អាលីសវ៉លតុននារីជំនួញជើងខ្លាំងមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងពិភពលោក១វិនាទីរកចំណូលបាន៩៥,១៣ដុល្លារ

ជុំវិញ​ឧកញ៉ា
22 Shares

តាមការចុះផ្សាយដោយទស្សនាវត្ដី Forbes ក្នុងឆ្នាំ២០២០កន្លងទៅ បង្ហាញថា លោកស្រី អាលីសវ៉លតុន (Alice Walton) គឺជាស្ត្រីដែលមានទ្រព្យសម្បត្តិដ៏មហាសាល និងច្រើនជាងគេក្នុងពិភពលោក។ ទ្រព្យសម្បត្តិសរុបរបស់គាត់ ត្រូវបានគេរាយការណ៍ថា មានរហូតដល់ ៦២,៣ ពាន់លានដុល្លារ($62.3 billion) ឈលំដាប់ថ្នាក់លេខ១ ក្នុងកំពូលតារាងស្ត្រីមានទ្រព្យសម្បត្តិច្រើនបំផុតទាំង១០ របស់ពិភពលោក។

លោកស្រី អាលីសវ៉លតុន កើតនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៤៩ នៅទឹកដីសហរដ្ឋអាមេរិច។ គាត់ គឺជាកូនស្រីបណ្ដូលចិត្តតែមួយគត់ របស់ស្ថាបនិកក្រុមហ៊ុន Walmart ដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិច និងលើពិភពលោក គឺលោក Sam Walton និងអ្នកស្រី Helen Walton។ ក្រៅពីក្ដោបក្ដាប់មុខជំនួញ ដែលមានទុនរាប់សិបពាន់លានដុល្លារហើយនោះ លោកស្រី អាលីសវ៉លតុន ក៏មានចំណង់ចំណូលចិត្តខ្ពស់លើវិថីសិល្បៈផងដែរ។

កាលពីខែឆ្នាំ២០១៦ កន្លងទៅ អ្នកស្រី អាលីសវ៉លតុន មានចំណែកភាគហ៊ុនក្នុងក្រុមហ៊ុន Walmart គិតជាទឹកប្រាក់រហូតដល់ ១១ពាន់លានដុល្លារ។ រហូតដល់ឆ្នាំ២០១៨ ទ្រព្យសម្បត្តិរបស់គាត់ស្ទុះឡើងដល់ ៤១ពាន់លានដុល្លារ មុនកើនឡើងដល់ ៦២,៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០ ជាប់ឈ្មោះជាកំពូលស្ត្រីមានទ្រព្យសម្បត្តិដ៏មហាសាល និងមានជាងគេក្នុងពិភពលោក។

បើតាមទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនយក្ស Walmart នៅសហរដ្ឋអាមេរិច ដែលកើនឡើងរៀងរាល់ថ្ងៃ បញ្ជាក់ថា រៀងរាល់១វិនាទី ស្ត្រីវ័យ៧២ឆ្នាំរូបនេះ មានលុយចូលកុង ប្រហែល៩៥,១៣ដុល្លារ។ ក្នុងមួយថ្ងៃរកបាន ៨,២២លានដុល្លារ។ តាមរយៈចំណូលនឹងប្រាក់ខែ ក្នុងនាមជាម្ចាស់ភាគហ៊ុនធំប្រចាំក្រុមហ៊ុន ក្នុងមួយខែ គាត់ទទួលបានចំណូល ២៥០លានដុល្លារ និងទទួលបានរហូតដល់ ៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។

Walmart Inc គឺជាក្រុមហ៊ុនសាជីវកម្មលក់រាយលំដាប់អន្តរជាតិ មានទីតាំងនៅទឹកដីសហរដ្ឋអាមេរិច។ ក្រុមហ៊ុននេះ រកស៊ីខាងបង្កើតផ្សារទំនើប និងម៉ាត លក់ទំនិញគ្រប់ប្រភេទ នៅអាមេរិច និងនៅជុំវិញពិភពលោក។ កាលពីឆ្នាំ២០២០ Walmart ទទួលបានចំណូលសរុប ២២,៥ពាន់លានដុល្លារ និងមានទ្រព្យសម្បត្តិក្រុមហ៊ុនសរុប ដល់ទៅ ២៥២,៤៩ពាន់លានដុល្លារ។ បច្ចុប្បន្ន ក្រុមហ៊ុននេះ មានបុគ្គលិកបម្រើការងារសរុបចំនួន ២.២ លាននាក់ លើពិភពលោក៕

ប្រភព៖ Forbes  

អាលីសវ៉លតុននារីជំនួញជើងខ្លាំងមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងពិភពលោក១វិនាទីរកចំណូលបាន៩៥,១៣ដុល្លារ
22 Shares