រដ្ឋាភិបាលគ្រោងវិនិយោគផ្ទាល់ចំនួន ១៤០០ លានដុល្លារ លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងឆ្នាំ២០២១នេះ

សង្គម​និង​សេដ្ឋកិច្ច
252 Shares

នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅព្រឹកថ្ងៃទី១ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២១នេះរដ្ឋាភិបាលគ្រោងនឹងវិនិយោគលើគម្រោងអភិវឌ្ឍន៍នានាសរុបជាង ១៤០០ លានដុល្លារអាមេរិក ដែលនេះគឺរួមបញ្ចូលទាំងថវិកាវិនិយោគផ្ទាល់ក្នុងស្រុក និងថវិកាបដិភាគរបស់រដ្ឋាភិបាលផងដែរ ហើយការវិនិយោគនេះទៀតសោតភាគច្រើនជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ សម្ដេចតេជោថា ឆ្នាំ ២០២១នេះ យើងគ្រោងវិនិយោគផ្ទាល់ចំនួន ១ ៤០០ លានដុល្លារ ក្នុងនោះ ថវិកាបដិភាគគ្រោងនឹងត្រូវចំណាយគឺ ២១១ លានដុល្លារ។

ប្រមុខរដ្ឋាភិបាលកម្ពុជាបន្តថា រៀងរាល់ឆ្នាំ រដ្ឋាភិបាលតែងតែត្រៀមថវិកាដើម្បីវិនិយោគលើគម្រោងនានា ឧទាហរណ៍ គម្រោងសាងសង់ផ្លូវ ជួសជុលផ្លូវ ធ្វើប្រឡាយទឹក អណ្ដូងទឹក សាលារៀន និងមន្ទីរពេទ្យជាដើម យើងត្រូវវិនិយោគផ្ទាល់ខ្លួនផងដែរ បើយើងមានលុយច្រើនគឺយើងធ្វើច្រើន។

នៅក្នុងឆ្នាំ ២០១៩ កម្ពុជាបានវិនិយោគផ្ទាល់ ៥៩៤ លានដុល្លារ ដែលក្នុងនោះ ១៧៩ លានដុល្លារ ជាថវិការបដិភាគ។ ដោយឡែក ឆ្នាំ ២០២០ សម័យកូវីដ កម្ពុជាវិនិយោគផ្ទាល់ដល់ ១៤២៥ លានដុល្លារ ដែលក្នុងនោះថវិកាបដិភាគមាន ២១៥ លានដុល្លារ។

សម្ដេចតេជោបានបញ្ជាក់បន្ថែមថា រាល់គម្រោងវិនិយោគទាំងអស់ សុទ្ធតែទាមទារឱ្យមានបដិភាគពីរដ្ឋាភិបាល ដោយមិនអាស្រ័យតែលើការវិនិយោគទាំងស្រុងពីបរទេសនោះទេ៕

រដ្ឋាភិបាលគ្រោងវិនិយោគផ្ទាល់ចំនួន ១៤០០ លានដុល្លារ លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងឆ្នាំ២០២១នេះ
252 Shares