កោះព្រហ្មចារីយ៍ សម្បុកទេសចរណ៍ប្លែកថ្មីកឿងទើរកណ្ដាលជលសា ស្អាតដូចនាងក្រមុំអ្នកខេត្តក្រចេះ

កម្សាន្ត
7 Shares

ជិះកាណូតធ្វើដំណើរតាមទន្លេមេគង្គប្រមាណតែ ២០ នាទីប៉ុណ្ណោះ ភ្ញៀវទេសចរនឹងបានទៅដល់កោះព្រហ្មចារីយ៍ជាក់ជាមិនខាន់ ខណៈកោះដ៏ទាក់ទាញមួយនេះត្រូវបានគេល្បីតៗគ្នាថា «មានទេសភាពស្រស់ស្អាត ប្រៀបដូចក្រមុំព្រហ្មចារីយ៍» យ៉ាងដូច្នេះឯង។ ហើយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ មន្រ្តីក្រសួងទេសចរណ៍ ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានធ្វើដំណើរទៅទស្សនកិច្ចកោះព្រហ្មចារីយ៍នេះ។​ 

កោះព្រហ្មចារីយ៍ ជាផលិតផលទេសចរណ៍ដ៏សំខាន់មួយរបស់ «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ» ដែលមានទីតាំងស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចម្ងាយប្រមាណតែ ១៧ គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្ត។

ជិះទូកសម្លឹងទន្ទឹងមើលភក្ត្រ បំណងជឿជាក់ថាបានជួបថ្លៃ ល្បីឈ្មោះយូរហើយកោះព្រហ្មចារីយ៍ មកដល់ផ្ទះថ្លៃស្អាតដូចគេថា។ ក្រមុំស្រុកក្រៅមិនស្មើអូនទេ ទេសចរលង់ស្នេហ៍ឆោមកែវកនិដ្ឋា គ្រប់លក្ខណ៍ប្រពៃសមនឹងចរិយា គាប់ដួងនេត្រាសឹងគ្មានចន្លោះ។ ម្លប់ឈើប្រក់បាំងត្រជាក់គង្គា ហាត់ហែលហូរហៀប៉ប្រះមាត់កោះ ឆ្នេរខ្សាច់ធម្មជាតិសន្ធឹងសក្បុស រចនាសម្រស់ក្រោមមេឃខៀវខ្ចី។ កោះនេះខេមរាច្នៃជាទេសចរណ៍ ផ្សព្វផ្សាយខ្ទារខ្ទ័រដល់ជាតិដទៃ សម្បូរសម្បត្តិធនធានលើដី ជាប់នាមកើតថ្មីអេកូទេសចរណ៍។

ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ លោក ចាន់ សុគន្ធី បានអំពាវនាវថា គួរតែទៅទស្សនាកោះសហគមន៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយនោះ ពិសេសគឺដើម្បីបានទស្សនាសត្វផ្សោត សត្វក្ដាន់ដែលសុទ្ធតែជាសត្វកម្រ មកទស្សនាកោះព្រហ្មចារីយ៍ដែលមានទេសភាពព្រៃឈើ ព្រៃលិចទឹកមានក្បូរក្បាច់ល្អពីធម្មជាតិ ឆ្នេរខ្សាច់សក្បុសដ៏ស្រស់ស្អាតដូចសាច់នារីក្រមុំព្រហ្មចារីយ៍ ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាសហគមន៍ ព្រមទាំងបានទស្សនាទេសភាពដងទន្លេមេគង្គទាំងមូលផងដែរ។

បើតាមលោក ប៉ុន សំបូរ អនុប្រធានមន្ទីរ ដំណើរដើមទងនៃការដាក់ឈ្មោះកោះធម្មជាតិកណ្ដាលដងទន្លេមេគង្គមួយនេះ គឺពីដំបូងឡើយ អ្នកស្រុកនៅទីនោះហៅកោះនេះថា «កោះយ៉ៃ» ប៉ុន្តែក្នុងពេលដែលលោក ឡូយ សុផាត នៅធ្វើជាអភិបាលខេត្តក្រចេះ លោកបានចុះទៅសិក្សាស្រាវជ្រាវនៅលើកោះនេះមុនគេ ហើយដោយឃើញទីធ្លាខ្សាច់ស្អាតសក្បុស ទេសភាពគួរជាទីរមណីយ ដែលប្រៀបដូចជានារីក្រមុំព្រហ្មចារីយ៍ ហើយមិនទាន់មានអ្នកណាទៅលេងកម្សាន្តផងនោះ លោកក៏សម្រេចជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកភាពដាក់ឈ្មោះកោះនេះថា «កោះព្រហ្មចារីយ៍» តែម្ដងទៅ៕

7 Shares