មាន សូនីតា ប្រាប់បទពិសោធន៍មិនធ្លាប់ជួបមួយពេលដើរកម្សាន្តទៅខេត្តកំពតខែមុន

កម្សាន្ត
91 Shares

មាន សូនីតា តារាស្រីដែលត្រូវបានគេកត់សម្គាល់ថាជាអ្នក ដែលនិយមការដើរកម្សាន្តបំផុតមិនថា ក្នុង និងក្រៅប្រទេស នោះបានប្រាប់បទពិសោធន៍ថ្មី ក្នុងដំណើរកម្សាន្តមួយ ទៅខេត្តកំពត ដែលនាងមិន  ធ្លាប់ជួបកាលពីចុងខែមុន។

ដំណើរកម្សាន្តនោះត្រូវបានដាក់ឈ្មោះថា ដំណើរកម្សាន្ត “សាកថ្មឲ្យជីវិត” ដែលពេលនោះតារាស្រី ត្រូវ បានអញ្ជើញ ធ្វើជាវាគ្មិនកិត្តិយសដំបូង បំផុតស្របពេលកម្មវិធីដំណើរកម្សាន្តមួយនេះក៏ទើបនឹងចាប់ ដំណើរផ្គត់ផ្គង់សេវាជាលើកទី១ដែរ។ សូនីតា ប្រាប់ថា នាងទទួលយល់ព្រមភ្លាមៗ ដោយឥតមានស្ទាក់ ស្ទើរបន្ទាប់ពីទទួលបានការសាកសួរចិត្ត។

“និយាយដោយឥតលាក់បាំងបង គ្រាន់តែឮ ឈ្មោះ និងដឹងពីខ្លឹមសារ កម្មវិធីហ្នឹង ខ្ញុំឆ្លើយអូខេភ្លាមៗហ្មង!។ សូនីតា ថ្លែង។

ហេតុផលមួយចំនួនដែលជំរុញឲ្យមានសូនីតា ឆ្លើយភ្លាមសម្រាប់ដំណើរកម្សាន្តខាងលើ ទី១ នាងជាអ្នក ចូលចិត្តការធ្វើដំណើរកម្សាន្តស្រាប់។ ទី២ នាងពេញចិត្តខ្លឹមសាររបស់កម្មវិធីដែលនាងមិនធ្លាប់ជួប សម្រាប់ដំណើរកម្សាន្តនានាក្នុងអតីតកាលរបស់នាងទាំងដំណើរកម្សាន្ត និងក្រៅស្រុក។

កម្មវិធីដំណើរកម្សាន្ត “សាកថ្មឲ្យជីវិត” រៀបចំដោយក្រុម Amata-អមតា បានចេញដំណើរកាលពីចុងខែ មករា ២០២១ នាំយកមាន សូនីតា និងបុគ្គលសាមញ្ញជាង ២០នាក់ ផ្សេងទៀតឆ្ពោះទៅកាន់រមណីយដ្ឋានល្បីៗ មួយចំនួនក្នុងខេត្តកំពត ក្នុងដំណើរកម្សាន្ត២ថ្ងៃ១យប់។ តាម សូនីតា កម្មវិធីនេះ ប្រមូលផ្ដុំដោយអ្នក ដែលមានវិបត្តិផ្លូវចិត្ត ខូចចិត្ត ឬបាក់ទឹកចិត្ត និងបញ្ហាជាច្រើននៅក្នុងឆាកជីវិត។

ចំណុចនេះឯងដែលទាក់ទាញទឹកចិត្ត តារាស្រីភ្លាមៗ។ សូនីតា លើកឡើងថា ចំណុចនេះហើយដែលនាងមិនធ្លាប់ជួបពីមុនមកក្នុងដំណើរកម្សាន្ត។ “កន្លងមកយើងដើរកម្សាន្តគ្រាន់តែដើម្បីលេងកម្សាន្ត ជាមួយទេសភាព ឬកន្លែងកម្សាន្តផ្សេងៗ និយាយរួម គឺគ្រាន់តែផ្លាស់ប្ដូរបរិយាកាសណាបង តែលើកនេះគឺ ខ្ញុំបានរាប់អានមិត្តបានចែករំលែករឿងរ៉ាវផ្សេងៗ ជាមួយគ្នា…ចូលរួមកម្មវិធីហ្នឹង ខ្ញុំដូចរៀនបាន ច្រើនទៀត ពីរឿងរ៉ាវជីវិត ដឹងពីរបៀបរស់នៅប្រឈម និងបញ្ហារឹងមាំ អីចឹងណាបង!”។

រាជិនីក្រមា បន្តថា នៅដំណើរកម្សាន្តខាងលើមានសកម្មភាពលេងល្បែងកម្សាន្តវគ្គចែករំលែក បទពិសោធន៍ជីវិតដែលជួបបញ្ហា និងមានវគ្គពង្រឹងស្មារតី ជាដើមជាបច្ច័យឲ្យនាង ក៏ដូចជាប្រិយមិត្តផ្សេងទៀត រៀនបានច្រើនពីការពង្រឹងខ្លួនទប់ទល់នឹងបញ្ហា យល់ដឹងពីបំណិនជីវិតជាដើម។

“និយាយទៅសម្រាប់ខ្ញុំ កម្មវិធីហ្នឹងល្អ ព្រោះយើងដឹងហើយ រាល់ថ្ងៃមនុស្សយើងម្នាក់ៗ មិនដែលថាអ្នក ណាអត់មានបញ្ហានោះទេ គឺសុទ្ធតែមានខ្លះ មានតិចខ្លះមានច្រើន អីចឹងហើយបើមានកន្លែង ដែលអាចដើរលេងផង រៀនសូត្រពីជិវិតខ្លះផងអីចឹង គឺល្អ។ សម្រាប់ខ្ញុំ គឺរីករាយ ហើយខ្ញុំគិតថា Sessionហ្នឹងគួរតែមានឲ្យច្រើនជាងហ្នឹងហើយខ្ញុំក៏ចូលរួមទៀតដែរ បើមានឱកាស!”៕

មាន  សូនីតា ប្រាប់បទពិសោធន៍មិនធ្លាប់ជួបមួយពេលដើរកម្សាន្តទៅខេត្តកំពតខែមុន
91 Shares