ការ​ប្រមូល​ពន្ធ​-​អាករ ខែទី១ឆ្នាំនេះ ថយ​ចុះ​ប្រមាណជាង ៨%

សង្គម​និង​សេដ្ឋកិច្ច
136 Shares

​លទ្ធផល​នៃ​ការប្រមូល​ចំណូល​ពន្ធ ដែល​បង្ហាញ​ដោយ​លោក គង់ វិបុល ឲ្យ​ដឹងថា ក្នុង​ខែ​មករា ឆ្នាំ​២០២១ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ប្រមូលបាន (​តាម​ប្រ​ព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​) មាន​ចំនួន​៨៧៩,៦៨ ប៊ី​លាន​រៀល (​ប្រមាណ​ជា ២១៧,២០ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង​៩,៦៨% នៃ​ផែនការ​ប្រចាំឆ្នាំ ហើយ​ប្រៀប​ធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ប្រចាំ​ខែមករា ឆ្នាំ​២០២០ ឃើញថា​ថយចុះ​ចំនួន៧៧,០៨ ប៊ី​លាន​រៀល (​ប្រមាណ​ជា ១៩,០៣ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ៨,០៦%​។​

 ក្នុង​ខែមករា ឆ្នាំ២០២១ ចំណូល​ពី​ប្រភេទ​ពន្ធ​០៣ នៅតែ​រក្សា​កំណើន​គួរឲ្យកត់​សម្គាល់​ក្នុងនោះផងដែល ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន​១៧៣,៧៩​ប៊ី​លាន​រៀល ធៀប​នឹង​ខែមករា ឆ្នាំ​២០២០ កើនឡើង​១១,៧៦ ប៊ី​លាន​រៀល ប្រមាណ៧,២៦%, អាករ​ពិសេស​ចំនួន ៧៧,១០​ប៊ី​លាន​រៀល ធៀប​នឹង​ខែមករា ឆ្នាំ​២០២០ កើនឡើង​៤,០៤ ប៊ី​លាន​រៀល ប្រមាណ​៥,៥៣%, និង​ពន្ធ​លើ​ប្រាក់ បៀវត្ស​ចំនួន​៩១,៣១​ប៊ី​លាន​រៀល ធៀប​នឹង​ខែមករា ឆ្នាំ​២០២០ កើនឡើង៨,៣៥ ប៊ី​លាន​រៀល ប្រមាណ ១០,០៧%​។​

បើតាមអគ្គនាយកដ្ឋាន​ពន្ធ​ដារ​ សម្រាប់​ឆ្នាំ​២០២១នេះ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​បាន​គ្រប់​តាម​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងចំនួន៩ ០៨៤,៤២ ប៊ី​លាន​រៀល (​ប្រមាណ ២ ២៤៣,០៧ លាន​ដុល្លារ​អាមេរិក​) អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​បន្ត​ពង្រឹង​ការអនុវត្ត​នូវ​វិធានការ​មួយ​ចំនួន​ដូចជា បន្ត​ពង្រឹង​ការអនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​នូវ​ការចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន (IT Platform), ផ្សព្វផ្សាយ និង​ត្រៀម​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​នូវ​វិធាន​និង​នីតិវិធី​គ្រប់គ្រង​ការប្រើប្រាស់​ឧ​បករ ណ៍​វាស់​ចំណុះ​ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា ដែល​ផលិត​ក្នុងស្រុក និង​ពង្រឹង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ជាដើម​៕

ការ​ប្រមូល​ពន្ធ​-​អាករ ខែទី១ឆ្នាំនេះ ថយ​ចុះ​ប្រមាណជាង ៨%
136 Shares