ឧកញ៉ា ឃាង ពុទ្ធី៖ បើខ្មាស់អៀននឹងការងារតូចតាច ធ្វើម្តេចនឹងអាចមានកំរៃដោះស្រាយជីវភាព ដើម្បីឈោងចាប់ការងារធំៗបាន!

ជុំវិញ​ឧកញ៉ា
244 Shares

សង្គម​រីកចម្រើន​ទៅបាន ​​ដោយមាន​ធនធានមនុស្ស​ខ្លាំង គឺជា​ធនធាន​ដែលមាន​ការអប់រំ​ខ្ពស់ ការគិតវិភាគ​ស៊ីជម្រៅ គំនិត​ច្នៃប្រឌិត​។ ប្រជាពលរដ្ឋ​ដែលមាន​ផ្នត់គំនិត​ពឹងផ្អែក​តែទៅលើ​សង្គម ​ឬ​រស់តែមួយរស់ៗ​​​ គឺ​​សង្គមនោះ​​​ពិតជាមិនអាច​អភិវឌ្ឍន៍ទៅមុខ​បានឡើយ ពោលគឺសេដ្ឋកិច្ចធ្លាក់ដុនដាបជាក់ជាមិនខាន។

ការអភិវឌ្ឍសង្គមជាតិ​មួយ​ឲ្យ​មានអ្វីៗគ្រប់យ៉ាងបាន គឺផ្តើមចេញពីយុវជន ដូច្នេះយុវជនជាចលនាឈាមដ៏សំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ច បើយុវជនមិនរឹងមាំ សេដ្ឋកិច្ចពិតជាគ្មានស្ថេរភាព។

This image has an empty alt attribute; its file name is telegram-cloud-photo-size-5-6183590327768689862-y.jpg

យុវជនខ្មែរនាពេលបច្ចុប្បន្នកំពុងពុះកញ្ជ្រោលក្នុងភាពមានបាន។ ពោលគឺពួកគាត់មើលលើសង្គមសុីវីល័យ ហុឺហារសប្បាយ ដោយភ្លេចគិតពីខ្លួនឯង និងមានយុវជនមួយចំនួនផ្សេងទៀត ពួកគាត់កំពុងស្វះស្វែងរកការងារធ្វើដើម្បីទទ្រង់ជីវភាពគ្រួសារ។ ក្រុមហ៊ុន​អាជីវកម្មជាច្រើនកន្លែង កំពុងត្រូវការកម្លាំងពលកម្ម ទន្ទឹមនឹងនោះក៍មានយុវជនមួយចំនួន ត្អូញត្អែរថាអត់ការងារធ្វើ ដោយពួកគាត់បានលើកឡើងថា មកពីអត់ខ្សែ គ្មានបក្សពួក យើងជាកូនអ្នកមកពីខេត្តជាដើម។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមន៍អ្នកជំនាញវាយតម្លៃអចលនទ្រព្យកម្ពុជា លោកឧកញ៉ា ឃាង ពុទ្ធី បានមានប្រសាសន៍ថា “យុវជនពេលខ្លះរើសអើងការងារ ដោយពួកគាត់ ចង់តែធ្វើការងារធំៗពេក អត់បានគិតពីការងារដែលជាមូលដ្ឋានគ្រឹះ ដូច្នេះដើម្បីឈានទៅធ្វើការងារធំៗបាន គឺពួកគាត់ត្រូវមានតំណាក់កាល”

លោកឧកញ៉ាបានបន្តថា ដូច្នេះយុវជនដែលកំពុងតែរៀនមហាវិទ្យាល័យ ពួកគាត់ផ្លាស់ប្ដូរផ្នត់គំនិត។ ពួកគាត់គួរតែរៀនធ្វើការក្រៅម៉ោង (Part time) ជាអ្នកឆុងកាហ្វេ ជាអ្នក Designer អ្នកលក់ Insurance និងជាជាងធ្វើទូរសព្ទក៏ដោយ លោកចង់លើកទឹកចិត្តពួកគាត់ឲ្យខំប្រឹងធ្វើការងារតូចតាចជាមុនសិន។

បើតាមលោកឧកញ៉ាថា ការងារ Part time ទីមួយចំណេញបានបទពិសោធន ទី២ ប្រាក់ខែដើម្បីដោះស្រាយជីវភាព ដូច្នេះទម្រាំដល់អាយុ ២៥ ២៦ ពួកគាត់អាចនឹងរឹងមាំបន្តិច​ ព្រោះបើគាត់អត់ធ្វើការងារតូចតាចយកបទពិសោធន៍ យកប្រាក់ខែទេ ដល់ពេលចាំតែការងារធំមកដល់ ជួនកាលការងារធំៗនឹងអត់មានទេ ហើយពេលសម្ភាសន៍ការងារគេតម្រូវយកអ្នកបទពិសោធន៍ជាអាទិភាព បើអត់បទពិសោធន៍ ចង់ធ្វើការធំយកតែម្តង គឺងាយប្រឈមនឹងហានិភ័យអត់ការងារធ្វើណាស់។

បើតាមឧកញ៉ា នាយកក្រុមហ៊ុនស្លឹកប្ញទ្ធរៀលធីរូបនេះ បានសង្កត់ធ្ងន់លើកម្មវិធីបណ្តុះបណ្តាលភាពជោគជ័យ និងវាគ្មិនមួយចំនួន ដែលបានបង្ហាត់បង្ហាញឲ្យផ្នត់គំនិតជោគជ័យដល់យុវជនឲ្យចេះតែធ្វើអ្វីធំៗ។

ឧកញ៉ា ពុទ្ធី បានថ្លែងថា ជួនកាលវាគ្មិនមួយចំនួនចេះតែឲ្យផ្នត់គំនិតក្មេង ចេះតែធ្វើអ្វីធំៗ ចេះតែនិយាយពីភាពជោគជ័យ ដូច្នេះធ្វើឲ្យយុវជនមានគំនិតមួយអត់ចង់ធ្វើការងារតូចតាច

លោកឧកញ៉ា ឃាង ពុទ្ធី បានឲ្យដំបូន្មានថា ‘’បើខ្មាស់អៀន នឹងការងារតូចតាច ធ្វេីម្តេចនឹងអាចមានកំរ៉ៃ ដោះស្រាយជីវភាព ដើម្បីឈោងចាប់ការងារធំៗបាន“

រូបភាពផ្តល់សិទ្ធិដោយ៖ឧកញ៉ា ឃាង ពុទ្ធី

ឧកញ៉ា ឃាង ពុទ្ធី៖ បើខ្មាស់អៀននឹងការងារតូចតាច ធ្វើម្តេចនឹងអាចមានកំរៃដោះស្រាយជីវភាព ដើម្បីឈោងចាប់ការងារធំៗបាន!
244 Shares