ការបង្ករោគពីធ្មេញអាចនាំអោយមានគ្រោះថ្នាក់ដល់ជីវិត!

សង្គម​និង​សេដ្ឋកិច្ច
4 Shares

នៅពេលលោកអ្នកឈឺធ្មេញហើយមានសភាពហើមមុខ លឹបភ្នែក ឬហើមតំបន់ក្រោមឆ្អឹងថ្គាម ឬចង្កា ដែលប៉ះពាល់ និងពិបាកដល់ការលេបចំណីអាហារ ឬទឹកមាត់ (មានន័យថាប៉ះពាល់ដល់ផ្លូវដកដង្ហើម) សូមប្រញាប់មកជួបទន្តបណ្ឌិត ឬគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ព្រោះអ្នកជំងឺអាចស្លាប់បាន ប្រសិនបើមិនទទួលការការព្យាបាលបានត្រឹមត្រូវ។

១) មូលហេតុធំៗ និងសំខាន់ៗ៖
– ការបង្កររោគចុងឬសធ្មេញស្រួចស្រាវ ដោយសារការងាប់បណ្ដូលធ្មេញ ឬការព្យាបាលរន្ធឬសធ្មេញមិនបានត្រឹមត្រូវ
– ជំងឺរលាកជាលិកាជុំវិញធ្មេញដែលបង្កជាខ្ទុះ
– ការរលាកសាច់ដែលគ្របពីលើធ្មេញថ្គាមទាល់ខាងក្រោមដែលដុះចេញមក
– ការប្រើប្រាស់ឧបករណ៍មិនស្អាត (មិនបានសំលាប់មេរោគឲ្យបានត្រឹមត្រូវ)

២) កត្តាបង្កគ្រោះថ្នាក់ដល់អាយុជីវិត៖
– ប្រសិនបើមិនព្យាបាលឲ្យទាន់ពេលវេលាទេនោះ មេរោគ (Bacteria) ដែលបង្កឲ្យមានការករខ្ទុះអាចរីករាលដាលពីតំបន់ធ្មេញទៅកាន់តំបន់ផ្សេងៗទៀតដូចជាៈ
· ផ្នែកធ្មេញខាងលើៈ នាំឲ្យហើមមុខជុំវិញភ្នែក រួចឆ្លងចូលទៅតំបន់ Cavernous Sinus និងអាចឆ្លងចូលទៅកាន់ខួរក្បាល។
· ផ្នែកធ្មេញខាងក្រោមៈ នាំឲ្យហើមតំបន់ក្រោមចង្កា និងតំបន់ឆ្អឹងថ្គាមក្រោម (ធ្វើឲ្យពិបាកលេខទឹកមាត់ និងស្ទះផ្លូវដង្ហើម) ហើយអាចរីករាលដាលដល់តំបន់ទ្រូង (Mediastinum) និង Infective Endocarditis។ មួយវិញទៀតមេរោគអាចចូលទៅក្នុងឈាមដោយផ្ទាល់ (Septicemia)។

៣) ការព្យាបាល៖
ការព្យាបាលអាចធ្វើទៅតាមដំណាក់កាលដូចខាងក្រោមៈ
– ធ្វើការចោះបង្ហូរខ្ទុះរួចលាងសំអាតឲ្យត្រឹមត្រូវ
– ការយកខ្ទុះទៅវិភាគរកមេរោគ និងការប្រើប្រាស់ថ្នាំត្រឹមត្រូវ
– យកមូលហេតុដែលបង្ករោគចេញៈ ដោយការព្យាបាលធ្មេញ ឬដកធ្មេញនោះចេញតែម្តង
– ការប្រើប្រាស់ថ្នាំ
– ក្នុងករណីធ្ងន់ធ្ងរត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

៤) អនុសាសន៍ និងការការពារ៖
– សូមជួបជាមួយទន្តបណ្ឌិត ឬគ្រូពេទ្យជំនាញពេលលោកអ្នកមានបញ្ហាធ្មេញ ឬហើមមុខមាត់ ជៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯង។
– បញ្ហាមាត់ធ្មេញអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត សូមមកជួបជាមួយទន្តបណ្ឌិត ជារៀងរាល់ ៦ខែម្តង ដើម្បីពិនិត្យសុខភាពមាត់ធ្មេញលោកអ្នក។

ប្រភព៖មន្ទីរពេទ្យកាល់មែត្រ

ការបង្ករោគពីធ្មេញអាចនាំអោយមានគ្រោះថ្នាក់ដល់ជីវិត!
4 Shares