មកស្គាល់ក្រុមហ៊ុន ស៊ី.ភី.កម្ពុជា ដែលកំពុងឈរជើងលើវិស័យផលិតកម្មសត្វល្បីឈ្មោះបោះទុនវិនិយោគប្រមាណ ៦៧,៤ លានដុល្លារ

អាជីវកម្ម
15 Shares

ក្រុមហ៊ុន ស៊ីភី កម្ពុជា (C.P. Cambodia Co., Ltd) ជាក្រុមហ៊ុននាំមុខធំមួយក្នុងចំណោមក្រុមហ៊ុនធំៗ ដែលបាននិងកំពុងដំណើរការអាជីវកម្មលើវិស័យផលិតកម្មសត្វ (ជ្រូក និងមាន់) ស៊ុតមាន់ ចំណីសត្វ និងអាហារមនុស្ស (សាច់ក្រក ប្រហិត និងសាច់ប៉ាត់តេ) និងសត្តឃាតដ្ឋានមាន់ នៅកម្ពុជា។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្រុមហ៊ុន ស៊ីភី កម្ពុជា បានបោះទុនវិនិយោគប្រមាណ ៦៧,៤ លានដុល្លារអាមេរិក ទៅលើដំណើរការអាជីវកម្ម កសិ-ឧស្សាហកម្ម និងចំណីអាហារគ្រប់ប្រភេទ រួមទាំងបសុសត្វ និងអាជីវកម្មផ្នែកវារីវប្បកម្ម ហើយប្រភេទសត្វចម្បងៗ មានជាអាទិ៍ ជ្រូក មាន់សាច់ មាន់ស្រុក មាន់ពង និងត្រី។ អាជីវកម្មទាំងនោះបែងចែកជា ៣ ប្រភេទធំៗ គឺ អាជីវកម្មផលិតចំណីសត្វ អាជីវកម្មចិញ្ចឹមសត្វ និងអាជីវកម្មផលិតចំណីអាហារ រួមទាំងដំណើរការអាជីវកម្មហាងលក់រាយ និងអាហារសម្រន់ផងដែរ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

បើតាមរបាយការណ៍ដដែលបានឲ្យដឹងថា៖ បច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រផលិតចំណីសត្វពីរកន្លែង គឺទីមួយនៅខេត្តកំពង់ស្ពឺ និងទីពីរនៅខេត្តប៉ៃលិន រោងចក្រទាំងពីរនេះមានសក្តានុពលផលិតចំណីសត្វគ្រប់ប្រភេទ បានចំនួន ៥៥ ០០០តោន/ខែ ដោយប្រើប្រាស់វត្ថុធាតុដើមផលិតក្នុងស្រុកមានពោតក្រហមចំនួន ២០០ ០០០តោន/ឆ្នាំ និងដំឡូងមីក្រៀមចំនួន ១០០ ០០០តោន/ឆ្នាំ។

ក្រៅពីនេះ វត្ថុធាតុដើមមួយចំនួនទៀតត្រូវបានក្រុមហ៊ុនស្នើសុំគោលការណ៍នាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីយកមកបំពេញបង្គប់តាមតម្រូវការរបស់រោងចក្រ និងជាពិសេសអតិថិជនដែលជាអ្នកចិញ្ចឹមសត្វ ម្ចាស់ដេប៉ូចំណីសត្វ ដៃគូ និងប្រើប្រាស់ក្នុងក្រុមហ៊ុនផ្ទាល់ផងដែរ។

ក្រៅពីផលិតកម្មចំណីសត្វ ក្រុមហ៊ុនមានចិញ្ចឹមមាន់ពូជយកពងភ្ញាស់យកកូនបានចំនួន ៧០០ ០០០ក្បាល/សប្តាហ៍ ផលិតកូនជ្រូកពូជបានចំនួន ២០ ០០០ក្បាល/សប្តាហ៍។ ដើម្បីបំពេញឲ្យសេចក្តីត្រូវការសាច់មាន់ និងផលិតផលសាច់ ក្រុមហ៊ុនបានបង្កើតសត្តឃាតដ្ឋានមាន់មួយកន្លែង ដែលអាចពិឃាតមាន់សាច់បានចំនួន ១០ ០០០ក្បាល/ថ្ងៃ មួយផ្នែកលក់ជាសាច់មាន់ស្រស់ និងមួយផ្នែកទៀតលក់ជាផលិតផលកែច្នៃមានដូចជាសាច់ក្រក ប្រហិត និងសាច់ប៉ាត់តេ ដោយគិតជាមធ្យមក្នុងមួយខែរោងចក្រអាចផលិតបាន ៥០០ ០០០ គ.ក្រ។

ដើម្បី រក្សាខ្សែច្រវាក់ផលិតកម្មពី A to Z ឲ្យមាននិរន្តរភាពចាំបាច់ក្រុមហ៊ុនត្រូវការបុគ្គលិក កម្មករសរុបចំនួន ២ ៧០០នាក់ ក្នុងនោះមានបុគ្គលិកពេទ្យសត្វមានចំនួន ២០០នាក់ ដែលជានិស្សិតបានបញ្ចប់ការសិក្សានៅតាមសកលវិទ្យាល័យនានានៅទូទាំងប្រទេស។

ជាមួយគោលបំណងពង្រីកផលិតកម្មចិញ្ចឹមសត្វ ជាពិសេសចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ក្រុមហ៊ុនបាននិងកំពុងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយគិតមកទល់ដើមឆ្នាំ២០២១ នេះក្រុមហ៊ុនមានដៃគូសហការចិញ្ចឹមជ្រូក និងមាន់ចំនួន ១ ៤០០គ្រួសារ នៅទូទាំងប្រទេស ហើយចំនួននេះសង្ឃឹមថានឹងមានការកើនឡើងជាបន្តបន្ទាប់ ក្រោយពេលវិបត្តជំងឺឆ្លងកូវីដ-១៩។

ម៉្យាងវិញទៀត តាមផែនការគ្រោងទុក ក្រុមហ៊ុននឹងបង្កើនផលិតភាពផលិតកម្មសត្វ និងចំណីឲ្យបានពី១៥% ទៅ ២០% ដើម្បីចូលរួមផ្គត់ផ្គង់ឲ្យតម្រូវការទីផ្សារក្នុងស្រុកដែលចេះតែមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងអាចធ្វើការនាំចេញផងដែរ៕

មកស្គាល់ក្រុមហ៊ុន ស៊ី.ភី.កម្ពុជា ដែលកំពុងឈរជើងលើវិស័យផលិតកម្មសត្វល្បីឈ្មោះបោះទុនវិនិយោគប្រមាណ ៦៧,៤ លានដុល្លារ
15 Shares