សូម្បីកុមារអាយុ ៦ឆ្នាំក៏វីរុសកូវីដមិនលើកលែងដែរ តើមនុស្សពេញវ័យ ត្រូវចូលរួមអ្វីខ្លះក្នុងកាលៈទេសៈនេះ?

សង្គម​និង​សេដ្ឋកិច្ច

តើប្រជាពលរដ្ឋជនរួមជាតិខ្មែរ ស្វែងយល់បន្ថែមអ្វីខ្លះលើករណី ដ៏សង្វេគដែលបានកើតឡើងលើកុមារអាយុ ៦ឆ្នាំម្នាក់ ក្រោយធ្វើតេស្តរកឃើញថាគាត់វិជ្ជមាន ឆ្លងកូវីដពីម្ដាយទាំងវ័យក្មេងដូច្នេះ? សំនួរត្រូវបានធ្លាក់ទៅលើមនុស្សពេញវ័យ អាណាព្យាបាលគ្រប់រូបថា តេីយេីងត្រូវចូលរួមធ្វេីអ្វីខ្លះ​ ដេីម្បីកុំឱ្យមានការចម្លងបន្តគ្នាបែបនេះ​ បេីសូម្បីកូនតូចៗ​ ក៏ឆ្លងដែរហេីយនៅពេលនេះ?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញករណីសិិក្សានេះ ក្រសួងសុខាភិបាល ក៏បានបង្ហោះសារដាស់តឿនជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ អំពីការចូលរួមទប់ស្កាត់ និងកាត់ផ្ដាច់ខ្សែចម្លងនៃវីរុសកូវីដ១៩ ដែលមានខ្លឹមសារដូចខាងក្រោម៖  

«គ្មានអ្វីដែលល្អប្រសេីរជាងការនៅផ្ទះ​ កុំចេញក្រៅផ្ទះ​ បេីមិនចាំបាច់​ បេីចាំបាច់ត្រូវចេញ​ សុំអនុវត្តន៍វិធានការ​ ៣ការពារ​ និង​ ៣កុំ​ ដែលបានដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្ត្រី​ ឱ្យអនុវត្តន៍ទាំងអស់គ្នា​ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត​ អ្នកនៅភ្នំពេញសូមកុំចេញទៅខេត្ត​ អ្នកនៅខេត្តសូមកុំទាន់អាលចូលមកភ្នំពេញ​ អ្នកដែលត្រូវធ្វេីចត្តាឡីស័កចំនួន​ ១៤ថ្ងៃ​ សូមគោរពអនុវត្តន៍ឱ្យបានត្រឹមត្រូវជាទីបំផុត​ ផ្អាក ឬពន្យារពេល ការជួបជុំគ្នាជាចាំបាច់​ និងនាំគ្នាធ្វេីការពីផ្ទះតាមអនឡាញ​ សាមគ្គីគ្នា​ ជួយអប់រំគ្នាក្នុងគ្រួសារនិមួយៗ​ (សុខចិត្តទ្រាំលំបាកនៅពេលនេះសិនជាជាងការលំបាកហួសប្រមាណនៅពេលខាងមុខប្រសិនបេីយេីងមិនចូលរួម​ ៣ការពារ​ និង​ ៣កុំទេនោះ​)​ ទេីបយេីងអាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នាបាន។»

ក្រសួងក៏សូមផ្ញេីជូននូវការជូនពរដល់កុមារាតូចនេះ​ សូមឱ្យកូនបានជាសះស្បេីយបានឆាប់ៗ​ និងជូនពរដល់បងប្អូនអ្នកដែលឆ្លងរួចហេីយទាំងអស់ ឱ្យឆ្លងកាត់ដំណាក់វ៉ៃលុករបស់សត្រូវអត់ស្រមោល វិលមករកការជាសះស្បេីយឆាប់ៗ​ និងអ្នកដែលមិនទាន់ឆ្លង​ សុំកុំឱ្យមានការឆ្លងបន្តគ្នាឱ្យសោះ​ មានសុខភាពល្អ​ រួមគ្នាវ៉ៃបកសត្រូវមេីលមិនឃេីញនេះ​ ដោយអាវុធ​ ៣ការពារ​ និង​ ៣កុំ​។

គួរបញ្ជាក់ថា កុមារអាយុ ៦ឆ្នាំម្នាក់ រស់នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ កាលពីថ្ងៃទី១៩ មីនា ឆ្នាំ២០២១ ដែលជាករណីឆ្លងបន្តមកពីម្ដាយ ដែលធ្លាប់ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩។ ក្នុងថ្ងៃទី១៩ មីនា ម្សិលមិញនេះដែរ ក្រសួងសុខាភិបាល ក៏បានប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥៤នាក់ និងមានអ្នកជាសះស្បើយចំនួន ១៨នាក់ផងដែរ៕

ប្រភព៖ ក្រសួងសុខាភិបាល