ជាង ១០ ឆ្នាំក្នុង​វិថី​សិល្បៈ ភុល សុវណ្ណដានីន ទើប​បាន​ក្លាយ​ជា​អ្នក​តំណាង​ផលិតផល ឲ្យ​ក្រុម​ហ៊ុន​មួយ

កម្សាន្ត
805 Shares

ជាលើកដំបូងហើយដែលតារាសម្តែង ភុល សុវណ្ណដានីន ទទួលធ្វើជាអ្នកតំណាងផលិតផល ​មួយ ក្រោយពីប្រលូកក្នុងវិស័យសិល្បៈអស់ជាង ១០ ឆ្នាំ ។ ចូលឆ្នាំ ២០២១ ភ្លាម​បុរស​សង្ហារ ភុល សុវណ្ណដានីន មិន​ត្រឹម​តែ​ក្លាយ​ទៅជា​អ្នក​តំណាង​ផលិត​ផលធុង​បាសឱ្យ​ក្រុមហ៊ុន​ធំមួយ​ប៉ុណ្ណោះ​ទេ លោក​ថែម​ទាំង​មាន​ភាគ​ហ៊ុនតូច​មួយនៅទីនោះផងដែរ ដែល​កាន់​តែ​បង្ហាញ​ឱ្យ​ឃើញ​ថា​តារា​សម្តែង​រូប​នេះខ្លាំងមិនធម្មតាឡើយ ។

បុរសសង្ហារ ភុល សុវណ្ណដានីន ត្រូវបានក្រុមហ៊ុន Life T International ប្រកាសជាផ្លូវការ​ដោយ​ទទួល​ធ្វើ​ជាតារាតំណាងផលិតផលធុងបាសម៉ាក់ W King កាលពីថ្ងៃទី ២០ ខែ មករា ដោយ​មាន​ការ​ចូល​រួម​អបអរសាទរ ពីបណ្តាក្រុមហ៊ុនមួយចំនួន និង​សិល្បករសិល្បការីនីល្បីៗជាច្រើន នាឱកាសនោះ​ផងដែរក៏មានការបង្ហាញ​ម៉ូដពីសំណាក់តារាសម្តែងជាច្រើនដួង ដែលធ្វើឱ្យកម្មវិធីកាន់​តែ​កក្រើក​ឡើង ​។


លោក ផាត តូម៉ាស់ អគ្គនាយកក្រុមហ៊ុន Life T International បានបញ្ជាក់ប្រាប់ថា មាន​មូល​ហេតុ​ជាច្រើន​ដែលធ្វើឱ្យលោកជ្រើសរើសលោក ភុល សុវណ្ណដានីន ធ្វើ​ជាអ្នក​តំណាង​ឱ្យ​ផលិតផល​ធុងបាស ​W King ​ដោយលោករំពឹងថា វត្តមានលោក ភុល សុវណ្ណដានីន នឹង​កាន់​តែ​ធ្វើ​ឱ្យ​អតិថិជន​ចាប់​អារម្មណ៍នូវ ផលិតផលរបស់ក្រុមហ៊ុនលោក ពីព្រោះលោក ភុល សុវណ្ណដានីន ជាតារាល្បីម្នាក់ដែលលោកស្គាល់ យូរឆ្នាំមកហើយ ។


ក្រឡេក​មើលលោក ភុល សុវណ្ណដានីន វិញញញឹមបិទមាត់មិនជិតឡើយនៅក្នុងថ្ងៃពិសេសនោះ លោក​បានឱ្យដឹងថា ជាង ១០ ឆ្នាំក្នុងសិល្បៈលោកមិនធ្លាប់បានទទួលធ្វើជាអ្នកតំណាងឱ្យក្រុមហ៊ុន ណា​ទេ ទើប​តែឆ្នាំនេះលោកទទួលធ្វើការងារនេះ ។

ក្រៅពីចុះកុងត្រាទទួលធ្វើជាអ្នកតំណាងផលិតផលនៅក្នុងក្រុមហ៊ុននេះដោយគ្មានដែនកំណត់ លោក ភុល សុវណ្ណដានីន បានទម្លាយផងដែរថា លោកក៏មានភាគហ៊ុនតូចមួយនៅទីនោះដែរ ។ ថ្វីដ្បិតតែលោក ភុល សុវណ្ណដានីន មិនបញ្ជាក់ពីហ៊ុនដែលលោកមាន តែលោកបាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ធ្វើការផ្សព្វផ្សាយពីផលិតផលនេះឱ្យកាន់តែល្បីល្បាញ ។


គួរបញ្ជាក់ផងដែរថា បុរសសសង្ហារ ភុល សុវណ្ណដានីន បានធ្វើឱ្យទស្សនិកជន​ចាប់អារម្មណ៍ខ្លាំង​ក្រោយ​ពីលេច​មុខ ក្នុងត្រេល័ររឿង « អ្នកទី ៣ » របស់ទូរទស្សន៍ ភីអិនអិន ដោយ​លោក​សម្តែង​ជាតួអង្គ ព្រាននារីមានស្រីរាប់មិនអស់ ។ ភុល សុវណ្ណដានីន ធ្លាប់បានចេញទៅរស់នៅប្រទេស អាលី្ល​ម៉ង់ នៅឆ្នាំ ២០១១ ជាមួយម្តាយនិងបងប្អូន តែដោយសារនៅទី​នោះពិបាក​ក្នុង​ការ​រស់​នៅ​និង​ប្រកប​ការងារ​លោកក៏បានវិលត្រឡប់​មក​កសាង ជីវិតនិងស្នាដៃក្នុងប្រទេស កម្ពុជា វិញ ។ ឆ្នាំ​នេះ​លោក​មានវ័យ ៣៧ ឆ្នាំ​ហើយ ៕

805 Shares