មក​មើល​លេខរៀង ប្រទេស​ដែល ជាប់​ចំណាត់​ថ្នាក់​ខ្ពស់​ជាងគេ លើ​ការ​អភិវឌ្ឍវិស័យសំណង់​នៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

គិតចាប់ពីឆ្នាំ ២០០០ រហូតមកដល់ត្រីមាសទី១ ឆ្នាំ២០១៩នេះ មានប្រទេសចំនួន ២១ ដែលបានបោះទុនវិនិយោគនៅក្នុងវិស័យសំណង់នៅកម្ពុជា ក្នុងចំណោមនោះ មានប្រទេសចំនួន ៥ ប៉ុណ្ណោះដែល ជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេ សម្រាប់ការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃទុនវិនិយោគ​របស់វិស័យ​ឯកជន​មកពី​បរទេស ចំនួន ២១ប្រទេស​គិតពីឆ្នាំ ២០០០ រហូតដល់​រយៈពេលបីខែ​ឆ្នាំ២០១៩នេះ គឺមានគម្រោង​វិនិយោគ​សរុប​ប្រមាណ ៣៩០ គម្រោង ដែលមាន​ទុនវិនិយោគ​ជាង ៥.៦០០​លានដុល្លារ។

ក្នុងនោះ មានប្រទេស​៥ បានវិនិយោគ​ក្នុងវិស័យ​សំណង់​លេចធ្លោ​ជាងគេ ទី១ ចិន មានតម្លៃទុន​វិនិយោគ កើនដល់ ២.៤៩៥ លានដុល្លារ។ ទី២ ប្រទេសកូរ៉េ​ខាងត្បូង​មានតម្លៃ​ទុនវិនិយោគ ១.៦៤៤​លានដុល្លារ ។ ទី៣ ប្រទេស​ជប៉ុន ២៨១​លានដុល្លារ ។ ទី៤ ប្រទេស​ថៃ​មាន ២៥០ លាន​ដុល្លារ និង​ទី៥ប្រទេស សឹង្ហបុរី មាន ១៦២​លាន​ដុល្លារ។នេះបើតាម​របាយការណ៍​ក្រសួងរៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ កាល​ពី​ពេល​ថ្មី​នេះ។

តាម​ការ​ឲ្យ​ដឹង​ពី ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​បានអះអាង ថា កំណើន​វិនិយោគិន​ជាតិ និងអន្តរជាតិ​ជាកម្លាំង​ចលករ​ដែលជំរុញ​ទុនវិនិយោគ​នៅក្នុង​វិស័យ​សំណង់​ទទួលបាន ជាង ១ពាន់គម្រោង​ដែលមាន​តម្លៃទុន​វិនិយោគ​ជាង ១.៧០០ លានដុល្លារ​សម្រាប់​ត្រីមាសទី១ ឆ្នាំ២០១៩នេះ ធៀបនឹង​រយៈពេលដូចគ្នា​ឆ្នាំ២០១៨ បានកើន​ឡើង ២៣៦ ភាគរយ។

ឯកឧត្តម ឡៅ ទិព្វសីហា បន្ត​ថា ការកើនឡើង​វិស័យសំណង់​នៅក្នុង​ឆ្នាំ ២០១៩នេះ ដោយសារតែ​មានការ​ស្នើសុំវិនិយោគ​ពីគម្រោង​ធំៗ មានដូចជា អគារពាណិជ្ជកម្ម​ សណ្ឋាគារ រមនីយដ្ឋាន ផ្សារទំនើប អគារខ្ពស់ៗ ទីក្រុងរណប បុរីលំនៅដ្ឋាន សំណង់ផ្ទះល្វែង និងភូមិគ្រឹះ រោងចក្រ​ផលិតគ្រឿង​អេឡិចត្រូនិក រោងចក្រ​កាត់ដេរ សំលៀកបំពាក់ និងស្បែកជើង រោងចក្រម៉ាស៊ីន​កិនស្រូវ និងឡត៍សង្ងួត តំបន់​ឧស្សាហកម្ម និងតំបន់​សេដ្ឋកិច្ចពិសេស៕