ស្អែកព្រឹកនេះវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលកម្ពុជាបញ្ជាទិញពីចិន ចំនួន ១,៥លានដូស នឹងមកដល់តាមការកំណត់

សង្គម​និង​សេដ្ឋកិច្ច

បើមិនមានការប្រែប្រួលអ្វីទេ នៅវេលាព្រឹកស្អែក ថ្ងៃទី២៦ ខែមីនា ២០២១នេះ ឯឧត្តម វង្ស៊ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ទទួលវ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ចំនួន ១,៥លានដូស ពីមហាមិត្តចិន ដែលតំណាងដោយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក សម្រាប់ក្រសួងសុខាភិបាល នឹងបន្តទទួលបាន វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ចិន ចំនួន៤០ម៉ឺនដូស បន្ថែមទៀត (លើកទីមួយ៦០ម៉ឺនដូស) នៅពេលឆាប់ៗខាងមុខនេះនឹងមកដល់កម្ពុជាដែរ ដើម្បីបង្រ្គប់១លានដូស។

សម្រាប់ក្រសួងការពារជាតិ តាមកាលបរិច្ឆេទ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយបន្ថែមរបស់សាធារណៈរដ្ឋប្រជាមានិតចិន ចំនួន៣០ម៉ឺនដូសថែមទៀតក៏នឹងដឹកមកដល់។ គួរបញ្ជាក់ថា សម្រាប់ក្រសួងការពារជាតិ ជំនួយវ៉ាក់សាំងលើកទី២នេះ ជាការបន្ថែមពីលើជំនួយ១លានដូស ដែលប្រទេសចិនផ្តល់ជូនកម្ពុជាកន្លងទៅ តាមរយៈក្រសួងការពារជាតិរបស់ចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា នឹងមកដល់ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុក៕