កសិករមួយផលិតពងទាកូនធំជាងគេ ក្នុងការផ្គត់ផ្គង់ទៅកាន់ទីផ្សាររាជធានីខេត្ត និងទទួលប្រាក់ចំណូលកន្លះម៉ឺនដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ គឺជាឃុំមួយមានបងប្អូនប្រជាកសិករជាច្រើនគ្រួសារនិយមចូលចិត្តចិញ្ចឹមទា និងភ្ញាស់ពងទា ជាលក្ខណៈប្រពៃណី តៗគ្នាមក ដោយចាត់ទុកថាអាចជួយបង្កើនប្រាក់ចំណូល ក្នុងជីវភាពគ្រួសាររបស់ពួកគាត់បានយ៉ាងល្អប្រសើរ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវបានឲ្យដឹងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សូត សុផល និងភរិយា នូ សាវឿន មានកូនប្រុស ០៣នាក់ រស់នៅភូមិសាមគ្គី ឃុំស្រែរនោងបានឲ្យដឹងថា៖ គ្រួសារលោកបានចាប់ផ្តើមប្រកបរបរទិញលក់ពងទា និងកូនទានៅឆ្នាំ២០០៣ ដោយរដូវវស្សាដឹកកូនទាលក់ នៅរដូវប្រាំងស៊ីឈ្នួលដឹកពងទា អាចរកចំណូលបានត្រឹមតែ ៥០០ ០០០-៦០០ ០០០រ/ខែ។ ឆ្នាំ២០០៧ លោកចាប់ផ្តើមបង្កើតឡភ្ញាស់អង្កាមចំនួន១ អាចដាក់ពងភ្ញាស់បានចំនួន១ ២០០គ្រាប់ ក្នុងរយៈពេល ៤ថ្ងៃ ហើយទទួលបានចំណូល ២ ០០០ ០០០-៣ ០០០ ០០០រ/ខែ។
ដោយពិនិត្យឃើញថារបរនេះមានចំណូលខ្ពស់ និងមានទីផ្សារច្រើន ពិសេសទីផ្សារនៅរាជធានីភ្នំពេញ គ្រួសារលោកបានបង្កើនការភ្ញាស់ពីមួយឆ្នាំទៅមួយឆ្នាំ។

រហូតដល់ឆ្នាំ២០១៦ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជា មួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបើវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមទា យកពង និងវិធីសាស្រ្តភ្ញាស់ពងទាដោយប្រើភ្លើងអគ្គិសនី។ ទទួលបានបទពិសោធន៍ លោកចាប់ ផ្តើមប្រើឡភ្ញាស់ពងទាដោយប្រើអគ្គិសនី ដែលអាចដាក់ពងទាភ្ញាស់បានចំនួន ៩ ០០០ គ្រាប់ ក្នុងរយ:ពេល ៤ថ្ងៃ។ ពីមួយជំហានទៅមួយជំហាន ភាពជោគជ័យកាន់តែល្អប្រសើរឡើង រហូតមកទល់បច្ចុប្បន្ន លោកមានឡភ្ញាស់ពងទាចំនួន២ ដែលអាចដាក់ពងភ្ញាស់បានចំនួន ៣០០ ០០០គ្រាប់/ខែ។ គាត់អាចលក់ផលិតផលចេញជា ៣ប្រភេទ ៖
– ពងទា ៦០ ០០០គ្រាប់/ខែ (៥០០-៥៥០រ/គ្រាប់) = ៣១ ៥០០ ០០០រ
– ពងទាកូន ៧៥ ០០០គ្រាប់/ខែ (៥០០-៦០០រ/គ្រាប់) = ៤១ ២៥០ ០០០រ
– កូនទា ១២ ០០០-១៥ ០០០ក្ប/ខែ(១៨០០-២០០០រ/ក្ប)= ២៥ ៦៥០ ០០០រ

ចំណូលដែលទទួលបានពីអាជីវកម្មនេះប្រមាណ ៩ ០០០ ០០០-១២ ០០០ ០០០រៀល/ខែ។ លោកបានបញ្ចាក់បន្ថែមថាក្នុងបរិបទនៃការរាលដាលជាសកលជំងឺឆ្លងកូវីដ-១៩ នេះមានអ្នកភូមិជាច្រើនមិនបានទៅរកការងារខាងក្រៅ ហើយងាកមកចាប់យករបរចិញ្ចឹមទាវិញ។ ដូចនេះ វាជាឱកាសដ៏ល្អមួយសម្រាប់គាត់ធ្វើការពង្រីកអាជីវកម្មនេះបន្ថែមទៀត ដោយជ្រើសរើសយកអ្នកភូមិដែលគ្មានការងារធ្វើមកចូលរួមធ្វើការជាមួយលោក។ ដោយសារមានពលកម្មគ្រប់គ្រាន់ សព្វថ្ងៃគាត់អាចលក់ពងទាកូនបានចំនួន ៨០ ០០០-១០០ ០០០គ្រាប់/ថ្ងៃ ទីផ្សារធំបំផុតគឺរាជធានីភ្នំពេញ។ បច្ចុប្បន្ននៅទូទាំងឃុំ មានឡភ្ញាស់ពងទាកូនចំនួន២៧ និងមានអ្នកចិញ្ចឹមទាហ្វូងចំនួន ៥៦គ្រូសារ ក្នុងនោះមានឡភ្ញាស់ដោយប្រើអង្កាមចំនួន១២ និងឡភ្ញាស់ដោយប្រើចរន្តអគ្គីសនីចំនួន១៥ ហើយពួកគាត់ក៏បានចងក្រងជាសមាគមអាជីវកម្មភ្ញាស់ពងទាកូនស្រែរនោង រួចហើយដែរ។ សព្វថ្ងៃនេះគិតជាមធ្យមឃុំស្រែរនោងទាំងមូល អាចផ្គត់ផ្គង់ពងទាកូនឲ្យទីផ្សារបានចំនួន ២០០ ០០០គ្រាប់/ថ្ងៃ (ជ្រកក្រោមម្លប់ឈើត្រូវនឹកដល់អ្នកដាំ ផឹកទឹកអណ្តូងត្រូវនឹកដល់អ្នកជីក បរិភោគពងទាកូនត្រូវនឹកដល់ឃុំស្រែរនោង)។