាបាល​ជំងឺ របស់​លោក នៅ​ឯ​​ក្រៅ​ប្រទេស ព្រម​ទាំង សម្រាប់​ទ្រទ្រង់​ដល់ ក្មេងៗ​ក្នុង​អង្គការ។



អង្គការ NACA របស់​តា ហ៊្វុយសូ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០០ ដោយ​ទទួល​​យក​តែ​កុមារ​កំព្រា ឬ​កុមារ​ដែល​​ក្រីក្រ​គ្មាន​លទ្ធភាព​​ទៅ​សាលារៀន ក្នុង​ចន្លោះ​ពី អាយុ​៦​ឆ្នាំ រហូត​ដល់​ទៅ​១៨​ឆ្នាំ ។ អង្គការ​មួយ​នេះ មាន​បង្រៀន​សិល្បៈ​របាំ​គ្រប់​ប្រភេទ  តារា​សម្ដែង​ខារ៉ាអូខេ ពិធី​ករ បង្រៀន​ភាសា អង់គ្លេស  និង ចំណេះដឹង​ទូទៅ​ជា​ដើម។ ស្ថិត​នៅ​ប្លុក​ផ្ទះ​បាក់​បែក បឹង​កក់ ក្រោយ ស្ថាន​ទូត​បារាំង បច្ចុប្បន្ន​មាន​​ក្មេងៗ​កំពុង​​ស្នាក់​នៅ​រៀន​សូត្រ​ជិត​២៧​នាក់។ លោក ថ្លែង​ថា រាក់​ថ្ងៃ​មាន​ជំនួយ​​ពី​សប្បុរស​ផ្ដល់​ឲ្យ​ដូច​កាល​មុខ​​ឡើយ គឺ​ពឹង​ផ្អែក ពី​ការ​ប្រគំតន្ត្រី​​ជា​ប្រចាំ​នៅ​ផ្សារ​រាត្រី។

បញ្ហា​ក្លិន​​សំរាម​ខាង​លើ​ដែល​កើត​ឡើង​​ជា​ច្រើន​ឆ្នាំ​មក​នេះ​ជា​រឿយៗ​តែង​ប៉ះពាល់​សុខភាព​ក្មេងៗ​​ក្នុង​អង្គការ​លោក​ជា​ប្រចាំ ហើយ​បច្ចុប្បន្ន​នេះ ក្មេងៗ​បាន​ធ្លាក់​ខ្លួន​ឈឺ​៣​ទៅ​៤នាក់។

ជុំ​វិញ​ករណី​ខាង​លើ​នេះ​​គេហទំព័រ​ឧកញ៉ា​ញូស៏​មិន​ទាន់​ទាន់​ទង​ដើម្បី បញ្ជាក់​បន្ថែម​ខាង​ក្រុម​ហ៊ុន​ស៊ីន​ទ្រី ក៏​ដូច ជា​សាលា​រាជធានី​ភ្នំពេញ​បាន​ឡើយ។ តា ហ៊្វុយសូ និយាយ​ថា ប្រសិន​បើ​ខាង​សាលា​ក្រុង គ្មាន​ចំណាក់​ការ​ទៅ​លើ​​ក្រុម​ហ៊ុន​ស៊ីនទ្រី ឲ្យ​ប្រមូល​សំរាម​​ចេញ​ទៅ​​ទេ នោះ​លោក​នឹង ធ្វើ​លិខិត​សុំ​អន្តរាគមន៍​ទៅ សម្ដេច​ក្រឡាហោម ស ខេង ឲ្យ​​ជួយ​លើ កិច្ចការ​នេះ៕