អ្នកឧកញ៉ា ហេង សិទ្ធី នឹងបោះទុនវិនិយោគ ២០០លានដុល្លារលើថាមពល អគ្គិសនីដើរដោយកំលាំងខ្យល់ នៅមណ្ឌលគីរី

សង្គម​និង​សេដ្ឋកិច្ច
267 Shares

ក្រុមហ៊ុន Maritime Group ជាក្រុមហ៊ុនវិនិយោគដ៏មានសក្តានុពលមួយនៅប្រទេសកម្ពុជា និងក្រុមហ៊ុន Xinglan Group ដែលវិនិយោគដ៏ធំមួយលើវិស័យថាមពលកកើតជាថ្មី (Renewable Energy) នៅប្រទេសចិន បានចាប់ដៃគ្នាបង្កើតជាក្រុមហ៊ុន ស៊ីងឡាន ម៉ារីថាម អេនីជី (XINGLAN MARITIME ENERGY CO., LTD.) វិនិយោគក្នុងវិស័យ ថាមពលអគ្គិសនីដើរដោយកំលាំងខ្យល់ ដើម្បីរួមចំណែកជាមួយនឹងការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋា ភិបាលកម្ពុជា ដើម្បីផ្គត់ផ្គង់បំពេញតម្រូវការចាំបាច់ ក្នុងវិស័យនេះ។

Image may contain: 4 people

ក្រសួងរ៉ែនិងថាមពល បានទទួលការអនុញ្ញាត នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ឲ្យក្រុមហ៊ុន ស៊ីងឡាន ម៉ារីថាម អេនីជី ឯ.ក ធ្វើការសិក្សាគម្រោងផលិត ថាមពលអគ្គិសនី ដើរដោយខ្យល់អានុភាព១០០ មេហ្កាវ៉ាត់ (100MW) ជាជំហាន ដំបូងស្ថិតក្នុងខេត្តមណ្ឌលគីរី ក្រុមការងារបច្ចេកទេសចម្រុះដែលមានអ្នកជំនាញ មកពីប្រទេសចិនផងនោះ បានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន ពាក់ព័ន្ធផ្សេងៗរបស់មូលដ្ឋាននៅក្នុងខេត្ត ចុះបំពេញការងារតាមបទដ្ឋាន បច្ចេកទេសតាមឯកសារស្រាវជ្រាវផ្សេងៗ និងកំណត់បង្ហាញទីតាំងសក្តានុពល ទាំងឡាយតាមរយៈផ្កាយរណប និងការវាស់ស្ទង់ជាក់ស្តែងតាម GPS នៅទីក្រុង សែនមនោរម្យ និងស្រុកអូររាំងក្នុងខេត្តមណ្ឌលគីរី ដើម្បីឲ្យប្រាកដច្បាស់ថា គម្រោងវិនិយោគមួយនេះនឹងត្រូវបានអនុវត្តដោយជោគជ័យ។

Image may contain: people standing, sky, outdoor and nature

ក្រោយពីកំណត់បាននូវទិន្នន័យបឋមរួចហើយ ក្រុមហ៊ុនបានតម្លើងប៉មវាស់ខ្យល់ (Met Mast Tower) ដែលមានកំពស់១០០ម៉ែត្រ ចំនួនពីរ (០២) នៅទីតាំងយុទ្ធសាស្រ្ត ក្នុងភូមិឡៅកា សង្កាត់សុខដុំ ក្រុងសែនមនោរម្យ និងមួយ កន្លែងទៀតនៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ដើម្បីវាស់កម្លាំងខ្យល់នៅកម្ពស់ អតិបរមាពេញមួយឆ្នាំ និងដើម្បីឲ្យប្រាកដច្បាស់ថាកម្លាំងខ្យល់នៅតាមទីតាំង យុទ្ធសាស្រ្តដែលត្រូវតម្លើងទួរប៊ីនខ្យល់ (Wind Turbine) កំពស់១០០ម និងស្លាបកង្ហារប្រវែងពី ៧០ម ទៅ៨០មនោះ មានល្បឿនយ៉ាងតិចបំផុតគឺ ៥ម ក្នុងមួយវិនាទី។

Image may contain: sky, cloud and outdoor

ដើម្បីផលិតថាមពលអគ្គិសនីដើរដោយខ្យល់អានុភាព១០០មេហ្កាវ៉ាត់ (100MW) ក្រុមហ៊ុនមានគម្រោងចំណាយដើមទុនវិនិយោគសរុបចំនួន២០០លានដុល្លារ (USD200 Million) ហើយត្រូវតម្លើងទួរប៊ីនខ្យល់ (Wind Turbine) ចំនួន៤០បង្គោល ដែលទួរប៊ីននីមួយៗអាចផលិតថាមពលអគ្គិសនីបាន ២៥០០គីឡូវ៉ាត (2500 kW)។ ជាគោលការណ៍បច្ចេកទេស ក្រុមហ៊ុនត្រូវចំណាយ ពេលពី១.៥ឆ្នាំ ទៅ ២ឆ្នាំ ដើម្បីតម្លើងទួរប៊ីនខ្យល់សាងសង់ស្ថានីយ៍ផ្ទុក និងចែកចាយអគ្គិសនី និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីតភ្ជាប់ចរន្ត អគ្គិសនីពីស្ថានីយ៍នេះទៅអនុស្ថានីយ៍ផ្សេងៗនៅក្នុងខេត្តមណ្ឌលគីរី។

Image may contain: sky, outdoor and nature

ក្រោយពីទទួលបានទិន្នន័យសព្វគ្រប់ច្បាស់លាស់ និងបញ្ចប់ការរៀបចំ របាយការណ៍លម្អិតស្តីពីបច្ចេកទេស និងហិរញ្ញវត្ថុ (Feasibility Study) រួចហើយ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន ស៊ីងឡាន ម៉ារីថាម អេនីជី ឯ.ក បានធ្វើកំណត់បង្ហាញព្រមទាំងឆ្លើយបំភ្លឺសំណួរផ្សេងៗជូននាយកដ្ឋាន ពាក់ព័ន្ធនានានៃក្រសួងរ៉ែ និងថាមពល អំពីការសិក្សាស្រាវជ្រាវនូវ កត្តាពាក់ព័ន្ធ នានា និងរបកគំហើញជាក់ស្តែងនៅតាមទីតាំងនីមួយៗ ជាពិសេសការរៀបចំ តាមលក្ខណៈវិទ្យាសាស្រ្តបច្ចេកទេស និងលទ្ធភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នៅក្នុងគម្រោងវិនិយោគផលិតថាមពល អគ្គិសនីដើរដោយកម្លាំងខ្យល់អានុភាព ១០០មេហ្កាវ៉ាត់ ជាជំហានដំបូងស្ថិតក្នុងខេត្តមណ្ឌលគីរីនេះ។

Image may contain: sky, cloud, mountain, outdoor and nature

ក្រុមហ៊ុននៅរង់ចាំតែលទ្ធផលនៃការចរចាពីតម្លៃលក់អគ្គិសនីជាមួយនឹងអាជ្ញាធរពាក់ព័ន្ធនានា និងការសម្រេចជាផ្លូវការរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ មុននឹងចាប់ផ្តើមអនុវត្តគម្រោងផែនការបស់ខ្លួន។ ក្រុមហ៊ុនមានជំនឿជឿជាក់ថា ខេត្តមណ្ឌលគីរីដែលសម្បូរទៅដោយរមណីយដ្ឋានធម្មជាតិស្រស់បំព្រងជាច្រើននោះ នឹងកាន់តែបន្ថែមសក្តានុពលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តសប្បាយនៅចុងសប្តាហ៍ និងក្នុងឱកាសបុណ្យទាននានា នៅតាមទីតាំងទួរប៊ីនខ្យល់ដែលទើបនឹងមានវត្តមានជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលខេត្តមណ្ឌលគីរីក៏នឹងមានព្រលានយន្តហោះ ក្នុងតំបន់ ដែលអាចសម្រួលពេលវេលា និងមធ្យោបាយនៃការធ្វើដំណើរកំសាន្ត សប្បាយផងដែរ។

Image may contain: cloud, sky, outdoor and nature

Image may contain: one or more people, people standing, cloud, sky, grass, outdoor and nature
Image may contain: one or more people, people playing sports, sky and outdoor
267 Shares