គុយ​លី ចំណាយ​ជាង ១០​ដុល្លារ ធ្វើ MV បទ​មិត្ត ងួន កែវ​ពេជ្រ​ពិសិដ្ឋ ដែល​ស្លាប់ ទាល់​តែ​បាន​សម្រេច

កម្សាន្ត
179 Shares

ដោយ​នៅ​អាល័យ​មិត្តភ័ក្ដិ គឺ​លោក ងួន កែវ​ពេជ្រ​ពិសិដ្ឋ តារា​ចម្រៀង Original Song ដែល​បាន​ស្លាប់​ដោយ​ជំងឺ​មហារីក​កាល​ពី​ពេល​ថ្មីៗ​នេះ លោក គុយ​លី សម្រេច​ធ្វើ​បទ​ចម្រៀង​មួយ​របស់​មិត្ត​ឡើង​វិញ ដោយ​ចំណាយ​ដើម​ទុន​តិច​តួច​ប៉ុណ្ណោះ ហើយ​បទ​នោះ​ទើប​បាន​ចេញ​ជា​វីដេអូ​ចម្រៀង​ផ្លូវ​ការ​ថ្មី​ៗ​នេះ។

បទ​ចម្រៀង​មួយ​នោះ ក្នុង​ចំណោម​បទ​ចម្រៀង​របស់ កែវ​ពេជ្រ​ពិសិដ្ឋ មាន​ចំណង​ជើង​ថា “កុំ​ទុក​បង​ជា Power Bank”។ បទ​នេះ ត្រូវ​​លោក គុយ​លី ​ដែល​ជា​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​នោះ បាន​ជ្រើសរើស​មក​ថត​​ជា MV ឡើង​ម្ដង​ទៀត ដោយ​លោក ​គុយ លី ច្រៀង​ផ្ទាល់​ម្នាក់​ឯង​តែ​ម្ដង។ចំពោះ​មូលហេតុ តារា​ចម្រៀង​អតីត​ជា​អ្នក​ពលករ​ចិញ្ចឹម​បង្គា​នៅ​ប្រទេស​ថៃ​រូប​នេះ នៅ​តែ​មិន​អស់​អាល័យ​ជា​លោក ងួន កែវ​ពេជ្រ​ពិសិដ្ឋ ទោះ​លោក​ស្លាប់​ទៅ​ហើយ​ក្ដី ក៏​ព្រោះ​តែ​អ្នក​ទាំង​ពីរ​មាន​អនុស្សាវរីយ​ជា​មួយ​គ្នា​ច្រើន​កាល​នៅ​រស់ ។

គុយ លី ថ្លែង​ឲ្យ​ដឹង​ថា លោក​បាន​ថត​ជា​សំឡេង​​បទ”កុំ​ទុក​បង​ជា Power Bank” នេះ តាំង​ពី មិត្ត​កម្សត់​នៅ​មាន​ជីវិត​ម្ល៉េះ ពោល​ប្រហែល​១ខែ មុន​ស្លាប់។ ជា​មួយ​នឹង​ការ​ច្រៀង​​បទ​ចម្រៀង​នេះ ម្ចាស់​បទ​ដើម​គឺ​ លោក ងួន កែវ​ពេជ្រ​ពិសិដ្ឋ ក៏​បាន​សរសើរ​ថា ខ្លួន​ច្រៀង​ពីរោះ​ជាង​ម្ចាស់​បទ​ដើម​ទៀត​ផង។ មិន​បាន​១​ខែ​ស្រួល​បួស​ផង មិត្តភ័ក្ដិ​របស់​លោក​បាន​ស្លាប់​ទាំង​អាល័យ ហើយ ​គុយ លី បាន​សន្យា​នឹង​ខ្លួន​ឯង​ថា ត្រូវ​​​ផលិត​បទ​ចម្រៀង​នេះ​ជា MV ឲ្យ​ទាល់​តែ​បាន ដើម្បី​ជា​អនុស្សាវរីយ៍ ចុង​ក្រោយ​ជា​មួយ​មិត្ត​​សម្លាញ់​ម្នាក់​នេះ។

ជា​មួយ​នឹង​ការ​ផលិត MV បទ​ចម្រៀង​១​បទ​នេះ គុយ​លី បាន​ថ្លែង ការ​ចំណាយ​គឺ អស់​​ត្រឹម​តែ​ជាង ១០​ដុល្លារ ប៉ុណ្ណោះ ដែល​ចំនួន​នេះ គឺ​តិច​បំផុត​​អាច​និយាយ​បាន​​ថា ក្នុង​ចំណោម​ការ​ថត MV នៅ​ស្រុក​ខ្មែរ គ្មាន​បទ​ចម្រៀង​ណា​ថត អស់​តិច​ជាង​លោក​ឡើយ។ ទាំង​នេះ​ក៏​ព្រោះ តែ​ទាំង​កាមេរ៉ា ជាង​ថត អ្នក​កាត់​ត គឺ ជា​មិត្តភ័ក្ដិ ដូច​នេះ ម្នាក់ៗ​មិន​បាន​គិត​ប្រាក់​ពី​​លោក​ឡើយ គ្រាន់​តែ​ទិញ​អី​ញ៉ាំ​ជុំ​គ្នា​ប៉ុណ្ណោះ។

គុយ​លី មិន​បាន​រំពឹង​ថា បទ​ចម្រៀង​១បទ​នេះ អាច​ធ្វើ​ឲ្យ​ខ្លួន​ល្បី​អី​ឡើយ ដូច​បាន​លើក​ឡើង លោក​ផលិត​ឡើង​គ្រាន់​តែ​សម្រាប់​ជា​អនុស្សាវរីយ​ជា​មួយ​លោក ងួន កែវ​ពេជ្រ​ពិសិដ្ឋ ដែល​ជា​មិត្តភ័ក្ដិ​របស់​ខ្លួន​ប៉ុណ្ណោះ។ ចង់​ដឹង​ថា “កុំ​ទុក​បង​ជា Power Bank” ម្ចាស់​ដើម​លោក ងួន កែវ​ពេជ្រ​ពិសិដ្ឋ ច្រៀង​ឡើង​វិញ ដោយ គុយ លី ពីរោះ​យ៉ាង​ណា​តោះ​​ស្ដាប់​ទាំង​អស់​គ្នា៕

កុំទុកបងជាPower Bank គុយលីចម្រៀងពលករ

មកហើយMV ដែលចំណាយលុយច្រើនបំផុត អស់ចំនួនមួយកេសថ្លៃអើយសែនថ្លៃ បទ #កុំទុកបងជាPower Bank ស្ដាប់តាម Youtobe ៖ https://www.youtube.com/watch?v=f_N2HQsCsMwអ្នកនិពន្ធ នឹងម្ចាស់ដើមបទ៖Ngoun Keo Pich Pisethច្រៀងឡើងវិញ៖ គុយលីចម្រៀងពលករ

Posted by Kheng Kuyly-គុយលីចម្រៀងពលករ on Tuesday, July 23, 2019

ប្រភព៖ sabay

179 Shares