តើការជេរបញ្ចោរទៅលើអ្នកបួស អាចនាំឲ្យរលាយព្រះពុទ្ធសាសនាដែរឬទេ? ហើយត្រូវជាប់ទោសបែបណា?​

សង្គម​និង​សេដ្ឋកិច្ច

វីដេអូអំពើ​ហិង្សា​ ទៅ​លើ​សាមណេរ​ចំនួន​ ៩​អង្គ​ ដោយ​វាយ​នឹង​រំពាត់​ ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គមបន្ត​ចែក​ចាយ ដែលធ្វើឲ្យ​មានការប្រតិកម្ម​ជាខ្លាំង​ពី​សាធារណជន។ ខណៈ អ្នក​ខ្លះ​គាំ​ទ្រ​ចំពោះ​ទង្វើ​ធ្វើ​ទារុណ​កម្មរបស់​​ព្រះសង្ឃ​ថា ជា​ការ​ដាក់​ពិន័យ​ និង​មួយ​ចំនួន​ទៀត​មិន​គាំ​ទ្រ​ដែល​ទាម​ទារ​រក​យុត្តិធម៌​ដល់​សាមណេរ​ ដែល​បាន​រងនូវ​អំពើ​ហិង្សា​នោះ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 5 people and people standing

ចំណោទនេះ ត្រូវបានមហាជនជជែកវែកញែក កាត់ក្តី និងមានអ្នកមួយចំនួន បានជេរប្រមាថដល់ព្រះសង្ឃអង្គនោះរួមនឹងមន្រ្តីពាក់ព័ន្ធផ្សេងទៀត នៅតាមបណ្តាញសង្គម ដោយគ្មានសិក្សាមូលដ្ឋានច្បាប់សាសនា និងច្បាប់រដ្ឋជាមុន។

តើការជេរបញ្ចោរទៅលើអ្នកបួស អាចនាំឲ្យរលាយព្រះពុទ្ធសាសនាដែរឬទេ? ការគំរាមធ្វើគត ការ​ជេរប្រមាថ​ចំពោះ ព្រះសង្ឃ តាជី និងដូនជី ត្រូវជាប់ទោសបែបណា?​

May be an image of 1 person

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ដែលជាព្រះសង្ឃសិក្សាបានជ្រៅជ្រេះក្នុងផ្នែកពុទ្ធចក្រ មានសង្ឃដីកាថា ការជេរបញ្ចោរទៅលើអ្នកបួស អាចនាំឲ្យរលាយព្រះពុទ្ធសាសនា គឺមិនអាចទេ ព្រោះព្រះពុទ្ធសាសនាថ្លៃថ្លាជានិច្ច ព្រះពុទ្ធសាសនាមិនមែនអ្នកបួសទេ អ្នកបួស គ្រាន់តែជាសមាជិកដែលរាប់បញ្ចូលថា ជាអ្នកគោរពព្រះពុទ្ធសាសនាតែប៉ុណ្ណោះ។

ព្រះអង្គបានគូសបញ្ជាក់ថា ព្រះពុទ្ធសាសនា សំដៅដល់ធម៌និងវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងទុកជាគន្លង សម្រាប់សាវកសិក្សា និងប្រតិបត្តិ ដែលសរុបមកមាន៣ចំណុចគឺ ១-កិរិយាមិនធ្វើនូវបាបទាំងពួង (សេចក្តីអាក្រក់គ្រប់បែបយ៉ាង) ២- កិរិយាបំពេញកុសល (សេចក្តីល្អ) ៣-ការជម្រះចិត្តឲ្យស្អាតបរិសុទ្ធ (លះកិលេស) ។

បើតាមព្រះភិក្ខុ សាន សុជា ការជេរប្រមាថ ត្រូវផ្ទៀងផ្ទាត់ទៅលើសីលធម៌សង្គម និងច្បាប់រដ្ឋ តាមន័យធម៌ ត្រូវផ្ទៀងផ្ទាត់ទៅលើកម្មបថ។ បើផ្ទៀងផ្ទាត់ទៅឃើញថា ជាអកុសលកម្មបថ ទោសតែងធ្លាក់ទៅលើអ្នកជេរ មិនអាចធ្លាក់ទៅលើអ្នកដែលត្រូវគេជេរទេ។

ព្រះអង្គបានបញ្ជាក់បន្ថែមថា សម័យនេះ មិនទាន់មានអ្នកពូកែជេរដូចសម័យព្រះពុទ្ធគង់នៅ នៅឡើយទេ ប៉ុន្តែកាលនោះគេកាន់តែជេរ ព្រះពុទ្ធសាសនាកាន់តែរីកចម្រើន វិន័យសិក្ខាក៏កាន់តែមានរបៀបរៀបរយដែរ។ សិក្ខាបទភាគច្រើន កើតឡើងដោយសារមានអ្នករិះគន់។ យើងមើលខ្នងខ្លួនឯងមិនឃើញ មានគេជួយថាក៏ល្អដែរ។

May be an image of 1 person, standing and outdoors

ក្រឡែកមកមើលលើច្បាប់រដ្ឋវិញម្តង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបាន​ចែងថា ពុទ្ធសាសនា​គឺជា​សាសនា​របស់​រដ្ឋ ហើយការ​ប្រព្រឹត្តណាមួយ​មិន​គប្បី​ដល់សាសនា ព្រះសង្ឃ ដូនជី និងតាជី ដូចជាគំរាមធ្វើគត ការជេរប្រមាថ នឹងត្រូវមាន​ទោស។

មាត្រា ២៣៣ បទគំរាមកំហែងថា នឹងសម្លាប់ ការគំរាមកំហែងថា នឹងសម្លាប់ កាលបើការគំរាមកំហែងនេះធ្វើ​ឡើងម្តងហើយម្តងទៀត ឬសម្តែងចេញមក​តាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ ខែដល់២ឆ្នាំ និងពិន័យជាប្រាក់ ១លានរៀល ទៅ​ ៤លានរៀល។

មាត្រា ៥០២ បទប្រមាថ ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុ ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ ការប្រមាថចំពោះអ្នករាជការសាធារណៈ ឬបុគ្គលទទួលអាណត្តិសាធារណៈ ដោយបោះឆ្នោត នៅ​ក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅ​ក្នុងឱកាសនៃការបំពេញមុខងាររបស់​ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ​ពី ១ មួយ​ថ្ងៃ​ដល់ប្រាំមួយ​ថ្ងៃ និងពិន័យជាប្រាក់ពី ១០០០រៀល ដល់ ១០​ម៉ឺនរៀល។

May be an image of standing

មាត្រា ៥១៦ ដែល​បាន​ចែងពីបទ​ប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី ការ​ប្រមាថដូចបញ្ញាត្ត ក្នុង​កថាខណ្ឌទី១ នៃមាត្រា ៥០២ (បទប្រមាថ) ក្រមនេះ ដែលប្រព្រឹត្តឡើងចំពោះព្រះសង្ឃ ដូនជី ឬតាជី នៅ​ក្នុងក្របខណ្ឌនៃមុខងារ​ ឬក្នុងឱកាស​នៃការបំពេញ​មុខងារ ត្រូវផ្តន្ទាទោ​ស​ដាក់ពន្ធនាគារពីមួយ​ថ្ងៃ ដល់​ទៅ៦ថ្ងៃ និងពិន័យជាប្រាក់ពី១ពាន់រៀល​ ដល់១សែនរៀ​ល៕