ទ្រាំលែងបានឧកញ៉ា នួន អក បង្ហើបមហិច្ឆិតាចង់សង់សណ្ឋាគារប្រាសាទធ្វើពីផ្ទាំងថ្មក្នុងគម្រោងកំពតឋានសួគ៌របស់ខ្លួនទាំងយប់

ជុំវិញ​ឧកញ៉ា

ម្ចាស់អភិវឌ្ឍន៍គម្រោងកំពតឋានសួគ៍ លោកឧកញ៉ា នួន អក បានបង្ហោះសារលើបណ្ដាញសង្គមទាំងយប់ ប្រាប់មហាជនថា លោកមានគំនិតចង់ផ្ដួចផ្ដើមចង់ប្រមូលទិញថ្ម និងផ្ទាំងសិលាធំៗ មកសាងសង់សណ្ឋាការប្រាសាទដ៏ធំមួយក្នុងគម្រោងរបស់លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់សំណង់ស្ថាបត្យកម្មអច្ឆរិយៈបែបបុរាណនៅកម្ពុជា គ្រប់គ្នាប្រហែលជានឹកគិតដល់សំណង់បុរាណរាប់ពាន់ប្រាសាទនៅឯទឹកដីខេត្តសៀមរាបឯណោះ។ តែពេលនេះ លោកឧកញ៉ា នួន អក ជើងខ្លាំងល្បីខាងវិស័យអចលនទ្រព្យសម័យទំនើប បានបង្ហើបពីមហិច្ឆិតាសាងសង់សណ្ឋាគារប្រាសាទ ធ្វើពីប្រភពផ្ទាំងសិលា ស្រដៀងទៅនឹងបុព្វបុរសខ្មែរ ធ្វើឱ្យមហាជនអ្នកតាមដានផ្ទុះចាប់អារម្មណ៍ខ្លាំងមែនទែន ទៅលើគំនិតផ្ដួចផ្ដើមប្លែកខុសពីគេមួយនេះ។  

«តើបងប្អូនគិតថាល្អដែរឬទេ បើសិនជាខ្ញុំផ្តួចផ្តើមគំនិតប្រមូលទិញថ្ម និងផ្ទាំងសិលាធំៗយកមករៀបជាសណ្ឋាគារប្រសាទដ៏ធំមួយក្នុងគំរោងកំពតឋានសួគ៌??? តើបងប្អូនគាំទ្រគំនិតនេះដែរទេ? ខ្ញុំចង់ធ្វើរឿងនេះខ្លាំងណាស់ តែខ្ញុំមិនទាន់ដឹងទេថា តើការធ្វើបែបនេះវាមានផលប៉ះពាល់ជាវិជ្ជាមាននិងអវិជ្ជាមានអ្វីខ្លះនោះទេ?? ដើម្បីធ្វើរឿងនេះបាន ខ្ញុំត្រូវចំណាយលុយ ពេលវេលា និង គំនិតច្រើនណាស់»។ នេះគឺជាខ្លឹមសារទាំងស្រុង ដែលឧកញ៉ា នួន អក បានបង្ហោះលើផេកហ្វេសប៊ុករបស់ខ្លួន សួរទៅកាន់មហាជនអ្នកតាមដាន។

ការប្រកាសពីគំនិតច្នៃប្រឌិតប្លែកខុសពីគេនេះ ពីសំណាក់ ម្ចាស់អភិវឌ្ឍន៍គម្រោងរមណីយដ្ឋានកំពតឋានសួគ៌នេះ អាចនឹងបន្ថែមភាពទាក់ទាញដល់គម្រោងរបស់លោកកាន់តែខ្លាំងថែមមួយកម្រិតទៀត ប្រសិនបើរឿងនេះកើតឡើងពិតមែន។

រមណីយដ្ឋានកំពតឋានសួគ៌ ជាគម្រោងធម្មជាតិបែបកែច្នៃ ដែលបានចាប់ដំណើរការស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្ត និងសម្រាកលម្ហែកាយដ៏រីករាយមួយ ប្រចាំនៅខេត្តកំពត។ នៅទីនោះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទៅកម្សាន្តដោយ បង្កើតកម្មវិធីសប្បាយៗជាច្រើន ដូចជាការបោះតង់ ការរាំលេងនៅក្រោមពន្លឺភ្លើង ស្ទូចត្រី សម្រាកក្នុងផ្ទះបឹងហ្កាឡូប្រណីត ចូលលេងសួនផ្កាឈូករ័ត្ន ទស្សនាទេសភាពធម្មជាតិតាមជើងភ្នំ រួមជាមួយនឹងការជិះទូកកម្សាន្តតាមដងព្រែកជាដើម៕