ស្ពានអាកាសថ្មើរជើងផ្សារត្រាំខ្នា នៅតែស្ថិតក្នុងបន្ទុកនៃការសាងសង់

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងឱកាសចុះពិនិត្យស្ថានភាពគម្រោងសាងសង់ផ្លូវជាតិលេខ៣ នៅចំណុចស្ពាន៧មករា នៅថ្ងៃទី៤ ខែមករា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ស្ពានអាកាសថ្មើរជើងផ្សារត្រាំខ្នាកាត់ទទឹងផ្លូវជាតិលេខ៣ នៅតែស្ថិតក្នុងបន្ទុកនៃការសាងសង់ បើទោះបីជាមានការស្នើសុំឱ្យបញ្ឈប់គម្រោង ក្រោមហេតុផលថានឹងធ្វើឱ្យបាត់សោភ័ណភាពទីប្រជុំជននៅតំបន់នោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា គម្រោងស្ថាបនាស្ពានអាកាសសម្រាប់អ្នកថ្មើរជើងឆ្លងកាត់នេះនៅតែបន្តសាងសង់ ដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋពីគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះ ខណៈផ្លូវនេះមានទទឹងរហូតដល់២៤,៥ម៉ែត្រ និងមានទ្រូងផ្លូវចែកទិសចរាចរណ៍តាមបណ្តោយផ្លូវប្រវែង១០០ម៉ែត្រ ដែលបង្កផលវិបាកដល់ប្រជាពលរដ្ឋដើរឆ្លងកាត់។

ផ្លូវជាតិលេខ៣ ប្រវែងសរុបជាង១៣៤គីឡូម៉ែត្រ ក្នុងនោះប្រវែង៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅដល់បែកគូស មានទទឹង២៤,៥ម៉ែត្រ ត្រូវសាងសង់ជាផ្លូវ៤គន្លង ដោយ២ទៅ២មក មានសួនច្បារកណ្តាល និងចាប់ពីបែកគូសដល់ទីរួមខេត្តកំពតប្រវែងជាង៦៥គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ២គន្លង ១ទៅ១មក ដោយសារទទឹងផ្លូវមានតែ១២ម៉ែត្រ និងក្រាលបេតុងកៅស៊ូACកម្រាស់៧០មីលីម៉ែត្រ។

ដែលគ្រោងចំណាយថវិកាសរុបប្រមាណជាង២១៩លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងសាងសង់ដោយក្រុម ហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd)៕