ពិតជារំភើប​ណាស់! ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដឹក​លុយ​១ឡាន​ជួនមន្ទីរពេទ្យគន្ធបុប្ផា

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
124 Shares

ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ព្រមទាំងអ្នកសិល្បៈមួយចំនួន បាននាំយកថវិកា​​១ឡាន ស្មើ​ចំនួន៨០លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យកំពុងតែជួយសង្គ្រោះព្យាបាល កុមារកម្ពុជារាប់លាននាក់ និងកំពុងតែខ្វះខាតយ៉ាងខ្លាំងក៏ដូចជាកំពុងតែព្យាយាមស្វែងរកជំនួយពីសប្បុរសជន ដើម្បីជួយឲ្យដំណើរការបន្ត។



ថវិកាដែលបានបរិច្ចាគជូនដល់មន្ទីរពេទ្យ ចំនួន ៨០លានរៀលនោះ នៅរសៀលថ្ងៃទី២៣ ខែ​ឧសភា​នេះ គឺមិនមែនបានមកពីការប្រគំតន្រ្តីនៅកូរ៉េ ទាំងអស់នោះទេ ពោល​គឺការប្រគំតន្ត្រីសប្បុរសធម៌នៅកូរ៉េ រកបានថវិកាប្រមាណជា២០លានរៀល ហើយនឹងថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន ៦០លានរៀលទៀត សរុបគឺ៨០លានរៀល។

លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានថ្លែងបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីលោកមើលឃើញពីភាពខ្វះខាត ក៏ដូចជាចង់ចូលរួមជាមួយមូលនិធិគន្ធបុប្ផានោះ ជារឿយៗ លោកតែងតែចូលរួម ក្នុងជាសកម្មភាពមនុស្សធម៌ ផ្ដល់ជាថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ លោកបន្តថា នេះមិនមែនជាលើកទី១ទេ ដែលលោកបានផ្ដល់ជាជំនួយ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ពោលគឺ៣លើករួចមកហើយ ដោយលើកទី១ចំនួន៥០លានរៀល, លើកទី២៨០លានរៀល និងលោកទី៣ចំនួន៨០លានរៀលដូចគ្នា។ ជាមួយគ្នានេះ នៅមានសកម្មភាព មនុស្សធម៌ផ្សេងៗជាច្រើនទៀត ដែលលោក ឧកញ៉ាឡេង ណាវ៉ាត់ត្រា កំពុងតែត្រៀមធ្វើ ដើម្បីជាគោលដៅ ស្វែងរកមូលនិធិបន្តទៀត។

ជាមួយគ្នានេះផងដែរលោក ឧកញ៉ាឡេង ណាវ៉ាត់ត្រា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកមានធនធាន សូមចូលរួមចែករំលែកនូវធនធាន ដែលចំណេញពីមុខជំនួញ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងតែខ្វះខាតខ្លាំង។ ក្នុងនោះសិល្បករ សិល្បការនី ក៏មានគោលដៅសំខាន់ដូចគ្នាដែរ ខណៈលោកក៏បានដឹកនាំធ្វើសកម្មភាពបន្តបន្ទាប់ ដើម្បីស្វែងរកមូលនិធិ ជួយដល់មន្ទីរពេទ្យនេះ។

សូមបញ្ជាក់ថា នៅក្នុងពិធីប្រគល់ ថវិកាជូនមន្ទីរពេទ្យ គន្ធបុប្ផានោះ គេសង្កេតឃើញវត្តមាន លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងភរិយា លោកហេង ឡុង និងតារាចម្រៀង ខេម ដែលតំណាងឲ្យអ្នកសិល្បៈមួយចំនួន ដែលបានទៅសម្ដែងច្រៀងរាំ នៅលើទឹកដីប្រទេសកូរ៉េ កាលពីដើមខែឧសភាកន្លងទៅ ដើម្បីជួបជុំបងប្អូនពលករខ្មែររស់នៅប្រទេសកូរ៉េ និងស្វែងរកមូលនិធិ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕










124 Shares
Loading...