ក្រសួងពាណិជ្ជកម្មចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើការប្រមូលពន្ធលើសេវាឌីជីថល…

ទាន់​ហេតុការណ៍ អាជីវកម្ម
5 Shares

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារជំនាញចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើការប្រមូលពន្ធលើសេវាឌីជីថល (Digital Services Tax) ជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ថ្លែងនៅក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម សុខ សុភ័ក្រ្ត មានប្រសាសន៍លើកឡើងនូវធាតុចូលចាំបាច់មួយចំនួនដើម្បីឱ្យអង្គប្រជុំពិនិត្យនិងពិចារណាពាក់ព័ន្ធនឹងការប្រមូលពន្ធលើសេវាឌីជីថលនេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីនិន្នាការអន្តរជាតិនិងតំបន់ចំពោះការកំណត់ពន្ធលើផលិតផលនិងសេវាឌីជីថល អំពីកាតព្វកិច្ចផ្នែកពន្ធដែលជាការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជានៅក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន (Cross-border E-Commerce)។

ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់ និងស៊ីជម្រៅអំពីយន្តការ និងនីតិវិធីនៅក្នុងការប្រមូលពន្ធលើសេវាឌីជីថល ក្នុងកម្រិតសកល និងតំបន់ ដោយនឹងសហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជនផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ ជំរុញឲ្យមានការសិក្សាអោយលម្អិតបំផុត ទាំងការប្រមូលទិន្នន័យសម្រាប់វិភាគ និងការវាយតម្លៃលើផលប៉ះពាល់ និងកាលានុវត្តភាពចេញពីការយកពន្ធលើសេវាឌីជីថលនេះ ដើម្បីធានាថា គោលនយោបាយប្រមូលពន្ធលើសេវាឌីជីថលនេះ ផ្តល់តម្លាភាព សមធម៌ និងតុល្យភាព ជូនក្រុមហ៊ុនឯកជនផ្តល់សេវាឌីជីថល អ្នកប្រើប្រាស់សេវាឌីជីថល និងស្ថាប័នអនុវត្តគោលនយោបាយនេះ ។

5 Shares