សម្ដេចតេជោ ហ៊ុន សែន ប្រកាសត្រៀមចាក់វ៉ាក់សាំងអាស្រ្តាហ្សេនីកាផលិតនៅឥណ្ឌានៅថ្ងៃទី៤ មីនា ២០២១

ទាន់​ហេតុការណ៍
7 Shares

ក្រោយមានការជូនដំណឹងដោយក្រសួងសុខាភិបាល ថាជំនួយវ៉ាក់សាំង ដោយរដ្ឋាភិបាលឥណ្ឌា ឈ្មោះអាស្រ្តាហ្សេនីកា(AstraZeneca) ដែលត្រៀមនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី០២ មីនា ឆ្នាំ២០២១ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានប្រកាសលើផេកហ្វេសប៊ុកផ្លូវរបស់សម្ដេចថា នឹងចុះឈ្មោះចាក់វ៉ាក់សាំងនោះ នៅពីរថ្ងៃបន្ទាប់។

«ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ៤ មីនា ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ»។ នេះជាការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន។  

សម្ដេចបន្តថា ដូចដែលក្រសួងសុខាភិបាលបានប្រកាសជូនដំណឹងរួចមកហើយថា កម្ពុជានឹងទទួលបានវ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា(AstraZeneca)ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ក្នុងចំណោម ១,១០៤,០០០ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលជាជំនួយបថមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។

នេះជាផ្លែផ្កានៃកិច្ចសហការអន្តរជាតិដែលកម្ពុជាបានធ្វើជាមួយដៃគូពហុភាគីជាមួយអង្គការសហប្រជាជាតិ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។ តាមគំរោងកូវ៉ាក់នឹងផ្តល់អោយយើងចំនួន ២០ភាគរយ នៃចំនួនប្រជាជន១៦លាននាក់ ដែលស្មើនឹង៣លាន២សែននាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន ៦លាន៤សែនដូស។ នេះបើតាមសារសរសេរនៅលើផេកហ្វេសប៊ុករបស់សម្ដេចតេជោ៕

សម្ដេចតេជោ ហ៊ុន សែន ប្រកាសត្រៀមចាក់វ៉ាក់សាំងអាស្រ្តាហ្សេនីកាផលិតនៅឥណ្ឌានៅថ្ងៃទី៤ មីនា ២០២១
7 Shares