ដំណឹងល្អ! ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដាក់ឲ្យដំណើរការចាប់ពីថ្ងៃនេះតទៅ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ ដោយចាប់ពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១នេះតទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 2 people, people standing, people sitting and outdoors

ថ្លែងក្នុងដំណើរចុះត្រួតពិនិត្យគម្រងស្ថាបនាស្ពានឆ្លងកាត់ស្ទឹងត្រង់-ក្រូចឆ្មារ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជួន មានប្រសាសន៍ថា “តាម​គម្រោង​ស្ពាន​នេះ​ត្រូវ​បញ្ចប់​នៅ​ខែ​ឧសភា ឆ្នាំ ២០២១ ប៉ុន្តែ​ក្រុមហ៊ុន​បាន​ពន្លឿន​ការ​សាងសង់​បាន​បញ្ចប់​មុន​កាល​កំណត់ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ពលរដ្ឋ​ឆ្លង​កាត់​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ”។

ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ឆ្លង​កាត់​ទន្លេមេគង្គ​ទៅ​ត្រើយ​ខាង​កើត​ស្ថិត​នៅ​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។

សូមបញ្ជាក់ដែរថា ស្ពាន ១កន្លែង នេះ មានទំហំបណ្ដោយប្រវែង ១.១៣១ម និងទទឹង ១៣,៥០ម ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋាន កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ដោយគ្រោងចំណាយថវិកាសរុប ៥៦,៩៩៨លានដុល្លារសហរដ្ឋអាមេរិកក្រោមហិរញ្ញប្បទានពីរាជរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕