ព្រឹត្តិការណ៍ធំៗនៅកម្ពុជា ដែលមិនធ្លាប់មានបានកើតឡើងនៅឆ្នាំ២០២០

សង្គម​និង​សេដ្ឋកិច្ច
146 Shares

នៅឆ្នាំ២០២០នេះ មានព្រឹត្តិការណ៍ធំៗ និងចាប់អារម្មណ៍ជាច្រើន បានកើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍ទាំងនោះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ប៉ុន្តែក្នុងចំណោមព្រឹត្តិការណ៍ទាំងនោះ ក៏មានព្រឹត្តិការណ៍ខ្លះធ្វើឲ្យពិភពលោក ក៏ដូចជាអន្តរជាតិ ចាប់អារម្មណ៍ និងស្គាល់កម្ពុជាផងដែរ ដែលព្រឹត្តិការណ៍ទាំងនោះមានដូចជា៖
ទី១ បាក់រលំអគារកម្ពស់៦ជាន់នៅខេត្តកែប

ករណីបាក់រលំអគារនៅខេត្តកែប៖ គិតត្រឹមម៉ោង៥ព្រឹក រកឃើញជនរងគ្រោះចំនួន២៥នាក់,  ស្លាប់៧នាក់ ខណៈក្រុមសង្រ្គោះកំពុងបន្តប្រតិបត្តិការយ៉ាង ...

អគារកម្ពស់៦ជាន់ កំពុងស្ថិតនៅក្នុងការសាងសង់ ស្ថិតនៅក្រុងកែប បានបាក់រលំនៅវេលាម៉ោង៤ និង១៥នាទី រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលបណ្ដាលឲ្យមនុស្សរងគ្រោះសរុប៥៩នាក់ ហើយសំណង់អគារនេះជាកម្មសិទ្ធិរបស់ឈ្មោះ ឯក សារុន ជាប្តី និងឈីវ សុធី ជាប្រពន្ធ។

នៅថ្ងៃទី០៥ ខែមករា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅមើលផ្ទាល់នៅទីតាំងកើតហេតុ និងថ្លែងប្រកាសបិទប្រតិបត្តិការជួយសង្រ្គោះក្នុងករណីបាក់រលំអគារនោះ ហើយតុល្យការចុងក្រោយជនរងគ្រោះសរុបទាំងអស់៥៩នាក់ ចេញពីគំនរអគារនៅខេត្តកែប ក្នុងនោះមានជនរងគ្រោះស្លាប់៣៦ នាក់បានស្លាប់ (ស្រី១៤នាក់) នៅមានជីវិត២៣នាក់ (ប្រុស១៥ ស្រី៨នាក់)។

នៅក្នុងហេតុការណ៍បាក់រលំអគារនេះ ក្រៅពីទៅកាន់ទីតាំងអគារបាក់រលំ សម្ដេចក៏បានអញ្ជើញទៅកាន់មន្ទីរពេទ្យសាកសួរសុខទុក្ខជនរងគ្រោះ ដែលយកចេញពីគំនរអគារបាក់រលំផងដែរ។ នៅរសៀលថ្ងៃទី០៥ ខែមករា សម្តេចតេជោ ហ៊ុន សែន បានចេញលិខិតថ្លែងអំណរព្រះរាជគុណដល់ព្រះមហាក្សត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមជួយឧបត្ថម្ភដល់ជនរងគ្រោះ ក្នុងព្រឹត្តិការណ៍បាក់រលំអគារ៕

ទី២ កម្ពុជាបានរកឃើញករណីជំងឺកូវីដ១៩

Pin on Sabay Social

ប្រទេសកម្ពុជា បានរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ គិតមកដល់ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានអ្នកជំងឺកូវីដ-១៩សរុបចំនួន៣៥៦នាក់ (ស្រ្តី៨៣នាក់ និងបុរស២៧៣នាក់)។ ក្នុងនោះព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន៣០៧នាក់ (ស្មើនឹង៨៦,២៥ភាគរយធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់)។ នៅក្នុងចំនួននេះ មានស្រី៦៣នាក់ និងបុរស ២៤៤នាក់៕

ទី៣ នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកឈ្មោះ Westerdam ចូលចត

នាវា Westerdam របស់អាមេរិកជាមួយអ្នកបម្រើការងារ នៅលើនាវាចំនួន៧៤៧នាក់  នឹងចាកចេញពីកម្ពុជានៅថ្ងៃទី២២ ខែកុម្ភៈ (Video inside)

កប៉ាល់ទេសចរណ៍ Westerdam មានដឹកមនុស្សសរុបជាង២,២០០នាក់ ក្នុងនោះអ្នកដំណើរ១,៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19) ហើយបន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា Westerdam បានមកចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដែលការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់លើកប៉ាល់មិនមានអ្នកណាម្នាក់ ផ្ទុកមេរោគកូរ៉ូណាថ្មី ឬ Covid-19 នោះទេ។

បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឲ្យនាវាទេសចរណ៍ខ្នាតយក្ស របស់សហរដ្ឋអាមេរិក មួយគ្រឿង ឈ្មោះ Westerdam ចូលចត ក្រុមហ៊ុន Holland America Line និងអ្នកដំណើរ ដែលកំពុងស្ថិតនៅលើនាវា Westerdam បានសរសេរសារនៅលើ Facebook ដោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធរកម្ពុជា ដែលបានគាំទ្រ និងអនុញ្ញាតឲ្យកប៉ាល់របស់ខ្លួនបានចូលចតនៅកំពង់ផែព្រះសីហនុ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការអនុញ្ញាតឲ្យនាវាទេសចរណ៍របស់អាមេរិកចូលចតកម្ពុជា ដើម្បីបំបាត់ជំងឺភ័យខ្លាច និងគ្មានការរើសអើងពូជសាសន៍។ ការអនុញ្ញតឲ្យចូលនេះ បង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោក ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្នដោយត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសន្ដានចិត្តរបស់កម្ពុជា សម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។ បើគេមិនទទួល គឺកម្ពុជាទទួល, កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ តែធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកប ដោយស្មារតីទទួលខុសត្រូវ”៕

ទី៤ ជំនន់ទឹកភ្លៀងឆ្នាំ២០២០

សូមរំលែកទុក្ខផង! គិតត្រឹមថ្ងៃទី ២១ តុលា កម្ពុជាមានអ្នកស្លាប់ដោយទឹកជំនន់ ៣៦  នាក់ – Popular Magazine

ប្រទេសកម្ពុជា បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀងឆ្នាំ២០២០ ចាប់ពីខែកញ្ញា ដល់ខែតុលា ហើយបើតាមទិន្នន័យផលប៉ះពាល់ខូចខាត ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៧ ខែតុលា ជំនន់ទឹកភ្លៀងនេះ បានធ្វើឲ្យប៉ះពាល់២០ រាជធានី-ខេត្ត ដែលស្មើ១២១ ក្រុង, ស្រុក, ខណ្ឌ។ ក្នុងនោះមាន ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ។

ប៉ះពាល់ប្រជាជនប្រមាណ១៤៩,៨៥៧គ្រួសារ ស្មើប្រមាណ៥៩៩,៤២៨នាក់។ ប្រជាជនជម្លៀសប្រមាណ១១,៨៩៦គ្រួសារ ស្មើប្រមាណ៤៧,៥៨៤នាក់ ប្រជាជនស្លាប់៤៤នាក់។ ផ្ទះប៉ះពាល់ប្រមាណ១៣៤,០០៣ខ្នង និងខូចខាត៦៣ខ្នង។ សាលារៀនលិចទឹកប្រមាណ៩៥១កន្លែង និងវត្តលិចទឹកប្រមាណ៣០៧កន្លែង។ ស្រូវលិចទឹកប្រមាណ២៨៤,៩៦១ហិកតា និងដំណាំរួមផ្សំលិចទឹក ៩៧,០២៩ហិកតា។ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៦២៧ គ.ម។ ផ្លូវលំជនបទលិចទឹកប្រមាណ១,៦៨៥ គ.ម។ ទំនប់ប៉ះពាល់ប្រមាណ៤៩ គ.ម។ប្រឡាយមេ ប៉ះពាល់ប្រមាណ២៧១គ.ម។ ប្រឡាយរង ប៉ះពាល់ប្រមាណ២៧២គ.ម។ ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ១៤៦គ.ម និងច្រាំងទន្លេ ប៉ះពាល់២១៩៥ គ.ម។

សូមបញ្ជាក់ថា ក្រោយពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀងឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញថវិកាដែលបានបម្រុងទុក និងបញ្ជាឲ្យអាជ្ញាធរ ចាត់វិធានការស្តាហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតទាំងនោះឡើងវិញជាបន្ទាន់៕

ទី៥ ព្រឹត្តិការណ៍០៣ ខែវិច្ឆិកា

រដ្ឋមន្រ្តីកម្ពុជា២រូបដាក់ខ្លួននៅដាច់ដោយឡែកក្រោយជួបរដ្ឋមន្រ្តីហុងគ្រី ដែលមានកូវីដ១៩

នៅថ្ងៃទី០៣ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjarto បានធ្វើដំណើរបំពេញទស្សនកិច្ចមកប្រទេសកម្ពុជា ដែលព្រឹត្តិការណ៍នេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បានដាក់ឈ្មោះថា ជាព្រឹត្តិការណ៍០៣ ខែវិច្ឆិកា ដែលនោះក្នុងដំណើរបំពេញទស្សនកិច្ច បានផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ ជាថ្មី ខណៈដែលកម្ពុជា បានស្ងប់ស្ងាត់ទៅហើយ។ នៅក្នុងព្រឹត្តិការណ៍នោះ មានមនុស្សជាង២០០០នាក់ ដែលពាក់ព័ន្ធ ទាំងផ្ទាល់ និងប្រយោល ត្រូវបានធ្វើតេស្ត ហើយបានរកឃើញវិជ្ជមានចំនួន៤នាក់៕

ទី៦ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា

សម្ដេចតេជោ ៖ បើឲ្យលោក ឆែម សាវុធ ចូលនិវត្តន៍គឺជាទង្វើអគុណធម៌ – DAP News

ព្រឹត្តិការណ៍សហគមន៍ ថ្ងៃទី២៨ ខែវិច្ឆិកា ត្រូវបានរកឃើញដំបូងលើគ្រួសារលោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ហើយបានរីករាលដាលយ៉ាងខ្លាំង និងមានមនុស្សជាច្រើននាក់ បានឆ្លងជំងឺកូវីដ-១៩ ។

ក្រោយពីផ្ដើមហេតុការណ៍នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការណ៍ជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់។ ទោះជាយ៉ាងណា សម្រាប់អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មកដល់ថ្ងៃទី០៩ ខែធ្នូ ក្រសួងបានធ្វើតេស្តសរុបចំនួន៣,៧៩២សំណាក ដោយឡែក មាននៅសល់វត្ថុសំណាក ចំនួន៣,៧២៥សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្ត ហើយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ ដូច្នេះសរុបពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ មានមនុស្សចំនួន៣៩នាក់ ហើយដែលត្រូវបានរកឃើញមានវិជ្ជមានវីរុសកូវីដ-១៩៕

ទី៧ សម្ដេចតេជោ ហ៊ុន សែន ប្រកាសទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន១លានដូស

សម្តេចតេជោ៖ សរុបថវិកាដែលសប្បុរសជនចូលរួមរហូតពេលនេះមានជាង១៨លានដុល្លារអាមេរិក

កាលពីល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ប៉ុន្តែដោយស្ថិតក្នុងស្ថានភាពដែលប្រទេសកម្ពុជា នៅខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេចបានណែនាំរដ្ឋមន្ត្រីទាំង២រូប ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនកម្ពុជា ហើយសម្តេចសង្ឃឹមថា ដៃគូអភិវឌ្ឍន៍នឹងផ្តល់ជំនួយដល់ប្រជាជនកម្ពុជា ឬយ៉ាងហោចក៏លក់ក្នុងតម្លៃថោកសមរម្យ។

២យប់ ៣ថ្ងៃ កូនខ្មែរគ្រប់ស្រទាប់វណ្ណៈ  បរិច្ចាគថវិកាជូនរាជរដ្ឋាភិបាលខ្ទង់លានដុល្លារ ទិញវ៉ាក់សាំងការពាកូវីដ

ក្រោយពីមានគម្រោងនេះ ចលនានៃការចូលរួមបានចេញមកយ៉ាងគ្រឹកគ្រេង ពីសំណាក់ឧកញ៉ាល្បីៗនៅកម្ពុជា បន្ទាប់មកក៏មានមន្ត្រីរាជការ នៅតាមក្រសួង ស្ថាប័ននានា របស់រាជរដ្ឋាភិបាល មានព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនទៀត ក៏បានចូលរួមផងដែរ។ សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន បានចាត់ទុកចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកានេះថា ជាខឿនការពារសុខភាពរបស់ប្រជាជន។

បើតាមគម្រោង ជាជំហានដំបូងរាជរដ្ឋាភិបាល បានត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែង ដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូស ចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដូស) ក្នុងពេលកម្ពុជា មានប្រជាជន១៦ លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះមនុស្សប្រមាណ១០លានាក់ ត្រូវការចាក់វ៉ាក់សាំង៕

ព្រឹត្តិការណ៍ធំៗនៅកម្ពុជា ដែលមិនធ្លាប់មានបានកើតឡើងនៅឆ្នាំ២០២០
146 Shares