បាន មុន្នីល័ក្ខ ក្លាយជាតារាចម្រៀងតំណាងពីកម្ពុជា​ច្រៀងនៅកម្មវិធីប្រគំតន្ត្រីមិត្តភាពអាស៊ានឆ្នាំ២០១៩

កម្សាន្ត
70 Shares

តារាចម្រៀងសំនៀងក្រអួនស្រីស្រស់សោភា កញ្ញាបាន មុន្នីល័ក្ខ ត្រូវបានជ្រើសរើសជាតារាចម្រៀងតំណាងពីកម្ពុជាដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីទ្រង់ទ្រាយធំមួយនៅដើមខែសីហាខាងមុខនេះ។ នាងត្រូវបានគេរំពឹងថានឹងលើកមុខមាត់ជាតិក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនៅប្រទេសថៃដែលមានបណ្តាប្រទេសអាស៊ានទាំងអស់ចូលរួមរួមទាំងប្រទេសចិនផងដែរ។

កម្មវិធីប្រគំតន្ត្រីនេះមានឈ្មោះថា “ការប្រគំតន្ត្រីមិត្តភាពអាស៊ានឆ្នាំ២០១៩” ដែលត្រូវបានរៀបចំដោយវិទ្យុថៃ នៅក្រោមនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាល។ កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី០៣ខែសីហា ឆ្នាំ២០១៩នៅមហោស្រព Aksara King Power Building នាទីក្រុងបាងកកប្រទេសថៃ ក្រោមការចូលរួមពីអ្នកចម្រៀងទាំង១០ប្រទេសនៃតំបន់អាស៊ាន និងតារាចម្រៀងមកពីប្រទេសចិន ។ កម្មវិធីនេះក៏នឹងធ្វើការផ្សាយផ្ទាល់ និងចាក់ផ្សាយនៅលើបណ្តាញសង្គម វិទ្យុ និងទូរទស្សន៍NBT របស់ថៃផងដែរ។

តារាចម្រៀង បាន មុនីលក្ខ បានបញ្ជាក់ថា នាងពិតជារំភើបនិងមោទនភាពសម្រាប់ឱកាស ទទួលបានការអញ្ជើញដ៏មានកិត្តិយសមួយនេះ ហើយក៏ស្ថិតក្នុងនាមជាតារាចម្រៀងតំណាងពីកម្ពុជា។ នាងថានេះគឺជាលើកទីមួយដែលទទួលបានឱកាសមួយនេះ ហើយនាងបានត្រៀមរួចជាស្រេចក្នុងការបង្ហាញសមត្ថភាពច្រៀងនៅលើឆាកតន្ត្រីទ្រង់ទ្រាយធំមួយនេះដោយនាងមានទាំងបទនិពន្ធថ្មីផ្ទាល់ខ្លួន ដែលមានខ្លឹមសារលើកទឹកចិត្តស្ត្រី បទចម្រៀងរួមគ្នាជាមួយតារាចម្រៀងមកពីប្រទេសនានាជាដើម។ នាងបញ្ជាក់ដែរថា បច្ចុប្បន្នកំពុងតែមមាញឹកហ្វឹកហាត់បទចម្រៀងទាំងនេះដើម្បីប្រាកដថាឲ្យសាកសមទៅនឹងកិត្តិយសដែលទទួលបាន។ នាងថាតាមការគ្រោងទុកនាងនឹងចាកចេញពីកម្ពុជានៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៩នេះ និងត្រូវធ្វើការហាត់សមរួមគ្នាជាមួយតារាចម្រៀងមកពីបណ្តាប្រទេសនានា មុនពេលព្រឹត្តិការណ៍ប្រគំតន្ត្រីផ្ទាល់បានមកដល់។

នាងនឹងព្យាយាមឲ្យអស់ពីលទ្ធភាពក្នុងការហ្វឹកហាត់ច្រៀងបទចម្រៀងផ្ទាល់ខ្លួន និងបទចម្រៀងរួមជាមួយតារាចម្រៀងក្នុងតំបន់ ហើយនាងរំពឹងថានឹងទទួលបានលទ្ធផលល្អក្នុងព្រឹត្តិការណ៍ដ៏សម្បើមមួយនេះ៕

70 Shares