ស្ថាប័នជាតិ និងអន្តរជាតិធំៗចំនួន៣ត្រៀមទទួលវ៉ាក់សាំងកូវីដ ៣២៤.០០០ដូស ពីឥណ្ឌានាល្ងាចនេះ

ទាន់​ហេតុការណ៍
32 Shares

ក្រសួងសុខាភិបាលកម្ពុជា អង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសែហ្វ ប្រចាំនៅកម្ពុជា នឹងចូលរួមក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងអាស្ត្រាហ្សឺណិកាចំនួន ៣២៤.០០០ដូស របស់ប្រទេសឥណ្ឌាដែលនឹងមកដល់នាថ្ងៃទី០២ ខែមីនា ២០២១ ម៉ោងប្រហែល ៨ល្ងាចនេះ។

 វ៉ាក់សាំង AstraZeneca គឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំង ដែលត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ និងអនុញ្ញាតឱ្យប្រើប្រាស់ជាសកលបាន។ វ៉ាក់សាំងនេះទទួលបានអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម នៃប្រទេសឥណ្ឌា ហើយក៏ជាវ៉ាក់សាំងលើកដំបូង ដែលត្រូវបានផ្ដល់ដោយមជ្ឍមណ្ឌលផ្គត់ផ្គង់វ៉ាក់សាំងអន្តរជាតិ ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក(WHO) ហៅកាត់កូវ៉ាក់(COVAX Facility)។

គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ ប្រទេសកម្ពុជា ទទួលបានវ៉ាក់សាំងចំនួន ២ប្រភេទហើយ ពីប្រទេសចិន និងប្រទេសឥណ្ឌា ក្រោមរូបភាពជំនួយការទូត។ មុនការមកដល់វ៉ាក់សាំង AstraZeneca របស់ឥណ្ឌា កម្ពុជាធ្លាប់បានទទួលវ៉ាក់សាំងឈ្មោះ ស៊ីណូហ្វាម ដំបូងបំផុតពីមហាមិត្តចិន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូសរូចមកហើយ។ ជំនួយឥតសំណងផ្នែកសុខភាពសាធារណៈរបស់ប្រទេសចិន មិនទាន់បញ្ចប់ត្រឹមហ្នឹងទេ ត្បិតកាលពីថ្ងៃទី០១ មីនា ២០២១ ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានប្រកាសថា ត្រៀមនឹងផ្ដល់វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន ៤០ម៉ឺនដូស បន្ថែមទៀតដល់កម្ពុជា៕

ស្ថាប័នជាតិ និងអន្តរជាតិធំៗចំនួន៣ត្រៀមទទួលវ៉ាក់សាំងកូវីដ ៣២៤.០០០ដូស ពីឥណ្ឌានាល្ងាចនេះ
32 Shares