រយៈពេលត្រឹម៣ខែ ក្រុមហ៊ុន ប៉េង ហួត គ្រុប ឧបត្ថម្ភថវិកាសរុបចំនួន៦លានដុល្លារជូនរដ្ឋាភិបាល ក្នុងការទប់ស្កាត់កូវីដ១៩នៅកម្ពុជា

ជុំវិញ​ឧកញ៉ា
395 Shares

«ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាដ៏លំបាក» នេះគឺជាពាក្យស្លោក ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តែងតែ​លើកឡើង ក្នុង​គ្រាដែល​ប្រទេសជាតិស្ថិតក្នុងស្ថានភាពដ៏លំបាកនាពេលកន្លងមក។ ស្របជាមួយទស្សនៈទានរបស់ថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ប្រទេសកម្ពុជានេះហើយ ទើបជម្រុញឱ្យក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមទាំងធនធានថវិកា ស្មារតី និងគ្រប់សកម្មភាព ចែករំលែក និងអភិវឌ្ឍសង្គម ក្នុងទិសដៅលើកកម្ពស់សុខុមាលភាពសង្គម បរិស្ថាន វប្បធម៌ ជាពិសេសគឺបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ។  

រយៈត្រឹមតែ៣ខែ ពោលគិតចាប់ពីចុងឆ្នាំ២០២០ ដល់ដើមឆ្នាំ២០២១ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមយ៉ាងសស្រាក់ស្រស្រាំ ក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គម ជាពិសេសការបរិច្ចាគថវិកាឧបត្ថម្ភលើបញ្ហាសុខភាពសាធារណៈដល់រដ្ឋាភិបាលកម្ពុជាជាហូរហែ សរុបជាទឹកប្រាក់រហូតដល់ ៦លានដុល្លារសហរដ្ឋអាមេរិច ក្នុងការទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ផង និងក្នុងព្រឹត្តិការណ៍ផ្ទុះកូវីដលក្ខណៈសហគមន៍។

ជាក់ស្តែងកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានបរិច្ចាគថវិកាលើកទី១ ចំនួន ៣លានដុល្លារអាមេរិច ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ រំលងមិនបានប៉ុន្មានខែផង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានបន្តបរិច្ចាគថវិកាសប្បុរសធម៌របស់ខ្លួនចំនួន ៣លានដុល្លារបន្ថែមទៀត ជូនរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដើម្បីជាការឆ្លើយតបទៅការចូលរួមទប់ស្កាប់ការរីករាលដាលជំងឺកូវីដ១៩ ដែលបានផ្ទុះលក្ខណៈទ្រង់ទ្រាយធំ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កន្លងទៅថ្មីៗនេះ។

ការចូលរួមចំណែកដ៏ធំធេង តាមរយៈថវិការសប្បុរសធម៌ ២លើក សរុបជាទឹកប្រាក់រហូតដល់ទៅ ៦លានដុល្លារអាមេរិចនេះ បានធ្វើឱ្យក្រុមហ៊ុន ប៉េង ហួត គ្រុប ក្លាយជាក្រុមហ៊ុនសប្បុរសធម៌ដ៏លេចធ្លោ ឆ្លើយតបបានយ៉ាងរហ័ស និងទាន់សភាពការណ៍ រួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា ស្របតាមទិសស្លោករបស់សម្ដេចតេជោ ហ៊ុន សែន «ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាដ៏លំបាក»។

សូមកុំភ្លេចអនុវត្តន៍ និងចូលរួមឱ្យបានគ្រប់គ្នាស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ ៣កុំ ដើម្បីកាត់ផ្ដាច់ការឆ្លង និងរីករាលដាលជំងឺកូវីដ១៩៕ 

រយៈពេលត្រឹម៣ខែ ក្រុមហ៊ុន ប៉េង ហួត គ្រុប ឧបត្ថម្ភថវិកាសរុបចំនួន៦លានដុល្លារជូនរដ្ឋាភិបាល ក្នុងការទប់ស្កាត់កូវីដ១៩នៅកម្ពុជា
395 Shares