ខេត្តកំពង់ស្ពឺមានរោងចក្រ ជាង ២០០ កន្លែង កំពុងដំណើរការ ប្រើប្រាស់​កម្មករជាង ១២ម៉ឺននាក់

សង្គម​និង​សេដ្ឋកិច្ច

ស្ថិត​នៅ​ចំកណ្តាលតំបន់ប៉ូលសេដ្ឋកិច្ចពីរគឺ​ទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ តាម​ផ្លូវជាតិលេខ ៣ និងលេខ ៤ ខេត្តកំពង់ស្ពឺជាខេត្តមួយ ប្រៀបបានដូចកូនក្រមុំ ដែលកំពុង​ទាក់ទាញ អ្នកវិនិយោគជាច្រើនលើវិស័យឧស្សាហកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ​បាន​ថ្លែង​ថា ខេត្តកំពង់ស្ពឺ ជាខេត្តមួយកំពុងមានភាពទាក់ទាញអ្នកវិនិយោគ លើវិស័យឧស្សាហកម្ម បច្ចប្បន្នមានរោងចក្រជាង ២០០រោងចក្រ កំពុងបើកដំណើរការ និង​ប្រើប្រាស់​កម្មករកម្មការិនីប្រមាណជាង ១២ម៉ីននាក់។

ដោយសារខេត្តមួយនេះនៅជិតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងមានផ្លូវជាតិបីខ្សែ គឺផ្លូវលេខ៥១ ផ្លូវលេខ៤៤ និងផ្លូវលេខ៤១។ ក្នុងនោះផ្លូវ៥១ មាន​គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC លើ​ផ្ទៃដី ៥០០ហិកតា ផ្លូវលេខ៤១ មានគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនសិង្ហបុរី និងផ្លូវលេខ៤៤ មានក្រុមហ៊ុនកំពុងអភិវឌ្ឍន៍លើវិស័យជាច្រើន។ 

លោកអភិបាលខេត្ត​បាន​បន្ត​ថា ខេត្តកំពង់ស្ពឺ ក៏​មានការ​អភិវឌ្ឍ​លើ​វិស័យអចលនទ្រព្យ មាន​អ្នកវិនិយោគនាំគ្នាសាងសង់លំនៅឋាន ឬពុះដីឡុតិ៍លក់ជាបន្តបន្ទាប់ ដែលបច្ចុប្បន្នដីលក់នៅក្រុងកំពង់ស្ពឺមានតម្លៃជាមធ្យមចន្លោះពី ១០០ទៅ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ រីឯតម្លៃដីតាមតំបន់ជាយក្រុងកំពង់ស្ពឺ និងដីស្រែមានតម្លៃចន្លោះពី៤០ទៅ៦០ដុល្លារអាមេរិកក្នុង១ម៉ែត្រការ៉េ៕