រដ្ឋមន្ត្រីបង្វែរសំណុំរឿងបណ្តេញមន្រ្តីសុខាភិបាលម្នាក់ ទៅអភិបាលខេត្តប៉ៃលិន អនុវត្ត​តាមនីតិវិធីច្បាប់ជាធរមាន

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ព្រុំ សុខា បានសម្រេច​បង្វែរសំណុំរឿងរបស់​លោក ខឹម មុនីកុសល ដែលជាមន្ត្រី​សុខាភិបាល ទៅរដ្ឋបាលខេត្តប៉ៃលិន ដើម្បីចាត់ការអនុវត្ត​តាមនីតិវិធីច្បាប់ជាធរមាន។​ បន្ទាប់ពីលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន សម្រេចបណ្តេញ​ពីក្របខណ្ឌ​​មន្ត្រី​សុខាភិបាលជាន់ខ្ពស់ខេត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងលិខិត លោក ព្រុំ សុខា ជម្រាបជូន​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ក្រសួងមុខងារសាធារណៈ បានទទួលពាក្យបណ្តឹង​តវ៉ារបស់លោក ខឹម មុនីកុសល អាយុ ៤៨ឆ្នាំ ជាមន្ត្រីសុខាភិបាល នៅការិយាល័យ​បង្ការ និង​គ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាល ខេត្តប៉ៃលិន ដែលបានដាក់ពាក្យប្តឹងជំទាស់ នឹងដីកាលេខ ០១៨/២១ ដក.តត របស់រដ្ឋបាលខេត្តប៉ៃលិន ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្តីពី ការអនុវត្តទណ្ឌកម្ម​ខាងវិន័យ​ថ្នាក់ទី២​។ លោក ព្រុំ សុខា បានជម្រាបជូនលោកជំទាវអភិបាលខេត្តប៉ៃលិន សូម​ចាត់ចែង​អនុវត្ត និងដោះស្រាយ​ឲ្យទទួលបាន​លទ្ធផល​ល្អប្រសើរ។

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចេញដីកា​ សម្រេចបណ្តេញ​លោក ខឹម មុនីកុសល ចេញពីក្របខណ្ឌ​​មន្ត្រី​សុខាភិបាលជាន់ខ្ពស់។ មូលហេតុ​ ​ត្រូវបាន​លោកជំទាវ​អភិបាលខេត្ត លើក​ឡើងថា លោក ខឹម មុនីកុសល បាន​ប្រព្រឹត្តិកំហុស និងការឆ្គាំឆ្គង​ក្នុងវិជ្ជាជីវៈ៕