ធនាគារជាតិនៃកម្ពុជាបានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាអាចនឹងងើបឡើងវិញក្នុងឆមាសទី១

សង្គម​និង​សេដ្ឋកិច្ច
47 Shares

ធនាគារជាតិនៃកម្ពុជាបានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាអាចនឹងងើបឡើងវិញក្នុងរង្វង់៤ភាគរយ ប្រសិនបើវ៉ាក់សាំងកូវីដ-១៩ មានប្រសិទ្ធភាពអាចទប់ស្កាត់ជំងឺនេះបាននៅក្នុងឆមាសទី១ឆ្នាំ២០២១ខាងមុខ។
យោងតាមរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ ២០២០ និងទស្សនវិស័យឆ្នាំ ២០២១ ដែលចេញផ្សាយដោយធនាគារនៅថ្ងៃ ៣១ ខែធ្នូឆ្នាំ២០២០ បានឲ្យដឹងថា «ក្នុងបរិការណ៍ ដែលថ្នាំបង្ការជំងឺកូវីដ១៩មានប្រសិទ្ធភាពអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានក្នុងឆមាសទី១ ឆ្នាំ២០២១ នោះសេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងងើបឡើងវិញក្នុងរង្វង់៤ភាគរយ ហើយអត្រាអតិផរណារំពឹងមានកម្រិតក្រោម៣ភាគរយ។

ធនាគារជាតិ បានបញ្ជាក់ថា ក្រៅពីប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ-១៩នោះ ល្បឿននៃការងើបឡើងនៃកំណើនក្នុងប្រទេស ជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជានិងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុក គឺជាចលករយ៉ាងចម្បងដែលជួយឲ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់៤ភាគរយ នៅក្នុងឆ្នាំ២០២១ដែរ។
ស្ថិតក្នុងកាលៈទេសៈទប់ស្កាត់កូវីដ-១៩នេះចការបន្តពង្រឹងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុកថែមទៀត អាចជួយទ្រទ្រង់
និងកាត់បន្ថយការប៉ះពាល់លើកំណើនសេដ្ឋកិច្ចកម្ពុជាដោយសារការធ្លាក់ចុះនៃវិស័យខាងក្រៅ។

ធនាគារជាតិ បានបញ្ជាក់ថា ការបន្តអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកស្ទួយអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម, ការជំរុញនវានុវត្តន៍និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗលើគ្រប់វិស័យ គឺមានសារៈសំខាន់ណាស់ក្នុងការពង្រឹងមូលដ្ឋាននៃកំណើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកស្របពេលដែលវិស័យកសិកម្មបន្តដើរតួនាទីយ៉ាងសំខាន់និងមានសក្តានុពលក្នុងស្រូបឥទ្ធិពលបានមួយផ្នែកនៃវិបត្តិកូវីដ-១៩នៃភាពអត់ការងារធ្វើ និងគាំទ្រជីវភាពប្រជាជនក្រីក្រ។
ធនាគារជាតិព្យាករណ៍បន្តថា វិស័យកម្មន្តសាលរំពឹងថានឹងងើបឡើងជាលំដាប់ជាពិសេសវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ខណៈដែលវិស័យកសិកម្មរំពឹងថានឹងបន្តមានកំណើនល្អដូចឆ្នាំ២០២០។ ទន្ទឹមនេះ ការនាំចេញផលិតផលកសិកម្មជាពិសេសអង្ករ និងកៅស៊ូរំពឹងថាមានសន្ទុះកំណើនខ្ពស់ដែលគាំទ្រដោយការធ្វើពិពិធកម្មទីផ្សារកសិផលកម្ពុជានិងកំណើនតម្រូវការកៅស៊ូ ក្នុងស្ថានភាពនៃការប្រសើរឡើងនៃសេដ្ឋកិច្ចពិភពលោក។

ចំណែក វិស័យសំណង់ និងអចលនទ្រព្យរំពឹងថាងើបឡើងសន្សឹមៗស្របពេលជាមួយនឹងកំណើនវិនិយោគផ្ទាល់បរទេសការងើបឡើងវិញនៃចំណូលនិងការរំពឹងទុកពីការរីកចម្រើនសេដ្ឋកិច្ចជារួមនាពេលអនាគត។

ម្យ៉ាងទៀតវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ក៏ដូចជាវិស័យដឹកជញ្ជូននឹងអាចបន្តកើនឡើងវិញ ប៉ុន្តែក្នុងល្បឿនយឺត។
ផ្ទុយពីនេះលោក David Freedman សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាដែលហៅកាត់ថា ADB បានអះអាងជាថ្មីថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនស្ទុះឡើងវិញ ៥.៤ ភាគរយនៅឆ្នាំ ២០២១ ខណៈឆ្នាំ ២០២០ សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ ក្នុងរង្វង់ -៤.០% ដោយសារវិបត្តិជំងឺកូវីដ១៩។

លោកបានបញ្ជាក់ពីមូលហេតុថាការស្ទុះឡើងវិញសេដ្ឋកិច្ចកម្ពុជានៅឆ្នាំក្រោយដោយសារកម្ពុជាកំពុងធ្វើពិធីកម្មសមត្ថភាពនាំចេញរបស់ខ្លួន ដែលនេះជាគន្លឹះនៃកំណើននាពេលអនាគត ពីព្រោះកំណើនរបស់កម្ពុជាត្រូវបានបង្កើតឡើងដោយផ្អែកលើការបើកចំហពាណិជ្ជកម្ម។

ចំពោះធនាគារពិភពលោកវិញបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញជិត៤ភាគរយនៅឆ្នាំ២០២១ដោយសារការអន្តរាគមន៍របស់រដ្ឋាភិបាលកម្ពុជា។

លោកស្រី អ៊ីងហ្គូណាដូប្រាចា នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោកមានប្រសាសន៍ថា រដ្ឋាភិបាលចាំបាច់ត្រូវជំរុញលើកទឹកចិត្ត ឮដល់ការវិនិយោគក្នុងស្រុក និងពីបរទេសឱ្យទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងក្នុងតំបន់ដែលត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះ។ លទ្ធភាពនេះអាចធ្វើទៅរួចតាមរយៈការដាក់ចេញឱ្យបានឆាប់រហ័សនូវច្បាប់វិនិយោគមានភាពប្រកួតប្រជែងនិងប្រការលើកទឹកចិត្តនានាដល់ការវិនិយោគអមដោយវិធានការទាំងឡាយសំដៅបង្កភាពងាយស្រួលដល់ការធ្វើអាជីវកម្មផងដែរ៕ អត្ថបទ៖ កម្ពុជាថ្មី

ធនាគារជាតិនៃកម្ពុជាបានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាអាចនឹងងើបឡើងវិញក្នុងឆមាសទី១
47 Shares