មកស្គាល់ បរទេសពីររូប សុខចិត្តលះបង់គ្រប់យ៉ាង រួមទាំងបានបូជាជីវិត ដើម្បីជួយពលរដ្ឋខ្មែរ

សង្គម​និង​សេដ្ឋកិច្ច
168 Shares

តាំងពីបង្កើតមន្ទីរពេទ្យគន្ធបុប្ផាឡើង បានជួយពលរដ្ឋខ្មែរទូទាំងប្រទេសរាប់លាននាក់ ដោយមិនរើសអើសជាតិសាសន៍ ពណ៌សម្បុរ ឋានៈអ្វីឡើយ។ បើទោះបីជាមន្ទីរពេទ្យនេះ បានជួយជ្រោមជ្រែងពលរដ្ឋខ្មែរទូទៅ យើងប្រាកដជាបានស្គាល់ស្ថាបនិកសាងសង់មន្ទីរពេទ្យមួយនេះជាក់ជាមិនខាន។ នៅពេលយើងបានស្គាល់គាត់ យើងនឹងគិតថា កម្រមានបរទេសណាដែលសុខចិត្តលះបង់គ្រប់យ៉ាង និងហ៊ានបូជាជីវិតខ្លួនឯង ដើម្បីស្រោចស្រង់ពលរដ្ឋខ្មែរ។

លោកវេជ្ជបណ្ឌិត Beat Richner និងលោក Christian des Pallières

សូមបញ្ជាក់ផងដែរថា វីរជនបរទេសទាំងពីររូបនេះ បានទទួលមរណភាពហើយ តែពលរដ្ឋខ្មែរនៅចងចាំ និងកោតសរសើរមិនដាច់ពីមាត់ពីភាពលះបង់គ្រប់យ៉ាងរបស់ពួកគាត់។ តោះមកដឹងពីបុគ្គលពីររូបដូចខាងក្រោម៖

) ប្រវត្តិសង្ខេបវីរបុរស Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា

លោកវេជ្ជបណ្ឌិត Beat Richner

លោកវេជ្ជបណ្ឌិត Beat Richner កើតនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ១៩៤៧ នៅក្នុងទីក្រុងដ៏ធំបំផុតឈ្មោះ Zurich នៃប្រទេសស្វីស។ លោកទទួលបានសញ្ញាបត្រពេទ្យនៅឆ្នាំ១៩៧៣ ជំនាញផ្នែកថែទាំកុមារនៅមន្ទីរពេទ្យកុមារទីក្រុង Zurich។ បន្ទាប់មកទៀត លោកវេជ្ជបណ្ឌិតបានធ្វើការនៅកាកបាទក្រហមស្វីស ក្រោយមកលោកត្រូវបានគេបញ្ជូនមកកម្ពុជា ដើម្បីធ្វើការនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានៅឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥។

លោកវេជ្ជបណ្ឌិត Beat Richner

កាលដើមឡើយមន្ទីរពេទ្យនេះមានឈ្មោះថា មន្ទីរពេទ្យសម្តេចនរោត្ដមគន្ធបុប្ផា (១៩៤៨-១៩៥២) ដែលជាឈ្មោះបុត្រីរបស់ព្រះមហាក្សត្រនរោត្តមសីហនុ ដែលបានស្លាប់ទាំងវ័យក្មេង។

លោកវេជ្ជបណ្ឌិត Beat Richner


នៅពេលរបបប៉ុលពតចូលមកដល់ លោកវេជ្ជបណ្ឌិតបានត្រឡប់ទៅប្រទេសស្វីសវិញ ដើម្បីបន្តការងារនៅក្នុងមន្ទីរពេទ្យដដែលរបស់លោកទៀត។ ក្រៅតែពីជំនាញខាងពេទ្យ លោកវេជ្ជបណ្ឌិតក៏ចាប់អារម្មណ៍លើតន្ត្រីផងដែរ ដូចនេះ លោកវេជ្ជបណ្ឌិតបានហាត់លេងតន្ត្រីផ្នែកវីយូឡុង។ លោកវេជ្ជបណ្ឌិតក៏បាននិពន្ធ និងបោះពុម្ភសៀវភៅតន្រ្តីសម្រាប់កុមារផងដែរដែលមានឈ្មោះថា “Beatocello”។ គួរបញ្ជាក់ផងដែរថា លោកវេជ្ជបណ្ឌិត បានទៅសំដែងនៅប្រទេសជាច្រើនពីផ្នែកតន្រ្តីរបស់លោកផងដែរ។

លោកវេជ្ជបណ្ឌិត Beat Richner

នៅខែធ្នូ ឆ្នាំ១៩៩១ លោកវេជ្ជបណ្ឌិតបានត្រឡប់មកកម្ពុជាវិញ ក្នុងកំឡុងពេលដែលកម្ពុជានៅមានជម្លោះជាមួយខ្មែរក្រហម និងវៀតណាមនៅឡើយ។ ក្នុងពេលនោះ នាយករដ្ឋមន្រ្តីខ្មែរបានស្នើសុំឱ្យលោកបើកមន្ទីរពេទ្យ និងសាងសង់ឡើងវិញ ដើម្បីបន្តការងារជួយកុមារកម្ពុជាទៀត។ នៅខែមីនា ឆ្នាំ១៩៩២ លោកវេជ្ជបណ្ឌិតបានបង្កើតមូលនិធិ Zurich ក្នុងប្រទេសស្វី រួចត្រឡប់មកសាងសង់មន្ទីរពេទ្យគន្ធបុប្ផាឡើងវិញនៅកម្ពុជា  ដូចនេះ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានបង្កើតឡើងជាថ្មីនៅឆ្នាំ១៩៩២។ ចាប់ពីពេលនោះមក មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានពង្រីកខ្លួនចំនួន ៥សាខា។

លោកវេជ្ជបណ្ឌិត Beat Richner

សូមបញ្ជាក់ផងដែរថា មន្ទីរពេទ្យគន្ធបុប្ផា មានចំនួន ៥ទីតាំង ដែលមន្ទីរពេទ្យគន្ធបុប្ផាទី១-២ (មន្ទីរពេទ្យគន្ធបុប្ផាទី ២ ត្រូវបានសម្ពោធនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ១៩៩៦) នៅទីក្រុងភ្នំពេញ រីឯគន្ធបុប្ផាទី៣ ស្ថិតនៅខេត្តសៀមរាបនៅឆ្នាំ១៩៩៨។ មន្ទីរពទ្យគន្ធបុប្ផាទី ៤ ត្រូវបានសាងសង់ឡើងនៅខែធ្នូ ឆ្នាំ២០០៥ និងមន្ទីរពេទ្យទី ៥ ត្រូវបានសាងសង់ ដោយបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០០៧។

ក្នុងរយៈពេល ២៣ ឆ្នាំចុងក្រោយនេះមន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលអ្នកជំងឺសំរាកពេទ្យចំនួន ១៣ លាននាក់ និងកុមារដែលមានជំងឺធ្ងន់ចំនួន ១,៥៦ លាននាក់ដែលត្រូវការការព្យាបាលនៅមន្ទីរពេទ្យ។ តែគួរឱ្យសោកសៅបំផុត ដែលវីរបុរស Beat Richner បានទទួលមរណភាពកាលពីពេលថ្មីៗនេះ។

) លោក Christian ស្ថាបនិក​អង្គការ PSE (POUR UN SOURIRSD’ENFANT)

ក្នុង​ឆ្នាំ​ ១៩៩៥ Christian និង Marie-France des Pallières បាន​មក​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​នៅ​ប្រទេស​កម្ពុជា ក្រោយ​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​ចូលនិវត្តន៍​នៅ​ប្រទេស​បារាំង​។ ប៉ុន្តែ​មួយ​ថ្ងៃ​មុន​ពេល​អ្នក​ទាំង​ពីរ​ចេញ​ទៅ​មាន​ក្មេង​ប្រុស​តូច​គួរ​ឱ្យ​អាណិត​ម្នាក់​នៅ​តាម​ដង​ផ្លូវ​បាន​បង្ហាញ​ប្រាប់​ពី​កន្លែង​ដែល​គាត់​រស់​នៅ​។ នេះ​ជា​អ្វី​ដែល​អ្នក​ទាំង​ពីរ​បាន​ឃើញ​កន្លែង​ចាក់​សំរាម​ដ៏​សំខាន់​នៅ​ជាយ​ក្រុង​រាជធានីភ្នំពេញ ហើយ​ក៏​ឃើញ​កុមារ​កម្ពុជា​ច្រើន​កំពុង​រស់​នៅ​គួរ​ឲ្យ​អាសូរ។

លោក Christian និង លោកស្រី Marie-France des Pallières

លោក​ Christian និង​ភរិយា​ Marie​មាន​ការ​តក់ស្លុត​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​បាន​ឃើញ​ហើយ​ក៏​ផុស​គំនិត​មួយ​គិត​ថា «អ្នក​មិន​អាច​មើល​ឃើញ​រឿង​បែប​នេះ​ហើយ​បន្ត​រស់​នៅ​យ៉ាង​មាន​ក្ដី​សុខ ​បែប​នេះ​បាន​ទៀត​ទេ»។

ក្រោយ​មក​ពីរ​នាក់​ប្ដី​ប្រពន្ធ​ខាង​លើ​ក៏​បាន​លះបង់​រឿង​គ្រប់​យ៉ាង​ទាំង​អស់​ ដែល​នៅ​ពី​ក្រោយ​ខ្នង ហើយ​ចាប់​ផ្ដើម​ជីវិត​ថ្មី​មួយ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ក្ដី​សង្ឃឹម​មួយ​ថា​នឹង​មិន​ឲ្យ​ស្ថាន​ភាព​បែប​នេះ​កើត​ឡើង​ចំពោះ​កុមារ​កម្ពុជា​ទៀត​ទេ។ បន្ទាប់​មក​អ្នក​ទាំង​ពីរ​បាន​យក​ប្រាក់​កាស​សល់​ពី​ការ​សន្សំ​ទិញ​អាហារ​ឆ្ងាញ់ៗ និង​ចាប់​ផ្ដើម​ផ្ដល់​ជំនួយ​ជា​លើក​ដំបូង​ដល់​កុមារ​នៅ​កន្លែង​ចាក់​សំរាម។

លោក Christian និងលោកស្រី Marie-France des Pallières និងក្មេងៗនៅគំនរសម្រាម

ក្នុង​ឆ្នាំ១៩៩៦ លោក​ Christian និង​ភរិយា​ ចាប់​ផ្ដើម​ជួល​អគារ​មួយ និង​ផ្ដល់​កន្លែង​ស្នាក់​នៅ​ដល់​កុមារ​តូច​ៗ​ចំនួន 60 នាក់។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​សិស្ស​ជាង ៧០០០នាក់ មាន​អាយុ​ពី៦ ដល់ ២០ឆ្នាំ​ត្រូវ​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ក្នុង​សាលា PSE ។ នេះ​បើ​តាម​គេហទំព័រ​ផ្លូវ​ការ​របស់​សាលា​មួយ​នេះ។

PSE គឺ​កើត​ឡើង​ចេញ​ពី​បេះដូង និង​មនោសញ្ចេតនា​ មិន​អាច​កាត់​ថ្លៃ​បាន​របស់​ប្ដីប្រពន្ធ​ជនជាតិ​បារាំង​មួយ​គូ​នេះ។ អ្នក​ទាំង​ពីរ​បាន​រៀបការ​រយៈពេល​ជាង ៥០​ឆ្នាំ​មក​ហើយ និង​មាន​កូន​ពេញ​វ័យ​ចំនួន​បួន​នាក់។ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​លោក​ក​Christian បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​ដោយ​ជរាពាធ​។

លោក Christian និងលោកស្រី Marie-France des Pallières និងកូនៗPSE

សាលា​PSE​ គឺ​ជា​អនុស្សាវរីយ៍​២០ឆ្នាំ​ចុង​ក្រោយ​របស់អ្នកទាំងពីរ ជំនួស​ឱ្យ​ការ​ចូល​និវត្តន៍​ដ៏​សុខសាន្ត​នៅ​បារាំង៕

ប្រភព: Den-Sharing

168 Shares