អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាត់​វិធានការ លែង​​​កាប់​​ដើម​ឈើ​អាយុ​ជាង ៣ សតវត្ស​ន៍ ដែល​ប្រឈម​នឹង​​បាក់​រំលំ

សង្គម​និង​សេដ្ឋកិច្ច
8 Shares

គម្រោង​របស់​​សាលា​រាជធានី​ភ្នំពេញ​គម្រោង​និង​កាត់​ដើមឈើ​ដែល​មាន​អាយុកាល​ជាង ៣០០ ឆ្នាំ​នៅ​សួន​កាណាឌីយ៉ា​ទល់មុខ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ខណៈដែល​ដើម​ឈើ​នោះ​បាន​រលួយ ហើយ​អាច​បង្ក​ហានិភ័យ​នៃ​ការដួលរលំ ពេល​នេះ​បាន​ប្ដូរ​ចិត្ត​វិញ​ហើយ ​ដោយ ឯក​ឧត្ដម ​ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ​បាន​​បញ្ជាក់​ឱ្យ​មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន ថែទាំនិងរក្សាទុកដើម​ឈើ​ចំនួន​៣​ដើមដែលចាស់ទ្រុឌទ្រោម ដោយ​លះ​មែក​ចេញ​មួយ​ចំនួន និង​ធ្វើជើងទម្រទប់ដើម ដើម្បី​ការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ។


ព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈ​អភិបាល​រាជធានី​ភ្នំពេញ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងមន្រ្ដីរដ្ឋបាលរាជធានីភំ្នពេញ ចុះ​ពិនិត្យ​ដើម​ឈើតាមបណ្ដោយវិថីព្រះអង្គឌួង​ និងវិថីក្រមួនសដោយផ្ទាល់។ ដោយ​ដើម​​ឈើ​ទាំង​នោះ​មាន​អាយុ​កាល​ច្រើនឆ្នាំ និង​បានផ្ដល់​ជាម្លប់​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមវិថីនេះ ឯក​ឧត្ដម​អភិបាលរាជធានីភំ្នពេញ បានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្ម និង​មន្ទីរ​បរិស្ថាន ​ថែទាំនិងរក្សាទុកដើមឈើចំនួន៣ដើមដែលចាស់ទ្រុឌទ្រោម ដោយលះមែកចេញមួយ​ចំនួន​ និង​ធ្វើជើងទម្រទប់ដើម ដើម្បី​ការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕

8 Shares