គន្លឹះ​ប្រើ​លុយ​ឲ្យ​ត្រូវ​កាលៈទេសៈ ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ជា​រឿងធម្មតា គេថាលើលោកនេះ ធ្វើអ្វីក៏ដោយបើគ្មានលុយទេ ធ្វើអ្វីក៏មិនកើតដែរ។ ការ​លើក​ឡើង​នេះ ពិតជាមិនខុសទេ ប៉ុន្តែ ចំពោះកាលៈទេសៈខ្លះ កុំពឹងលើលុយពេក ព្រោះលុយ​ពិតជាមិនអាច​ជួយយើងបានគ្រប់ពេលវេលាទេ ទោះបីលុយជាធ្វើឱ្យមានអ្វីៗគ្រប់យ៉ាង ទាំងកិត្តិយស កេរ្តិ៍ឈ្មោះ និង​អំណាចក៏ដោយ តែលុយក៏ធ្វើឱ្យយើងបាត់បង់អ្វីៗគ្រប់យ៉ាងដែរ ប្រសិនបើ យើងគ្រប់គ្រង​លុយ​មិនបានទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដូច្នេះហើយ គប្បីកុំពឹងផ្អែកលើលុយតែមួយមុខពេក។ កុំអាងមានលុយ ដើរក្អេងក្អាង ច្រងេងច្រងាង ដាក់​គេដាក់ឯង ប្រមាថគេប្រមាថឯង ស្រេចតែចិត្ត តែយើងគប្បីពឹងលើជំនាញទន់ផងដែរ​ដូច​ជា​ឥរិយាបថ អាកប្បកិរិយា សេចក្តីថ្លៃថ្នូរ រួសរាយរាក់ទាក់ ទន់ភ្លន់ សុភាពរាបសារជាដើម។

កាន់តែខ្ពស់ កាន់តែទាប កាន់តែទាប កាន់តែមានន័យណាស់ ព្រោះថា កិត្តិយស កេរ្តិ៍ឈ្មោះ​ល្អ​របស់​យើង នឹងអាចជួយយើង នៅពេលណាមួយ ដែលលុយជួយយើងលែងបាន។ បើឃើញគេឃ្លាន យើង​ផ្តល់អាហារដល់គេ បើគេរងា យើងផ្តល់អាវ ឬភួយឱ្យគេ បើគេក្តៅ យើងត្រូវផ្តល់ដំបូលឱ្យគេ នោះគឺល្អណាស់។

បានន័យថា ភាពក្រអូបសាយ នៃកេរ្តិ៍ឈ្មោះ របស់​យើង​នឹងជួយឱ្យយើងកាន់តែ​ល្អប្រសើរបាន​មួយកម្រិតទៀត ប៉ុន្តែនឹងមិនប្រសើរទេឬនឹងកាន់តែធ្លាក់ចុះ ប្រសិនបើកេរ្តិ៍ឈ្មោះ កិត្តិយស​របស់​យើងត្រូវបានអាប់ឱន ឬមានក្លិនមិនល្អ ដោយសារតែយើងអាងលើលុយនោះ។ លុយពេលខ្លះ អាចជួលគេឱ្យធ្វើការបាន តែមិនអាចទិញទឹកចិត្តគេឱ្យស្មោះត្រង់ គ្រប់កាលៈទេសៈបានទេ មានតែទឹកចិត្តដ៏ល្អបរិសុទ្ធប៉ុណ្ណោះ ដែលអាចទទួលបាននូវទឹកចិត្តបរិសុទ្ធវិញបាសន៕

ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី