អង់គ្លេស មានសង្ឃឹមឡើងវិញ ក្រោយជួប EU ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម

Uncategorized
12 Shares

មេដឹកនាំចក្រភពអង់គ្លេស និងសហភាពអ៊ឺរ៉ុប (EU) និយាយថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងក្នុងការចរចាពាណិជ្ជកម្មក្រោយ Brexit ។

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានធ្វើសេចក្តីប្រកាសនេះនៅក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែកពីគ្នាកាលពីថ្ងៃព្រហស្បតិ៍ ។

លោក Johnson បាននិយាយថា ភាគីទាំងពីរបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុត ។ លោកបាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយនឹងការពារការងារនៅទូទាំងប្រទេស និងអនុញ្ញាតឲ្យទំនិញ និងគ្រឿងបន្លាស់ចក្រភពអង់គ្លេសត្រូវបានលក់ដោយគ្មានពន្ធនៅក្នុងទីផ្សារអឺរ៉ុប ។

ចំណែកលោកស្រី Von der Leyen បាននិយាយថា វាជាផ្លូវវែងឆ្ងាយ និងវិលវល់ ប៉ុន្តែភាគីទាំងពីរទទួលបានកិច្ចព្រមព្រៀងដ៏ល្អមួយ ។ លោកស្រីបានហៅកិច្ចព្រមព្រៀងនោះថា “យុត្តិធម៌” និង “មានតុល្យភាព” ។

កិច្ចព្រមព្រៀងនេះបានកើតឡើងត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះមុនកាលបរិច្ឆេទកំណត់នៅបញ្ចប់ឆ្នាំ ។

ស្របពេលជាមួយគ្នានេះក្រុមអ្នកវិភាគនិយាយថា កង្វះកិច្ចព្រមព្រៀងណាមួយនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចអង់គ្លេស និង EU ដែលកំពុងរងផលប៉ះពាល់រួចទៅហើយពីការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ។

កិច្ចព្រមព្រៀងបញ្ចៀសពន្ធគយដែលនឹងត្រូវដាក់លើផលិតផលដែលត្រូវធ្វើពាណិជ្ជកម្មវាងចក្រភពអង់គ្លេស និង EU គឺចាប់ពីថ្ងៃឆ្លងឆ្នាំថ្មីតទៅ ។

គួរបញ្ជាក់ថា កិច្ចចរចានេះបានចាប់ផ្តើមនៅក្នុងខែមីនា បន្ទាប់ពីចក្រភពអង់គ្លេសបានចាកចេញពី EU កាលពីខែមករា ខណៈចំណុចចុងក្រោយដែលជាប់គាំងនោះរួមមានសិទ្ធិនេសាទរបស់ EU ក្នុងដែនទឹកអង់គ្លេស ៕

ប្រភព ៖ NHK

12 Shares